អន្តរជាតិ
វិបត្តិស៊ីរី៖ អង់គ្លេស និងបារាំង គាំទ្រអាមេរិកប្រឆាំងរុស្ស៊ី ឯចិនប្រឆាំងជម្រើសយោធា រូបភាព AFP
× ក្រោយករណីវាយប្រហារអាវុធគីមីនៅទីក្រុង Douma របស់ស៊ីរី អាមេរិក បានគំរាមចាត់វិធានការខ្លាំងប្រឆាំងរបបស៊ីរីដើម្បីផ្ដល់មេរៀន។ អាមេរិកនឹងប្រើមីស៊ីលរបស់ខ្លួនដើម្បីកម្ទេចទីតាំងដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារគីមីនេះ ដូចធ្លាប់ធ្វើកាលពីឆ្នាំ២០១៧ ។ អង់គ្លេស និងបារាំង គាំទ្ររាល់ចំណាត់ការរបស់អាមេរិក ទោះជារុស្ស៊ីដែលចាំជួយរដ្ឋាភិបាលស៊ីរី ព្រមានទុកមុនក្ដី។ ឯចិនវិញបានអំពាវនាវឲ្យមានស្ងប់ស្ងាត់ និងប្រឆាំងជម្រើសយោធាលើស៊ីរី។
សមាជិកអចិន្ត្រៃយ៍ទាំងប្រាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែមិនអាចរកជំហររួមគ្នាបានក្នុងការដោះស្រាយការវាយប្រហារគីមីនៅទីក្រុង Douma របស់ស៊ីរី។ អាមេរិក បារាំង និងអង់គ្លេស ប្រកាន់ជំហរតែមួយលើបញ្ហានេះ មិនថាក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ ឬអន្តរាគមន៍នៅទឹកដីស៊ីរីឡើយ។ ឯរុស្ស៊ីវិញប្រឆាំងរាល់ដំណោះស្រាយលើកឡើងដោយអាមេរិកទាំងនៅក្រុងញូវយ៉ក ឬនៅស៊ីរីដែរ។
អង់គ្លេស និងបារាំង បានចេញមុខគាំទ្ររាល់គំនិតផ្ដួចផ្ដើមរបស់អាមេរិក។ នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង់គ្លេស និងបារាំង បានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អាមេរិកដែលស្នើឲ្យមានការស៊ើបអង្កេតថ្មីដើម្បីស្វែងរកប្រភពនៃការប្រើប្រាស់អាវុធគីមីនេះ។ ប៉ុន្តែប្រទេសទាំងពីរនេះក៏បានប្រឆាំងគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ីគឺស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដែលតម្រូវឲ្យមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខផង។
លើសពីនោះ អង់គ្លេស និងបារាំង ក៏គាំទ្រគំនិតរបស់អាមេរិកដែលចង់ប្រើប្រាស់យោធាដោះស្រាយបញ្ហា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមប្រើមីស៊ីលកម្ទេចមូលដ្ឋានដែលត្រូវប្រើប្រាស់ដោយទាហានស៊ីរីក្នុងការវាយប្រហារអាវុធគីមី។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា ការវាយប្រហារត្រូវកម្ទេចសមត្ថភាពប្រើអាវុធគីមីរបស់ស៊ីរី ឯនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ វិញ ចង់ធ្វើអន្តរាគមន៍យោធា ដោយមិនឆ្លងសភាដែរ។ នេះបើតាមសារព័ត៌មានអង់គ្លេស BBC ។
ខណៈអាមេរិកត្រៀមបាញ់មីស៊ីលដាក់ស៊ីរី ដោយមានគាំទ្រពីអង់គ្លេស និងបារាំងនោះ រុស្ស៊ីឯណោះហាក់ត្រៀមខ្លួនរួចស្រេចហើយ។ មន្ត្រីរុស្ស៊ីព្រមានទុកមុនហើយថា រុស្ស៊ីនឹងបាញ់ទម្លាក់រាល់មីស៊ីលរបស់អាមេរិកដែលសំដៅស៊ីរី និងកម្ទេចទាំងទីតាំងបាញ់មីស៊ីលទៅទៀត។ នៅស៊ីរី រុស្ស៊ីបានពង្រាយជាយូរហើយប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពល S-400 ។ ប្រព័ន្ធការពារនេះអាចបាញ់ស្ទាក់មីស៊ីលយ៉ាងមានប្រសិទ្ធភាព។
ស្របពេលដែលអាមេរិក បារាំង និងអង់គ្លេសសង្គ្រឺតធ្មេញដាក់រុស្ស៊ីនោះ ចិនឯដែលជាសមាជិកអចិន្ត្រៃយ៍មួយដែរនោះ ហាក់ប្រកាន់ជំហរកណ្ដាល។ ជុំវិញការវាយប្រហារអាវុធគីមីនៅស៊ីរី ចិនបានស្នើឲ្យមានស៊ើបអង្កេតម៉ត់ចត់មួយដើម្បីរកខុសត្រូវ។ ចិនគាំទ្រដំណោះស្រាយនយោបាយ ដែលជាច្រកចេញតែមួយគត់ និងប្រឆាំងដាច់ខាតការវាយប្រហារយោធាលើស៊ីរី ហើយចិននឹងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ៕
Tag:
ស៊ីរី
បារាំង
អាមេរិក
អង់គ្លេស
រុស្ស៊ី
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com