ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ថា​នី ខា​ធើ​រី​ន បើក​អាជីវកម្ម​ច្នៃ​សូត្រ​ខ្មែរ​ធ្វើ​គ្រឿង​បរិក្ខារ ដើម្បី​បង្កើត​ជំនាញ​ថ្មី និង​កាត់បន្ថយ​ចំណាកស្រុក​
17, Apr 2018 , 9:39 am        
រូបភាព
សៀមរាប​៖ ក្រោយ​បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​មានបទពិសោធន៍​បម្រើកា​រងារ​ផ្នែក​លក់​លក្ខណៈ​អន្តរជាតិ​នៅក្រៅ​ប្រទេស បាន​ជំរុញ​ចិត្ត​អ្នកនាង ថា​នី ខា​ធើ​រី​ន ឲ្យ​បើក​អា​ជីក​ម្ម​ច្នៃ​ម៉ូត​គ្រឿង​បរិក្ខារ​ពី​ប្រភេទ​សរសៃសូត្រ​ខ្មែរ ដើម្បី​បង្កើត​ជំនាញ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ ក្នុង​គោលបំណង​កាត់បន្ថយ​ការ​ចំណាកស្រុក​។​


 
​អ្នកនាង ថា​នី ខា​ធើ​រី​ន ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​សិប្ប​កម្មន​រា​អង្គរ នា​ខេត្តសៀមរាប​។ ដោយ​មើលឃើញ​ពី​ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​ច្រើន គួបផ្សំ​នឹង​ឱកាស​មកដល់​នោះ អ្នកនាង ខា​ធើ​រី​ន ក៏មាន​គំនិត​បើក​អាជីវកម្ម​ច្នៃ​ម៉ូត​សម្ភារ​បរិក្ខារ ដែល​រចនា​ម៉ូត​ពី​សរសៃសូត្រ​ខ្មែរ​នេះ សម្រាប់​ផ្ដល់​ការងារ និង​ជំនាញ​ថ្មី​មួយ ដល់​ពលរដ្ឋ​ខ្មែរ ។ សិប្ប​កម្មនេះ គឺ​ការច្នៃ​ម៉ូត​ចង្កៀង​អំពូល ខ្នើយ វាំងនន គ្រឿង​សា​ឡុង និង​គ្រឿង​បរិក្ខារ​មួយចំនួនទៀត ដែល​ផលិត​ដោយ​ដៃ សម្រាប់​តុបតែង​ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន និង​បន្ទប់​គ្រប់​ប្រភេទ ទាំង​បែប​បុរាណ និង​សម័យ​។ 

  
 
​អ្នកនាង ខា​ធើ​រី​ន បញ្ជាក់​៖«​កាល​ខ្ញុំ​ជិះ​យន្តហោះ​ម្ដងនោះ ខ្ញុំ​ឃើញ​ខ្មែរ​យើង​ដែល​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ស្រុក​គេ​ក្នុង​មួយ​យន្តហោះ​រហូត​ទៅដល់​៦០​នាក់ ខ្ញុំ​យល់ថា​ការ​ទៅធ្វើ​ការ​បែបនេះ​មិនមាន​ជំនាញ​អ្វី​ជាប់​ខ្លួន​ឡើយ​។ ដូច្នេះ​ខ្ញុំ​គួរតែបង្កើត​ការងារ​ណាមួយ ដើម្បី​អាចជួយ​ឱ្យ​ពួកគាត់​មាន​ការងារ​ក្នុងស្រុក​ហើយ មាន​ជំនាញ​ជាប់​ខ្លួន​ទៀត ខ្ញុំ​ក៏​បង្កើត​សិប្ប​កម្មនេះ​ឡើង​។ ការ​ទៅធ្វើ​ការ​ស្រុក​គេ​ប្រាក់​បាន​ច្រើន ចំណាយ​ក៏​ច្រើន តែបើ​ធ្វើ​ក្នុងស្រុក​ជិត​ផ្ទះ ប្រាក់​បាន​តិច​តែមាន​ជំនាញ​ទៅ​ថ្ងៃមុខ​»​។​
 
