ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល សុំទោស​ពលរដ្ឋ​ចំពោះ​ករណី​បង្គោល​ភ្លើង​នៅ​កណ្តាលផ្លូវ​
12, Apr 2018 , 12:10 pm        
រូបភាព
ភ្នំពេញ៖ ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ ដែល​បាន​បាត់​បង់ជីវិត​ដោយសារតែ​ជិះ​បុក​បង្គោល​ភ្លើង នៅ​ចំ​កណ្តាលផ្លូវ​១០១៩ (​នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​សាកលវិទ្យាល័យ​កម្ពុជា​)​។ បន្ទាប់មក លោក ក៏បាន​សុំទោស​ប្រជាពលរដ្ឋ និង​សុំ​ការ​អធ្យាស្រ័យ ដែល​ក្រសួង ក៏ដូចជា​អាជ្ញាធរ នៅ​មិនទាន់បាន​ដក​បង្គោល​ភ្លើង​ទាំងនោះ ចេញពី​ផ្លូវ​។



​លោក ស៊ុន ចាន់ថុល ប្រាប់ថា ក្រសួង​សាធារណការ និង​អគ្គិសនី​កម្ពុជា បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់​ខែមិថុនា ឆ្នាំ​២០១៨​។ លោក លើកឡើងថា អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង​នៅក្រោម​ដី​ជាមុនសិន ហើយ​បន្ទាប់មក ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន​។ 
 
​ក្នុង​ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឲ្យ​រើ​បង្គោល​ភ្លើង​យ៉ាងម៉េច បើ​ចរន្ត​ភ្លើង កំពុងដំណើរការ​។ បើ​យើង ដក​បង្គោល​ភ្លើង និង​កាត់​ខ្សែភ្លើង​ភ្លាមៗ ភ្លើងអគ្គិសនី​ក្នុង​តំបន់​នេះ ត្រូវ​ដាច់​អស់រលីង​។ ដូច្នេះ​អគ្គិសនី​កម្ពុជា ត្រូវការ​ពេលវេលា ដើម្បី​ដាក់​ខ្សែភ្លើង​បង្កប់​ក្រោម​ដី​សិន ទើប​គេ​អាច​កាត់​ខ្សែរ​ភ្លើង​ខាងលើ​បាន​»​។ 
 
​បន្ទាប់មក លោក ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ពេលធ្វើ​ដំណើរ​លើ​ដងផ្លូវ​នេះ ខណៈ​បង្គោល​ភ្លើង មិនទាន់​ត្រូវបាន​ដកចេញ​។ លោក បានស្នើ​ឲ្យ​ដាក់​សញ្ញា​សម្គាល់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បានឃើញ និង​ប្រុងប្រយ័ត្ន​ក្នុង​ការបើកបរ​លើផ្លូវ​នេះ​។ 
 
ដំបូងឡើយ បង្គោល​ភ្លើង គឺស្ថិតនៅខាង​កៀន​ផ្លូវ​។ ប៉ុន្តែ បន្ទាប់ពី​ផ្លូវ​នេះ ត្រូវបាន​ពង្រីក​បន្ថែម បង្គោល​ភ្លើង ក៏​បែរជា​នៅ​ចំ​កណ្តាលផ្លូវ​វិញ ព្រោះ​ល្បឿន​នៃ​ការ​ពង្រីក​ផ្លូវ គឺ​លឿន​ជាង​ល្បឿន​ការដក​បង្គោល​ភ្លើង​។  
 
​ក្រោយ​ឃើញ​បង្គោល​ភ្លើង​មួយ​ជួរ ស្ថិតនៅ​ចំ​កណ្តាលផ្លូវ​បែបនេះ ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង រហូតដល់​ហៅ​ផ្លូវ​នេះ​ថា ជា​ផ្លូវ​មរណៈ​៕ 

អត្ថបទទាក់ទង
 

Tag:
 ស៊ុន ចាន់ថុល​
  បង្គោល​ភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com