ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ សង្គម​ស៊ីវិល អ្នកវិភាគ សង្ឃឹមថា នឹងមាន​ដំណោះស្រាយ​នយោបាយ​ក្រោយ​ចូលឆ្នាំ​
17, Apr 2018 , 10:39 am        
រូបភាព
​ភ្នំពេញ​៖​ក្រោយពី​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ បញ្ហានយោបាយ​បាន​ផ្ទុះឡើង​ដោយ​ឥត​ស្រាកស្រាន្ត រហូតដល់ មានការ​ឃុំខ្លួន​មេបក្សនយោបាយ ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​សកម្មភាព​មន្ត្រី​នយោបាយ​១០៨​នាក់​។ បញ្ហា​ទាំងនេះ បាន​បង្កក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​។ ពួកគេ​ស្នើ​ឲ្យ​អ្នកនយោបាយ ពិចារណា​រក​ច្រក​ចេញពី​ផ្លូវ​ជម្លោះ​នយោបាយ ដើម្បី​ងាក​មក​ដំណោះស្រាយ​បញ្ហា​ជាតិ ល្អ​ជាង​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​


 
​ប្រជាពលរដ្ឋ​ដែល​បាន​តាមដាន​បញ្ហានយោបាយ ចាត់ទុកថា ការឃាត់ខ្លួន​អ្នកនយោបាយ និ​រំលាយ​គណបក្សប្រឆាំង កើតឡើង​ដោយសារតែ​ចរិត​អ្នកនយោបាយ​មិនទាន់មាន​ភាពចាស់ទុំ​។ ពួកគេ​មិន​ចង់ឃើញ​អ្នកនយោបាយ​ប្រជែង​គ្នា​កាន់អំណាច​ក្រោមរូបភាព​អាក្រក់ ដែល​ផ្ដល់​គំរូ​មិនល្អ​ដល់​ក្មេងជំនាន់ក្រោយ​នោះដែរ​។ លោក វិបុល ជា​ពលរដ្ឋ​ដែល​តាមដាន​រឿង​នយោបាយ​នោះ ស្នើ​ឲ្យ​អ្នកនយោបាយ​រក​ដំណោះស្រាយ​នយោបាយ តាមរយៈ​ការចរចា និង​វប្បធម៌​សន្ទនា​វិញ ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ​។​
 
«​ខ្ញុំ​ចង់ឃើញ​អ្នកនយោបាយ​មានគំនិត​ចាស់ទុំ​ជាង​មុន ព្រោះ​ពួកគាត់​កាន់តែ​ចាស់ៗ​អស់ហើយ ដូច្នេះ​ពួកគាត់​គួរតែ​ចេះ​អធ្យាស្រ័យ​គ្នា យោគយល់​គ្នា​ឲ្យ​បាន​ច្រើន​។ ហើយ​ត្រូវ​រួមគ្នា​មក​ដោះស្រាយ​បញ្ហា​ជាតិ ឲ្យ​បាន​ច្រើនជាង​ការឈ្លោះគ្នា​នោះ ទើប​ជាការ​ប្រសើរ​។ នេះ​ជាការ​លើកឡើង​របស់លោក វិបុល​។​
 
​សម្រាប់​លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ហៅ​កាត់​ថា ANSA បាន​និយាយថា ភាព​ស្រុះស្រួល​នយោបាយ នឹង​នាំ​ផល​ប្រ​យោ​ជ​ន៏​ជាច្រើន ដល់​សេដ្ឋកិច្ចសង្គម ដែល​អ្នកនយោបាយ​ត្រូវ​ពិចារណា​ឡើងវិញ​។ ដូច្នេះ​លោក សន ជ័យ ជឿជាក់ថា ច្រកចេញ​នយោបាយ​នឹង​អាច​កើតមាន នៅមុន​ពេល​ការបោះឆ្នោត​មកដល់​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅពេល​អ្នកនយោបាយ​គិតពី​ប្រយោជន៍​រួម ប្រយោជន៍​សាធារណៈ​ជា​គោល ខ្ញុំ​គិតថា​ការសម្របសម្រួល​នយោបាយ​នឹង​កើតឡើង​។ ប៉ុន្តែ​បើ​អ្នកនយោបាយ​នៅតែ​គិតពី​ផលប្រយោជន៍​បុគ្គល​ច្រើនជាង ខ្ញុំ​គិតថា​វា​មិនអាច​ទៅរួច​។ ដូច្នេះ​មានតែ​ការតម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​អាច​រក​ច្រកចេញ ឈានទៅ​ស្រុះស្រួល​នយោបាយ ដាក់​លើ​តុ​ចរចា នឹង​អាច​ឈានទៅរក​ការប្រកួតប្រជែង​ផ្នែក​នយោបាយ​បាន​»​។​
 