​កូន​អ្នក​ភ្នំពេញ​រូបនេះ​បន្ថែមថា ដើមហេតុ​ដែលនាំឱ្យ​នាង​បង្កើត​សិប្ប​កម្មនេះ គឺ​ក្រោយពី​នាង​បាន​សង្កេតឃើញ​ពី​ភាពជឿនលឿន​និង​ទាន់សម័យ​នៃ​ការច្នៃ​ម៉ូដ​ចង្កៀង​អំពូល នៅ​ប្រទេស​បារាំង​និង​ប្រទេស​មួយចំនួនទៀត​ដែល​នាង​បាន​ទៅដល់​។ ដោយមាន​ក្ដី​សង្ឃឹមថា កម្ពុជា​នឹង​អាចឈាន​ទៅដល់​ចំណុច​នោះដែរ ខា​ធើ​រី​ន ព្យាយាម​សិក្សា​ពី​ការច្នៃ​ម៉ូដ​ចង្កៀង និង​បរិក្ខារ​លម្អ​ក្នុង​បន្ទប់ តាម​ចំណូលចិត្ត​ភ្ញៀវ និង​តាម​សម័យកាល​។ ខា​ធើ​រី​ន បញ្ជាក់​៖« នៅ​ស្រុក​គេ​ដូចជា​នៅ​បារាំង និង​អ៊ីតាលី ការ​រចនា​ម៉ូដ​ចង្កៀង​អំពូល គេ​មាន​លក្ខណៈ​ជឿនលឿន​និង​ទាន់សម័យ ហើយ​បើ​គេ​ច្នៃ​បែប​បុរាណ​វិញ ហាក់ដូចជា​យើង​កំពុងតែ​នៅក្នុង​សម័យ​នោះ​អីចឹង​។ ខ្ញុំ​គិតថា​នៅ​កម្ពុជា​ទៅ​ថ្ងៃមុខ​នឹង​ដើរ​ដល់​នោះ​»​។​
​សិប្បកម្ម​ច្នៃ​ម៉ូត​បរិក្ខារ​នេះ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១១ ដែលមាន​សមាជិក​តែ​២​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​សិប្បកម្ម​ន​រា​អង្គរ​នេះ មាន​បុគ្គលិក​៣០​នាក់ ដែល​ភាគច្រើនបំផុត​ជា​យុវជន ហើយ​ផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន មិន​ត្រឹមតែ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស​ផងដែរ រួមមាន បារាំង អូស្ត្រាលី អាមេរិក អង់គ្លេស ប៊ែ​ល​ស៊ិ​ក ជាដើម​។ ម្ចាស់​សិប្បកម្ម​វ័យ ២៩​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖« ការផ្គត់ផ្គង់​ក្នុងស្រុក​ភាគច្រើន ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ប្រណិតៗ​ជាច្រើន​ទៀត តាម​ផ្ទះ​ធម្មតា​ក៏មាន ហើយ​ទៅ​ក្រៅប្រទេស​មួយចំនួន​។ បុគ្គលិក​របស់​យើង​ពួកគាត់​សុទ្ធតែ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដែល​ធ្វើឱ្យ​អតិថិជន​ទទួលស្គាល់​ពី​គុណភាព​»​។ 
​អ្នកនាង ខា​ធើ​រី​ន ឱ្យដឹងទៀតថា​ចង្កៀង​ដែល​សិប្បកម្ម​របស់​អ្នកនាង​ធ្វើ មាន​គោលដៅ​សំខាន់បំផុត​គឺ​ផ្ដោតទៅលើ​សុខភាព​ភ្នែក និង​ការថែទាំ​ភ្នែក​ជា​ចម្បង​។ «​យើង​ធ្វើ​ចង្កៀង​ផ្ដោត​សំខាន់​ទៅលើ​សុខភាព​ភ្នែក​របស់គាត់ គឺ​មិនឱ្យ​ភ្នែក​របស់គាត់​ប៉ះ​នឹង​ពន្លឺ​អំពូល​ដោយផ្ទាល់​ឡើយ​។ សិប្បកម្ម​របស់ខ្ញុំ​ភាគច្រើន​បញ្ជា​ទិញ​ជា​គម្រោង ហើយ​យើង​ក៏​ផ្តល់​ជា​ប្រឹក្សា​ជូន​គាត់​ដែរ​ក្នុង​ការច្នៃ​ម៉ូដ ប្រសិនបើ​គាត់​ត្រូវការ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង ខា​ធើ​រី​ន ដែល​បាន​បន្ថែមថា សិប្បកម្ម​របស់​នាង តែងតែ​ទទួលបាន​ការរៀបចំ​តុបតែង​ជា​លក្ខណៈ​គម្រោង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុងការ​លម្អ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម​៕








Tag:
 ថា​នី ខា​ធើ​រី​ន
 សិប្បកម្ម
 គំនិត​ច្នៃប្រឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com