សង្គមអន្តរជាតិ​
ឥណ្ឌា​៖​ដើម្បី​ការពារ​ប្រាសាទ អ្នកទេសចរ​ម្នាក់​អាច​ទស្សនា​ប្រាសាទ Taj Mahal ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ​
17, Apr 2018 , 12:00 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ដាក់​កំណត់ពេល​វេលា​ឲ្យ​រាល់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចង់​ចូល​ទស្សនា​ប្រាសាទ Taj Mahal ដើម្បី​ធ្វើយ៉ាងណា​ការពារ​សុវត្ថិភាព​ប្រាសាទ​។ ភ្ញៀវទេសចរ​ម្នាក់ៗ​អាច​ចូលទៅ​ទស្សនា​ប្រាសាទ​នេះ​បាន​ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ​។​


 
​រាល់​អ្នកទេសចរ​ទាំង​អស់​អាចមាន​ពេលវេលា​ច្រើន​បំផុត​ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ បើសិនជា​គេច​ង់​ចូលទៅ​ទស្សនា​ប្រាសាទ Taj Mahal របស់​ឥណ្ឌា​។ នេះ​ជាការ​សម្រេច​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​កាលពី​ខែមីនា​កន្លងទៅ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ស្ថាប័ន​ស្ទង់​មតិ​បុរាណវិទ្យា​ឥណ្ឌា (ASI) ការសម្រេច​កំណត់ពេល​សម្រាប់​អ្នកទស្សនា​នេះ​ដោយសារ​រដ្ឋាភិបាល​ចង់​គ្រប់គ្រង​ចំនួន​អ្នក​មក​ទស្សនា និង​ទប់ស្កាត់​ការបំពុល​ដែល​អាច​កើតមានឡើង​និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ​ផង​។​
 
​ប្រធាន​ស្ថាប័ន​នេះ​លោក​បណ្ឌិត K. K. Muhammed បាន​ថ្លែងប្រាប់​សារព័ត៌មាន​រុស្ស៊ី​ដូច្នេះ​៖« ការសម្រេច​នេះ​នឹង​រួមចំណែក​បន្ថយ​ភាព​ណែនណាន់តាន់តាប់ ពេលដែល​មាន​អ្នកទេសចរ​ចូលទៅ​ទស្សនា​ប្រាសាទ Taj Mahal ព្រោះ​ជាធម្មតា​ពួកគេ​ចូលទៅ​ពេញ​មួយថ្ងៃ​តែម្តង​។ ដូច្នេះ​វា​នឹង​អាច​គ្រប់គ្រង​បាន​បញ្ហា​នេះ​ជាពិសេស​ចំនួន​មនុស្ស​នៅក្នុង​បរិវេណ​ប្រាសាទ​។ លើសពីនេះ​ទៀត​ការកំណត់​ពេលវេលា​នេះ​នឹង​ក្លាយជា​ឱកាស​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងការ​ចូលទៅ​ទស្សនា​ប្រាសាទ​»​។​

លោក​បញ្ជាក់បន្ថែម​ផងដែរ​ថា លោក​មិន​ជឿជាក់ថា វិធានការ​នេះ​នឹងធ្វើ​ឲ្យ​អ្នកទេសចរ​ខកចិត្ត​លែង​មក​ទស្សនា​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះឡើយ​។ 
 
«​ពេល​អនុវត្ត​ដំបូង វា​អាច​ថា​មានការ​លំបាក​ច្រើន​សម្រាប់អ្នកទេសចរ ប៉ុន្តែ​ជារួម​ពួកគេ​អាច​យល់បាន​ពី​ភាពចាំបាច់​នៃ​វិធានការ​នេះ​ដើម្បី​ធានា​ពី​សុវត្ថិភាព និង​គុណភាព​នៃ​សំណង់​ស្ថាបត្យកម្ម​ប្រវត្តិសាស្ត្រ​ដែលជា​សម្បត្តិ​មនុស្សជាតិ​»​។  លោក Muhammed និយាយ​ដូច្នេះ​។​
 
​ប្រាសាទ Taj Mahal នេះ​ត្រូវបាន​គេ​ចាត់ទុកជា​សំណង់​ដែលជា​និមិត្តរូប​នៃ​សេចក្តីស្រលាញ់​។ ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ ១៦៣២ ដោយ​អធិរាជ Shah Jahan​។  អ្នកទេសចរ​រាប់ពាន់នាក់​មកពី​ទូទាំង​ពិភពលោក​មក​ទស្សនា​ទី​តាំង​ប្រវត្តិសាស្ត្រ និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​រៀងរាល់ថ្ងៃ​៕
 

Tag:
 ឥណ្ឌា​
  Taj Mahal
© រក្សាសិទ្ធិដោយ thmeythmey.com