​អតីត​មេបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បង្ហើប​ពី​បំណង​ចង់​ចរចា​ជាមួយ​សម្ដេច ហ៊ុន សែន​។ លោក សម រង្ស៊ី  យល់ថា ដើម្បី​បន្ត​វប្បធម៌​សន្ទនា ឬក៏​ដើម្បី​ឲ្យ​ការចរចា​កើតឡើង​បាន លុះត្រាតែ​សម្តេច ហ៊ុន សែន ទុក​រឿង​បុគ្គល​មួយអន្លើ​សិន​។ សម្រាប់​លោក រឿង​ជាតិ គឺ​សំខាន់​ជាង​រឿង​បុគ្គល​។ ប៉ុន្តែ​គោលបំណង​ចរចា​នេះ ត្រូវបាន​រាំ​ខ្ទប់ ដោយសារ​សារ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានប្រកាសថា មិន​បើកផ្លូវ​ចរចា​នយោបាយ​ជាមួយ​អតីត​គណបក្សប្រឆាំង​ឡើយ​។​
 
​បន្ថែម​ពីនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មិនទាន់មាន​សញ្ញា​វិជ្ជមាន​ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ឱកាស​ចរចា ឬ​អាច​ឲ្យ​បក្ស​មួយ​នេះ​រស់​ឡើងវិញ​។ «​បក្ស​ប្រជាជន​មិន​ដែលមាន​នយោបាយ​អរិ​យ​ភាព​ជាមួយ​គណបក្ស​ដទៃ​ទេ លើ​មូលដ្ឋាន​ដែល​គណបក្ស​ទាំងឡាយ មាន​អាទិភាព​នៅក្នុង​សង្គម​ក​ម្ពុ​ជា​នេះ គោរព​គោលការណ៍​ត្រឹមត្រូវ​តាមច្បាប់​។ ហើយ​បើ​ចង់​ឲ្យ​យើង​ទៅ​ចរចា ឲ្យ​ទៅ​សហការ​ជាមួយ​អ្នក​ក្បត់ជាតិ យើង​ទៅ​មិន​រួច​ទេ ព្រោះ​អតីត​បក្សប្រឆាំង​ក្បត់ជាតិ ហើយ​ចង់​រស់​ឡើងវិញ​វា​គឺ​ទៅ​មិន​រួច​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន​។​
 
​តែ​យ៉ាងណា​អ្នកវិភាគ​នយោបាយ​មើលឃើញថា ដំណោះស្រាយ​នយោបាយ នឹង​កើតចេញ​ជា​រូបរាង​តាមរយៈ​ការ​សម្បទាន​នយោបាយ និង​វប្បធម៌​សន្ទនា​។ ហើយ​ការសម្របសម្រួល​ដំណោះស្រាយ​ពី​បរទេស ក៏​ជា​ផ្នែក​មួយ ជួយ​ដល់​នយោបាយ​កម្ពុជា​ផងដែរ​។ សម្រាប់​លោក ហង្ស វិទូ អ្នកវិភាគ​នយោបាយ មើលឃើញថា ប្រទេស​ជប៉ុន គឺជា​តួអង្គ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដែល​ឆ្លាត​វៃ ហើយ​គេ​ធ្វើការ​ទូត​ដោយ​សន្តិវិធី ក្នុងការ​ព្យាយាម​លើកទឹកចិត្ត​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។​ហើយ​ខ្ញុំ​យល់ថា​ជប៉ុន មាន​សុទិដ្ឋិនិយម មុន​ថ្ងៃ​បោះឆ្នោត កម្ពុជា​នឹងមាន​ច្រកចេញ​មួយ ដើម្បី​ឈានទៅរក​ការបោះឆ្នោត ដោយមាន​បក្សប្រឆាំង​ចូលរួម​។ ហើយ​ខ្ញុំ​យល់ថា ជប៉ុន​មុននឹង​ស្នើ​ដល់​កម្ពុជា ជប៉ុន​ដឹងខ្លួន​ថា មាន​ឥទ្ធិពល​ប៉ុណ្ណា​ចំពោះ​កម្ពុជា ជប៉ុន​ដឹង​ជាមុន​ស្រេច​។ ទី​២ កម្ពុជា​ខ្លួនឯង​ក៏​ដឹងថា ជប៉ុន​មាន​តួនាទី​សំខាន់​ប៉ុណ្ណា​សម្រាប់​កម្ពុជា ទាំង​ផ្នែក​នយោបាយ ផ្នែក​សេដ្ឋកិច្ច និង​ជំនួយ​ក្តី​… ដូច្នេះ​ចង់​មិន​ចង់​ក៏​ជប៉ុន នៅតែមាន​ឥទ្ធិពល​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​»៕

Tag:
 សុខ ឥសាន​
 សន ជ័យ​
  ហង្ស វិទូ​
  នយោបាយ​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com