ជាតិ
សង្គមជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ធ្វើ​កំណាយ​ស្រះ​អង្គរវត្ត​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​
17, Apr 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​ទាំង​២​អង្គរវត្ត ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​រួច​។ នេះ​ជា​គម្រោង​សិក្សា​ស្រាវជ្រាវ រក​ពី​រចនាសម្ព័ន្ធ​របស់​ស្រះ ដើម្បី​លទ្ធភាព​ជួសជុល​នាពេលខាងមុខ​។

 
​យោងតាម​ការផ្សាយ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា កំណាយ​នៅ​ផ្នែក​ខ្លះ​នៃ​ស្រះ​ខាងជើង និង​ខាងត្បូង​ប្រាសាទអង្គរវត្ត នឹង​ចាប់​ផ្តើមធ្វើ​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​។ កំណាយ​នេះ​ដើម្បី​ពិនិត្យមើល​រចនាសម្ព័ន្ធ និង​ទ្រ​ង​ទ្រាយ​របស់​ស្រះ មុន​អ្នកជំនាញ​ធ្វើការ​ជួសជុល​ឱ្យស្រប​តាម​លំនាំ​ចាស់ និង​ជៀង​វាង​ផលប៉ះពាល់​ណាមួយ​។​
 
 
​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងឱ្យដឹងថា កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ​ធ្វើឡើង​តាម​យោបល់​អ្នកជំនាញការ​អា​ដ​ហុក របស់​គណៈកម្មការ អាយ​ស៉ី​ស៉ី​-​អង្គរ ដែល​សុំឱ្យ​អ្នកជំនាញ​ធ្វើ​កំណាយ មុននឹង​ជួសជុល និង​កែលំអ​ស្រះ​ទាំងពីរ​។​
 
​កន្លងមក ភ្ញៀវទេសចរ​ជាច្រើន​បាន​ជាប់​ចិត្តនឹង​សម្រស់​ស្រះ​ខាងជើង និង​ត្បូង ដោយសារ​វា​ឆ្លុះ​កំពូល​នៃ​ប្រាសាទអង្គរវត្ត​។ ភ្ញៀវទេសចរ​ជិត​ឆ្ងាយ តែង​ផ្ដិត​រូបភាព​ពួកគេ​ជាមួយ​ទិដ្ឋភាព​ស្រះ​ទឹក ដែល​ឆ្លុះ​ចាំង​កំពូល​ប្រាសាទ​ដ៏​ស្រស់ស្អាត ពិ​េ​សស​ពេល​មានទឹក​ច្រើន​ក្នុង​រដូវវស្សា​។ លោក លី វណ្ណា ថ្លែងថា គម្រោង​នេះ​ក៏​ដើម្បី​ស្ដារ និង​ដាក់​ទឹក​ឱ្យបាន​ច្រើន និង​យូរ សម្រាប់​លើក​សោ​ភ័​ណ្ឌ​ភាព​នៅ​ទីនោះ​ផងដែរ​។ 
 
 
​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​អង្គរ គ្រោង​ធ្វើ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ និង​ប្រើពេល​ចន្លោះ​ពី​១​ខែ​កន្លះ ទៅ​២​ខែ​។ អាជ្ញាធរ​ជាតិ​អប្សរា ស្នើឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ  ព្រមទាំង​សាធារណជន​ទាំងអស់ យោគយល់ និង​ជ្រាប​ពី​ព័ត៌មាន​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com