កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/២៖ Buffon រិះគន់​អាជ្ញាកណ្តាល Oliver ថា​ជា​មនុ​ស្សមាន​បេះដូង​សំរាម​
12, Apr 2018 , 11:29 am        
រូបភាព
​អ្នកចាំទី Gianluigi Buffon មានប្រតិកម្ម​យ៉ាងខ្លាំង បន្ទាប់ពី​លោក​អាជ្ញាកណ្តាល Michael Oliver ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ចុង​ម៉ោង ហើយ​ព្រមទាំង​ផ្តល់​កាត​ក្រហម​ឲ្យ​ខ្លួន​ថែមទៀត នា​ការ​ប្រ​កូត​ដែល Juventus យកឈ្នះ Real Madrid ៣-១ នៃ​ពានរង្វាន់ UEFA Champions League ជើង​ទី​២ វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​



​អ្នកចាំទី​សញ្ជាតិ​អ៊ីតាលី បាន​រិះគន់​អាជ្ញាកណ្តាល​កាត់សេចក្តី​ដែល​មកពី​លី​ក​កំពូល​អង់គ្លេស Oliver ថា​ជា​មនុ​ស្សមាន​បេះដូង​សំរាម ដែល​បានសម្លាប់​ក្តី​ស្រមៃ​របស់ Juventus ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​សេះបង្កង់​អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ ៣-០ វិញ​ទៅហើយ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Mario Mandzukic ២​គ្រាប់ និង Blaise Matuidi ១​គ្រាប់ លើ​ក្រុម​ម្ចាស់ផ្ទះ​អធិរាជ​ស​នៅ​ទឹកដី Santiago Bernabéu សម្រាប់​ការប្រកួត​ជើង​ទី​២ គិត​ត្រឹម​នាទី​៩០ ដែលជា​លទ្ធផល​ស្មើគ្នា​ជាមួយ​ការប្រកួត​ជើង​ទី​១​។​



​ប៉ុន្តែ​ដល់​នាទី​៩០+២ ទៅហើយ លោក​អាជ្ញាកណ្តាល Michael Oliver បានផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ ក្រោយ​ខ្សែការពារ Medhi Benatia បង្ក​ឲ្យ​មាន​កំហុស​លើ​កីឡាករ Lucas Vazquez ក្នុង​តំបន់​គ្រោះថ្នាក់ ខណៈ Buffon មិន​ពេញ​ចិត្តនឹង​ការពិន័យ​នេះ ហើយ​តវ៉ា​ដោយ​ទទួលបាន​កាត​ក្រហម​ថែមទៀត​។

​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ជា​អ្នក​ស៊ុត​បាល់​ពិន័យ​បញ្ចប់​ក្តី​ស្រមៃ​របស់ Juventus ត្រឹម​វគ្គ​នេះ ដើម្បី​ជួយ Real Madrid យកឈ្នះ ៤-៣ គិត​ទាំងពីរ​ជើង អាច​ឈានទៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ​បន្តទៀត​។​



​ចំណែក​ការប្រកួត​គូ​ទៀត Bayern Munich ក៏​អាច​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​ដោយ​ទទួលបាន​លទ្ធផល​ស្មើគ្នា ០-០ ជាមួយ Sevilla លើក​ទឹកដី​ខ្លួនឯង​នៅ​ជើង​ទី​២​នេះ ខណៈ​ក្រុម​ជើងឯក​អាល្លឺម៉ង់ បាន​យកឈ្នះ​ក្រុម​ពី​អេ​ស្ប៉ា​ញ ២-១ ក្នុង​ប្រកួត​ជើង​ទី​១៕


Tag:
 បាល់ទាត់​
  UEFA Champions League
  Gianluigi Buffon
  Michael Oliver
© រក្សាសិទ្ធិដោយ thmeythmey.com