« Fake News ឬ ព័ត៌មានមិនពិត » ជាពាក្យពេញនិយមមួយសម្រាប់បរិការណ៍នយោបាយរបស់ប្រទេសតំបន់អាស៊ាន ។ ពេញនិយមនោះគឺ រដ្ឋាភិបាលរបស់ប្រទេសអាស៊ានមួយចំនួន ដែលរួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីផង កំពុងតែរិះរកមធ្យោបាយដើម្បីទប់ស្កាត់ និងកម្ចាត់ចលនានៃការបង្កើតព័ត៌មានមិនពិត ដែលរដ្ឋាភិបាលអាស៊ានទាំងនេះ យល់ឃើញថា កំពុងតែបំពុលសង្គមតែម្តង ។
ថ្មីៗនេះ សភាជាតិនីតិកាលទី១៣របស់ម៉ាឡេស៊ី បានបំពេញការងារចុងក្រោយមួយរបស់ខ្លួន ដោយបានអនុម័តច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត តាមសំណើរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ។ ច្បាប់នេះ ត្រូវបានអនុម័តឡើងទាំងចម្រូងចម្រាស់ពោលគឺក្រោមការរិះគន់ខ្លាំងពីបណ្តាអង្គការសង្គមស៊ីវិល និងរួមទាំងមហាអំណាចអាមេរិកផង ។
តាមបទបញ្ញត្តិ នៃច្បាប់នេះ រាល់បុគ្គល ដែលជាប់ពាក់ព័ន្ធប្រឌិត និងផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ជាពិសេសលើបណ្តាញសង្គមតែម្តង នឹងត្រូវប្រឈមទាំងទោសផាកពិន័យ និងទោសពន្ធនាគាររហូតដល់៦ឆ្នាំឯណោះ ។ សម្រាប់រដ្ឋាភិបាលរបស់លោក ណាជីប ក៏បានបកស្រាយរួចហើយផងដែរថា ចំណាត់នេះ មិនមែនជាការរឹតត្បិតឡើយ តែដើម្បីធានាពីរបៀបរបបសង្គមប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ទាំងបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលម៉ាឡេស៊ី បានលើកឡើងស្រដៀងគ្នាថា ច្បាប់នេះមានគោលដៅយ៉ាងពិតប្រាកដដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ អ្នកដែលប្រឆាំងរដ្ឋាភិបាល ដែលកំពុងតែដឹកនាំដោយបក្សកាន់អំណាច ដែលមានលោក ណាជីប ជាប្រមុខ ។
សម្រាប់ក្រុមសង្គមស៊ីវិលម៉ាឡេស៊ី បានមើលឃើញថា ច្បាប់នេះ គឺជារនាំងមួយ ដែលអាចជួយទប់លំហូរ នៃការចែករំលែកព័ត៌មានមិនល្អពាក់ព័ន្ធរដ្ឋាភិបាលលោកណាជីប ជាពិសេសនោះ គឺរឿងអាស្រូវពុករលួយរបស់លោក ខណៈពេលដែលការបោះឆ្នោត ក៏កាន់តែខិតជិតមកដល់ ។ មានន័យថា ច្បាប់នេះ អាចជួយស្កាត់ការផ្សព្វផ្សាយរឿងអាស្រូវដែលធ្លាប់ធ្វើឲ្យមានចលនាទាមទារឲ្យលោកណាជីបនៅឆ្នាំ២០១៥ម្តងហើយនោះទៅកាន់ប្រជាពល ដែលកំពុងត្រៀមចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំសម្រាប់អាណត្តិថ្មីនោះ ។
អ្វីដែលគួរកត់សម្គាល់នោះ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលតែងតែហៅក្រុមសារព័ត៌មានប្រឆាំងនឹងលោក ថា ជាក្រុមព័ត៌មានមិនពិតនោះ ក៏បានចេញមុខជំទាស់នឹងរដ្ឋាភិបាលផងដែរ ។ តាមរយៈក្រសួងការបរទេសរបស់ខ្លួន អាមេរិក បានសម្តែងការព្រួយបារម្ភ ពីការប៉ះពាល់ដល់សិទ្ធិសេរីនៃការបញ្ចេញមតិ ហើយក៏បានទទូចឲ្យម៉ាឡេស៊ី មានការពិគ្រោះយោបល់ និងដេញដោលជាមួយនឹងមតិសាធារណៈជាមុនសិន ។
យ៉ាងណាក៏ដោយ ចំណាត់ការរបស់រដ្ឋាភិបាលម៉ាឡេស៊ី មិនឯកាឡើយ ។ នោះ ក៏ព្រោះតែប្រទេសនៅបណ្តាតំបន់អាស៊ានដូចជា សិង្ហបុរី និងហ្វីលីពីន ក៏កំពុងតែស្ថិតនៅក្នុងដំណាក់នៃការរៀបចំធ្វើច្បាប់ពាក់ព័ន្ធនឹងព័ត៌មានមិនពិតផងដែរ ។ ប្រទេសទាំងពីរ ក៏មានហេតុផលស្រដៀងគ្នាដែរ ពោលគឺរៀបចំច្បាប់ដើម្បីទប់ស្កាត់ការផ្តល់ព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់សង្គម ។
បើនិយាយពីបងធំអាស៊ានឥណ្ឌូណេស៊ីវិញ ថ្មីៗនេះ ក៏ទើបតែបានព្រមានបិទបណ្តាញសង្គមហ្វេសប៊ុកទៀតផងប្រសិនក្រុមហ៊ុននេះមិនអាចធានាពីកិច្ចសហប្រតិបត្តិការជាមួយនឹងខ្លួនដើម្បីប្រឆាំងចលនាព័ត៌មានមិនពិតនោះ ។ ចំណាត់ការនេះ ក៏ធ្វើឡើង ស្របពេលដែលឥណ្ឌូណេស៊ី ក៏កំពុងតែត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយផងដែរ ៕