ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក ជា​លំ​ហាត់​ដៃជើង​ឲ្យ​មាំមួន និង​សុខ​ភាពល្អ​
14, Apr 2018 , 6:00 am        
រូបភាព
​ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​របស់​កុមារ នៅ​ទីជនបទ នៃ​ប្រទេស​កម្ពុជា​។ ល្បែង​នេះ ក៏​ជា​ប្រភេទ​កីឡា​មួយ​របស់​ខ្មែរ នា​សម័យបុរាណ សម្រាប់​ហាត់​ដៃ ជើង​ឲ្យ​មាន​កម្លាំង​មាំមួន មាន​សាច់ដុំ និង​សុខ​ភាពល្អ​។ ប៉ុន្តែ​បច្ចុប្បន្ន ល្បែង​ប្រជាប្រិយ​មួយ​នេះ ស្ទើរតែ​លែងឃើញ​ក្មេងៗ​លេង​កម្សាន្ត​ទៅហើយ​។ តើ​ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក  គេ​លេង​កម្សាន្ត​នៅពេលណា និង​មាន​របៀប​លេង​យ៉ាងដូចម្តេច​?

 
​ល្បែង​ឱប​ត្រឡាច ឬ​ល្បែង​បេះ​ឪឡឹក ជា​ល្បែង​មួយ​របស់​ក្មេងប្រុស​-​ស្រី ដែល​តែង​ស្រុះស្រួល បបួល​គ្នីគ្នា​លេង​នាពេល​យប់​ខែភ្លឺ និង​មិនចាំបាច់​មានកម្ម​វិធី​បុណ្យទាន​អ្វី ក៏​អាច​លេង​បានដែរ​។ 
 
​ល្បែង​នេះ គឺ​គេ​ត្រូវ​ចាត់​មនុស្ស​ពីរ​នាក់ ម្នាក់​ឲ្យ​ធ្វើជា​តំណាង​ម្ចាស់​ត្រឡាច ឬ​ឪឡឹក ឯ​ម្នាក់ទៀត​ឲ្យ​ធ្វើជា​តំណាង​អ្នកទិញ​។ ចំណែកឯ​អ្នកចូលរួម​លេង​ទាំង​ប៉ុន្មាន គឺ​តម្រូវ​ឲ្យ​ធ្វើជា​ត្រឡាច ឬ​ជា​ឪឡឹក​ទាំងអស់ ដោយ​ប្តូរ​វេន​គ្នា ធ្វើជា​អ្នកលក់ អ្នកទិញ និង​ជា​ត្រឡាច​ម្នាក់​ម្តង​។ អ្នកលេង​ទាំងនោះ ត្រូវ​សំដៅ​ទៅរក​គល់ឈើ សសរផ្ទះ ឬ​វត្ថុ​អ្វីមួយ​រឹងមាំ មាន​ទំហំ​ល្មម​អាច​ឱប​បាន​។

កាលបើ​រក​កន្លែង​បានល្អ​ហើយ ក្មេង​ម្នាក់ ក្នុងចំណោម​ក្មេង​តំណាង​ឲ្យ​ត្រឡាច ឬ​ឪឡឹក​នោះ ត្រូវ​អង្គុយ​ឱប​គល់ឈើ ឬ​សសរ​នោះ ទាំង​ដៃ និង​ជើង ឯ​ក្មេង​ម្នាក់ទៀត​ជា​ក្មេង​ជាទី​២ គឺ​ត្រូវ​អង្គុយ​ចុះ​យកដៃ​ឱប​ចង្កេះ ព្រមទាំង​យក​ជើង​ទាំងពីរ ដាក់​លើ​ភ្លៅ​ក្មេង​ទី​១ ។ ក្មេង​ទី​៣ និង​ក្មេង​ដទៃទៀត ត្រូវ​យកដៃ និង​ជើង​ឱប​ក្មេង​ទី​២ ឲ្យ​ដូច​ក្មេង​ទី​២​ឱប​ក្មេង​ទី​១ អ៊ីចឹង​ដែរ រហូតដល់​អស់​គ្នា​។ 

​បន្ទាប់ពី​ឱប​បន្ត​គ្នា​អស់ហើយ ក្មេង​ម្នាក់​ដែលជា​តំណាង​ម្ចាស់​ត្រឡាច​នោះ ធ្វើ​ព្រងើយ ដើរ​ជុំវិញ​នៅក្បែ​ង​ក្មេងៗ​ជា​ត្រឡាច​នោះ ហើយ​ក្មេង​ម្នាក់ទៀត​ដែល​តំណាង​ជា​អ្នកទិញ​ត្រឡាច ដើរ​ចូលមក​សួរ​តថ្លៃ​អ្នកលក់ ដូចជា​ទំនិញ​ក្នុង​ផ្សារ​អ៊ីចឹង​។ 

​កាលណា​អ្នកលក់ និង​អ្នកទិញ​ត្រូវ​គ្នា​ក្នុងតម្លៃ​ណាមួយ​ហើយ អ្នកលក់ ឲ្យ​អ្នកទិញ បេះ​ត្រឡាច​តាមចិត្ត ហើយ​អ្នកទិញ​ក៏​ដើរ​ចូលមក​យកដៃ​គោះ គោះ​ខ្នង​ក្មេងៗ​ដែល​អង្គុយ​ឱប​គល់ឈើ ឬ​សសរ ជាប់​គ្នា​នោះ​តិចៗ​។ គោះ​បណ្តើរ សួរ​បណ្តើ​រថា «​ខ្ចី​» ឬ​«​ទុំ​»? អ្នកទិញ​គោះ​បន្ត​គ្នា ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ក្មេង​ដែល​ត្រូវ​អ្នកទិញ​គោះ​មុន ត្រូវ​ឆ្លើយថា​«​ខ្ចីៗ​»​រហូត ទាល់តែ​ដល់​អ្នក​ចុងក្រោយ​បំផុត ទើប​ឆ្លើយថា «​ទុំ​» ។​

​បន្ទាប់ពី​ឮ​ពាក្យ​នេះហើយ អ្នកទិញ ក៏​បេះយក​អ្នក​ចុង​គេ​បំផុត​នោះ ដោយ​ប្រើ​កម្លាំង​ខ្លាំង ដើម្បី​ទាញ ព្រោះ​អ្នក​អង្គុយ​ទាំងនោះ ព្យាយាម​រឹប​ឱប​គា្ន​ជាប់​ចំកោង​ខ្នង​រៀងៗ​ខ្លួន រេ​ចុះ រេ​ឡើង ប្រៀបដូចជា​ទងត្រឡាច​។ អ្នកទិញ​ត្រូវ​ប្រលេះ​ម្តង​មួយៗ ប្រលេះ​បាន​ហើយ​ត្រូវ​ទុក​មួយ​ដុំ​។ បើសិនជា​ប្រលេះ​មិន​បានទេ ពួកគេ​ត្រូវ​លេង​សារជាថ្មី​៕

ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)
 
 ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ល្បែងប្រជាប្រិយ
© រក្សាសិទ្ធិដោយ thmeythmey.com