អន្តរជាតិ
« Fake News » កំពុង​រំខាន​ការដឹកនាំ​របស់​មេដឹកនាំ​អាស៊ាន​មួយចំនួន ?
16, Apr 2018 , 5:59 pm        
រូបភាព
ដោយ:
« Fake News  ឬ ព័ត៌មាន​មិន​ពិត » ជា​ពាក្យ​ពេញនិយម​មួយ​សម្រាប់​បរិការណ៍​ន​យោ​បាយ​របស់​ប្រទេស​តំបន់​អាស៊ាន ។ ពេញនិយម​នោះ​គឺ រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ាន​មួយចំនួន ដែល​រួមមាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផង កំពុងតែ​រិះរក​មធ្យោបាយ​ដើម្បី​ទប់ស្កាត់ និង​កម្ចាត់​ចលនា​នៃ​ការបង្កើត​ព័ត៌មាន​មិន​ពិត ដែល​រដ្ឋាភិបាល​អាស៊ាន​ទាំងនេះ យល់ឃើញថា កំពុងតែ​បំពុលសង្គម​តែម្តង ។


​ថ្មីៗ​នេះ សភាជាតិ​នីតិកាល​ទី​១៣​របស់​ម៉ាឡេស៊ី បាន​បំពេញការងារ​ចុងក្រោយ​មួយ​របស់ខ្លួន ដោយបាន​អនុម័ត​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត តាម​សំណើ​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ។ ច្បាប់​នេះ ត្រូវបាន​អនុម័ត​ឡើង​ទាំង​ចម្រូងចម្រាស់​ពោលគឺ​ក្រោម​ការរិះគន់​ខ្លាំង​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​រួមទាំង​មហាអំណាច​អាមេរិក​ផង ។ 
 
​តាម​បទបញ្ញត្តិ នៃ​ច្បាប់​នេះ រាល់​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​ប្រឌិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ ជាពិសេស​លើ​បណ្តាញ​សង្គម​តែម្តង នឹងត្រូវ​ប្រឈម​ទាំង​ទោស​ផាកពិន័យ និង​ទោស​ពន្ធនាគារ​រហូតដល់​៦​ឆ្នាំ​ឯណោះ ។ សម្រាប់​រដ្ឋាភិបាល​រប​ស់លោក ណា​ជីប ក៏បាន​បកស្រាយ​រួចហើយ​ផងដែរ​ថា ចំណាត់​នេះ មិនមែន​ជាការ​រឹតត្បិត​ឡើយ តែ​ដើម្បី​ធានា​ពី​របៀបរបប​សង្គម​ប៉ុណ្ណោះ ។ 
 
​យ៉ាងណាក៏ដោយ ទាំង​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ម៉ាឡេស៊ី បានលើកឡើង​ស្រដៀង​គ្នា​ថា ច្បាប់​នេះ​មាន​គោលដៅ​យ៉ាងពិត​ប្រាកដ​ដើម្បី​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ជាពិសេស​នោះ អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល ដែល​កំពុងតែ​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច ដែលមាន​លោក ណា​ជីប ជា​ប្រមុខ ។ 
 
​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ម៉ាឡេស៊ី បាន​មើលឃើញថា ច្បាប់​នេះ គឺជា​រនាំង​មួយ ដែល​អាចជួយ​ទប់​លំហូរ នៃ​ការចែករំលែក​ព័ត៌មាន​មិនល្អ​ពាក់ព័ន្ធ​រដ្ឋាភិបាល​លោក​ណា​ជីប ជាពិសេស​នោះ គឺ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខណៈពេលដែល​ការបោះឆ្នោត ក៏​កាន់តែ​ខិតជិត​មកដល់ ។ មានន័យថា ច្បាប់​នេះ អាចជួយ​ស្កាត់​ការផ្សព្វផ្សាយ​រឿងអាស្រូវ​ដែល​ធ្លាប់ធ្វើ​ឲ្យ​មាន​ចលនា​ទាមទារ​ឲ្យ​លោក​ណា​ជីប​នៅ​ឆ្នាំ​២០១៥​ម្តង​ហើយ​នោះ​ទៅកាន់​ប្រជា​ពល ដែល​កំពុង​ត្រៀម​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី​នោះ ។ 
 
​អ្វីដែល​គួរកត់សម្គាល់​នោះ រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​តែងតែ​ហៅ​ក្រុម​សារព័ត៌មាន​ប្រឆាំងនឹង​លោក ថា ជា​ក្រុម​ព័ត៌មាន​មិន​ពិត​នោះ ក៏បាន​ចេញមុខ​ជំទាស់​នឹង​រដ្ឋាភិបាល​ផងដែរ ។ តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន អាមេរិក បាន​សម្តែង​ការព្រួយបារម្ភ ពី​ការប៉ះពាល់​ដល់​សិទ្ធិ​សេរី​នៃ​ការបញ្ចេញមតិ ហើយក៏​បាន​ទទូច​ឲ្យ​ម៉ាឡេស៊ី មានការ​ពិគ្រោះ​យោបល់ និង​ដេញដោល​ជាមួយនឹង​មតិសាធារណៈ​ជាមុនសិន ។ 
 
​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ម៉ាឡេស៊ី មិន​ឯកា​ឡើយ ។ នោះ ក៏​ព្រោះតែ​ប្រទេស​នៅ​បណ្តា​តំបន់​អាស៊ាន​ដូចជា សិង្ហ​បុរី និង​ហ្វីលីពីន ក៏​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់​នៃ​ការរៀបចំ​ធ្វើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មិន​ពិត​ផងដែរ ។ ប្រទេស​ទាំងពីរ ក៏មាន​ហេតុផល​ស្រដៀង​គ្នា​ដែរ ពោលគឺ​រៀបចំ​ច្បាប់​ដើម្បី​ទប់ស្កាត់​ការ​ផ្តល់ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ។ 
 
​បើ​និយាយ​ពី​បងធំ​អាស៊ាន​ឥណ្ឌូណេស៊ី​វិញ ថ្មីៗ​នេះ ក៏​ទើបតែ​បាន​ព្រមាន​បិទ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀតផង​ប្រសិន​ក្រុមហ៊ុន​នេះ​មិនអាច​ធានា​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ខ្លួន​ដើម្បី​ប្រឆាំង​ចលនា​ព័ត៌មាន​មិន​ពិត​នោះ ។ ចំណាត់ការ​នេះ ក៏​ធ្វើឡើង ស្រប​ពេលដែល​ឥណ្ឌូណេស៊ី ក៏​កំពុងតែ​ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ផងដែរ ៕ 

Tag:
 Fake News
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com