អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ីផ្តាំទៅអាមេរិក៖ «មីស៊ីលឆ្លាតកម្ចាត់ភេរវជន មិនមែនប្រឆាំងរដ្ឋាភិបាលស្របច្បាប់ឡើយ»
× រុស្ស៊ី និងអាមេរិកឈានដល់កើតសង្គ្រាមពាក្យសម្តីជាមួយគ្នាក្រោយអាមេរិកប្រកាសថាខ្លួននឹងចាត់វិធានការប្រឆាំងរបបដឹកនាំស៊ីរីដែលត្រូវគេចោទប្រកាន់រឿងប្រើប្រាស់អាវុធគីមីនៅក្រុងឌូម៉ាកាលពីសប្តាហ៍មុន។ វ៉ាស៊ីនតោនគំរាមរុស្ស៊ីឲ្យត្រៀមទទួលមីស៊ីលខ្លួន ខណៈដែលមូស្គូតបវិញថា មីស៊ីលឆ្លាតមិនដែលបាញ់ផ្លោងលើរដ្ឋាភិបាលស្របច្បាប់។
«មីស៊ីលឆ្លាតគួរតែហោះសំដៅក្រុមភេរវជន មិនមែនរដ្ឋាភិបាលស្របច្បាប់នៅស៊ីរីដែលបានប្រឹងប្រែងច្រើនឆ្នាំដើម្បីកម្ចាត់ភេរវជនអន្តរជាតិលើទឹកដីខ្លួនឡើយ»។ នេះជាការបញ្ជាក់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ឆ្លើយតបនឹងការព្រមានរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃពុធទី ១១ ខែមេសា។
យោងតាមតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសរុស្ស៊ីផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក មន្ត្រីក្រសួងការបរទេសខាងលើបានអះអាងបន្ថែមទៀតថា អាមេរិកទំនងជាព្យាយាមបំផ្លាញភស្តុតាងតាមរយៈការបង្អាក់ដំណើរស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើអ្នកណាជាអ្នកប្រើប្រាស់អាវុធគីមីពិតនោះ។ ក្រុមស្វែងរកការពិតរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) នឹងធ្វើដំណើរទៅកាន់ក្រុងឌូម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងដាម៉ាសនៅពេលខាងមុខនេះផង។
លោកស្រី Zakharova បន្ថែមដូច្នេះ៖« តើក្រុមការងារអង្គការ OPCW បានដឹងទេថា មីស៊ីលឆ្លាតរបស់អាមេរិកនឹងអាចកម្ទេចរាល់ភស្តុតាងពាក់ព័ន្ធការប្រើប្រាស់អាវុធគីមីនៅក្នុងទីតាំងកើតហេតុនោះ? ឬក៏វាជាគម្រោងការមួយដែលគេធ្វើឡើងដើម្បីបិតបាំងរាល់ការវាយប្រហារអាវុធគីមីដែលគេប្រឹងបង្កើតឡើងមកនោះដើម្បីដាក់បន្ទុកលើរដ្ឋាភិបាល និងធ្វើយ៉ាងណាឲ្យក្រុមស៊ើបអង្កេតស្វែងរកការពិតមិនបាន?»។
នៅថ្ងៃពុធទី ១១ ខែមេសា លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមគណនី Twitter ផ្លូវការរបស់ខ្លួនដោយគំរាមរុស្ស៊ី និងឲ្យរុស្ស៊ីត្រៀមខ្លួនទទួលមីស៊ីលអាមេរិកដែលល្អ ថ្មី និងឆ្លាត ដែលផ្លោងចូលស៊ីរីឆាប់ៗនេះ។ មេដឹកនាំអាមេរិកនេះចេញផ្គើនរុស្ស៊ី ក្រោយពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានប្រកាសថា រុស្ស៊ីនឹងបាញ់ទម្លាក់រាល់មីស៊ីលដែលហោះចូលទឹកដីស៊ីរីផងនោះ៕
Tag:
រុស្ស៊ី
អាមេរិក
Maria Zakharova
ភេរវជន
អាវុធគីមី
© រក្សាសិទ្ធិដោយ thmeythmey.com