អន្តរជាតិ
​សិស្ស​ជប៉ុន​សម្រុក​មក​រៀន​អង់គ្លេស​នៅ​ហ្វីលីពីន ខណៈ​រដ្ឋាភិបាល​កែទម្រង់​តេស្ត​ភាសា និង​ត្រៀម​រៀបចំ​កីឡា​អូឡាំពិក​
16, Apr 2018 , 8:59 pm        
រូបភាព
រូបភាព Asia Times
រូបភាព Asia Times
ដោយ: ថ្មីៗ
​សិស្ស​ជប៉ុន​កាន់តែច្រើន​ចាប់ផ្តើម​ធ្វើដំណើរ​មក​សិក្សា​ភាសា​អង់គ្លេស​នៅ​ហ្វីលីពីន​ដោយសារតែ​ការចំណាយ​ទាប និង ស្ថិតនៅ​ជិត​ផង​។ សិស្ស​ជប៉ុន​រៀន​អង់គ្លេស​កាន់តែច្រើន​ដោយសារ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​សិស្ស​បង្កើន​សមត្ថភាព​និយាយ​អង់គ្លេស ស្រប​ពេលដែល​ជប៉ុន​ត្រៀម​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ ២០២០​ខាងមុខ​។​

 
​ប​ច្ច​បុ្ប​ន្ន​នេះ ហ្វីលីពីន​ក្លាយជា​គោលដៅ​ដ៏​ពេញនិយម​មួយ​សម្រាប់​ជនជាតិ​ជប៉ុន​ដែល​ចង់​បង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស​របស់ខ្លួន ដោយសារ​អង់គ្លេស​ជា​ភាសាផ្លូវការ ហើយ​រៀន​នៅ​ហ្វីលីពីន​ត្រូវ​ចំណាយ​តិច​ប៉ុណ្ណោះ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ ចំនួន​ជនជាតិ​ជប៉ុន​មក​ទស្សនកិច្ច​នៅ​ហ្វីលីពីន​កើនឡើង ៩,១​ភាគរយ​នៅ​ឆ្នាំ ២០១៧ ហើយ​ភាគច្រើន​នៃ​ពួកគេ​ជា​សិស្ស និង​ជា​បុគ្គលិក​បម្រើ​ការងារ​ឧស្សាហកម្ម​ដែល​ត្រូវការ​ភាសា​អង់គ្លេស​ជា​ចាំបាច់​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ខាងលើ​ស្រង់​សម្តី​មន្ត្រី​ហ្វីលីពីន​ម្នាក់​ដែល​បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​ទេសចរណ៍​ដូច្នេះ​៖« ចំនូ​ន​អ្នកទេសចរ​ជប៉ុន​ដែល​ចង់​សិក្សា​ភាសា​អង់គ្លេស​នៅ​ហ្វីលីពីន​កើនឡើង​ខ្លាំង​ជាពិសេស​ចំនួន​សិស្ស​វិទ្យាល័យ​»​។​
 
​សិស្ស​ជប៉ុន​ជ្រើស​រើសយក​ហ្វីលីពីន​ដើម្បី​រៀន​ភាសា​អង់គ្លេស​ដោយសារតែ​អង់គ្លេស​ជា​ភាសាផ្លូវការ​របស់​ប្រទេស​នេះ ហើយ​ណាមួយ​ទីតាំង​ភូមិសាស្ត្រ​ក៏​ស្ថិតនៅ​មិនសូវ​ឆ្ងាយ​ពី​ជប៉ុន​ទៀត​។ ម្យ៉ាង​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ផ្សេង​ដូចជា​ម៉ាឡេស៊ី និង​សិង្ហ​បុរី រៀន​នៅ​ហ្វីលីពីន​ត្រូវចំ​ណាយ​តិច ហើយ​កា​រស់នៅ​ការចំណាយ​អស់​តិចតួច​ទៀតផង​។ 
 
​គេ​សង្កេតឃើញថា សាលា​ជប៉ុន​ដូចជា Ritsumeikan Uji និង​សាលាដ​ទៃទៀត​ចាប់ផ្តើម​បញ្ជូន​សិស្ស​របស់ខ្លួន​ទៅកាន់​សាលា​ហ្វីលីពីន​ក្នុងអំឡុង​វិ​ពេល​វិសមកាល​។ 
 
​តាមពិតទៅ​កំណើន​សិស្ស​ជប៉ុន​នាំគ្នា​រៀន​ភាសា​អង់គ្លេស​នេះ កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ចាប់ផ្តើម​កែទម្រង់​ការធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​ភាសា​អង់គ្លេស​សម្រាប់​ត្រៀម​ចូល​សាកលវិទ្យាល័យ​ចាប់ពី​ខែមេសា​ឆ្នាំ ២០២១​។  ជប៉ុន​នឹង​ពង្រឹង​លើ​ការនិយាយ សរសេរ បន្ថែម​លើ​ជំនាញ​នៃ​ការអាន និង​ការ​ស្តាប់​ភាសា​អង់គ្លេស​។​
 
​ក្រៅពី​ការកែទម្រង់​តេស្ត​ភាសា​អង់គ្លេស ប្រជាជន​ជប៉ុន​ដែល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ត្រូវការ​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​របស់ខ្លួន​ដើម្បី​ត្រៀមខ្លួន​ស្វាគមន៍​កីឡា​អូឡាំពិក​នៅក្នុង​ឆ្នាំ ២០២០ ដែល​ជប៉ុន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​៕

Tag:
 ជប៉ុន​
  ហ្វីលីពីន​
  ភាសា​អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com