អន្តរជាតិ
កង​នាវាចម្បាំង​អាមេរិក​ធ្វើដំណើរ​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស ក្រោយ ត្រាំ គំរាម​ប្រើ​កម្លាំង​ប្រឆាំង​ស៊ី​រី​
12, Apr 2018 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា ក្រុម​កង​នាវាចម្បាំង​អាមេរិក​ដឹកនាំ​ដោយ​នាវា USS Harry S. Truman នឹង​ទៅដល់​ឈូង​សមុទ្រ​ពែ​ក្ស​នៅក្នុង​ខែឧសភា​ខាងមុខ​។ ការពង្រាយ​នាវាចម្បាំង​ទៅ​មជ្ឈិមបូព៌ា​នេះ​កើតឡើង​ចំ​ពេលដែល​រដ្ឋបាល​អាមេរិក​គំរាម​ប្រើ​កម្លាំង​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​។



​ខណៈដែល​ស្ថានការណ៍​មជ្ឈិមបូព៌ា​កាន់តែ​ក្តៅ និង​តានតឹង​ខ្លាំង​ដោយសារ​អាមេរិក​និង​សម្ព័ន្ធមិត្ត​គំរាម​ប្រើ​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី គេ​ទទួលបាន​ដំណឹង​ពី​ការពង្រាយ​កង​នាវាចម្បាំង​អាមេរិក​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ផង​។​

​ពាក់ព័ន្ធ​នឹង​ការពង្រាយ​នាវាចម្បាំង​នេះ សារព័ត៌មាន​រុស្ស៊ី RT បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី​ក្រសួងការពារជាតិ​រុស្ស៊ី​ថា ក្រុម​នាវាចម្បាំង​អាមេរិក​នេះ​នឹង​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Harry S. Truman ហើយ​កង​នាវា​នេះ​នឹង​ទៅដល់​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ខែឧសភា​ខាងមុខ​។​

​តំណាង​ក្រសួងការពារជាតិ​រុស្ស៊ី​ឧ​ត្ត​ម​សេនីយ៍​ឯក  Viktor Poznikhir បាន​ថ្លែង​ដូច្នេះ​៖« យើង​បានដឹង​ច្បាស់​ថា ក្រុម​នាវាចម្បាំង​អាមេរិក​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Harry S. Truman និង​នាវា​អមដំណើរ​ច្រើន​គ្រឿង​ទៀត​នឹងធ្វើ​ដំណើរ​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស និង​ទៅដល់​ដើមខែ​ឧសភា​។ វា​ជាការ​អនុវត្ត​មួយ​យូរអង្វែង​មកហើយ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​នៅក្នុង​តំបន់​»​។​

​យ៉ាងណាក៏ដោយ ការពង្រាយ​កង​នាវាចម្បាំង រួមជាមួយ​នាវា​ដឹក​យន្តហោះ​អាមេរិក​ទៅកាន់​មជ្ឈិមបូព៌ា ចំ​ពេលដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​កំពុង​គំរាម​ប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​របប​ដឹកនាំ​លោក បា​សា អាល់ អាសាដ ផង​ក្រោយ​គេ​ចោទថា របប​ដឹកនាំ​នេះ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​។

​ក្រុង​មូ​ស្គូ​បាន​អំពាវនាវ​ឲ្យ​មានការ​រៀបចំ​ការស៊ើបអង្កេត​អន្តរជាតិ​ដែល​ឯករាជ្យ និង​មិន​លម្អៀង​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ និង​កំណត់​បាន​ថា​អ្នកណា​ជា​អ្នក​ប្រើ​អាវុធ​គីមី​។ មហាអំណាច​នេះ​ក៏បាន​បន្ត​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចៀស​វា​ឲ្យ​បាន​នូវ​ការប្រើប្រាស់​សកម្មភាព​យោធា​ឯកតោភាគី ហើយក៏​ព្រមាន​បាញ់​ទម្លាក់​រាល់​មី​ស៊ី​ល​ដែល​ហោះចូល​ទឹកដី​ស៊ី​រី​ផងដែរ​។​

​ភ្លាមៗ​នោះ  លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ដោយ​គំរាម​រុស្ស៊ី និង​ឲ្យ​រុស្ស៊ី​ត្រៀមខ្លួន​ទទួល​មី​ស៊ី​ល​អាមេរិក​ដែល​ល្អ ថ្មី និង​ឆ្លាត ដែល​ផ្លោងចូល​ស៊ី​រី​ឆាប់ៗ​នេះ​។ ទោះជា​លោក ត្រាំ អះអាងថា​អាមេរិក​នឹង​បាញ់​មី​ស៊ី​ល​ដូច្នេះ​ក្តី គេ​នៅតែ​មិនទាន់​អាច​ដឹង​ច្បាស់​ថា តើ​អាមេរិក​នឹង​ប្រើប្រាស់​ជម្រើស​យោធា​បែបណា​ពិតប្រាកដ​ឡើយ​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​ស៊ី​រី​នោះ​៕


Tag:
 អាមេរិក​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ​
  USS Harry S. Truman
© រក្សាសិទ្ធិដោយ thmeythmey.com