កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សុខ លឹម​ហេង ក្នុង​ដំណើរ​ទៅ​ប្រជែង​ជាមួយ​ជើង​ខ្លាំង​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​
12, Apr 2018 , 3:02 pm        
រូបភាព
កីឡាករ សុខ លឹមហេង (អាវខ្មៅឆ្វេង)ប្រកួតជាមួយកីឡាករ ឃឹម ឃឹម ក្នងវគ្គ១២នាក់ចុងក្រោយនៅ NOCC
កីឡាករ សុខ លឹមហេង (អាវខ្មៅឆ្វេង)ប្រកួតជាមួយកីឡាករ ឃឹម ឃឹម ក្នងវគ្គ១២នាក់ចុងក្រោយនៅ NOCC
ដោយ:
​កីឡាករ សុខ លឹម​ហេង ដែល​គេ​ចាត់ទុកជា​តារា​រះ​ថ្មី​លើ​វិថី​ស្តេច​អុក ជា​បេក្ខភាព​១​រូប​ក្នុងចំណោម​៨​រូប ដែល​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​ខេត្តសៀមរាប​។ សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​នេះ សុខ លឹម​ហេង បានដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​នៅ​ឆ្នាំនេះ​។ ដើម្បី​ត្រៀម​ការប្រកួត​នេះ លឹម​ហេង នឹង​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ទ្វេដង ពិសេស​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ជិតខាង ដើម្បី​ដកស្រង់​បច្ចេកទេស​ថ្មីៗ​។



​ទោះបីជា​កីឡាករ​ចំណូល​សម្រាប់​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត តែ​កីឡាករ សុខ លឹម​ហេង មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ជើង​ខ្លាំង​៧​រូប​ទៀត​នៅ​ឆ្នាំនេះ​។ «​សម្រាប់​ការឡើង​ទៅ​ប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ ខ្ញុំ​មានសង្ឃឹម​ខ្ពស់​ពី​៦០​ទៅ​៧០​ភាគរយ​។ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​»​។ នេះ​ជាការ​បង្ហាញ​ទំនុកចិត្ត​របស់​កីឡាករ សុខ លឹម​ហេង ដែល​បាន​បន្ថែមថា ខ្លួន​នឹង​បង្កើន​ការហ្វឹកហាត់ ពិសេស​ស្វែងរក​ដៃគូ​នៅ​ប្រទេសជិតខាង​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ល្អៗ​បន្ថែមទៀត​។

​ក្នុងចំណោម​ជើង​ខ្លាំង​ទាំង​៧​រូប​ដែល​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត កីឡាករ សុខ លឹម​ហេង បានចាត់ទុក​ម្ចាស់​ជើងឯក​ពីរ​ជំនាន់​(២០១៤-២០១៥) ឈាវ បូរ៉ា ជា​ឧបសគ្គ​ធំ​សម្រាប់​រូបគេ​ក្នុងការ​ប្រជែង​ជើងឯក​ឆ្នាំនេះ ខណៈ​កីឡាករ​ដទៃ​អាច​ប្រដំប្រសង​។ ទន្ទឹមនឹងនេះ​ទាំង​កីឡាករ ឈាវ បូរ៉ា និង​កីឡាករ​ជើង​ខ្លាំង​ដទៃទៀត សុទ្ធតែ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​សមត្ថភាព​របស់ សុខ លឹម​ហេង ដោយ​ពួកគេ​បានចាត់ទុក លឹម​ហេង ជា​ឧបសគ្គ​សម្រាប់​ខ្លួន​ផងដែរ​។

​សម្រាប់​ការប្រកួត​ជុំ​ដំបូង​ប្រចាំ​មណ្ឌល​ភ្នំពេញ​ដែលមាន​កីឡាករ​ជើង​ខ្លាំង​ប្រមាណ​ជាង​៦០​នាក់​ចូលរួម កីឡាករ សុខ លឹម​ហេង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​រូបគេ​យកឈ្នះ​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១០ ឆ​យ វិ​រ៉ា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​កីឡាករ ស៊ីវ ស៊ីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​នា​ការប្រកួត​ជម្រុះ​ជុំ​ទី​២​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៨ កីឡាករ សុខ លឹម​ហេង ឈរ​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ពូ​ល B ក្រោយបី​ប្រកួត​ឈ្នះ​២ ស្មើ​១​។ ក្នុងនោះ លឹម​ហេង ស្មើ​ជាមួយ លឹម ផល្លា ក្នុងជំនួប​ទី​១ ហើយ​បាន​យកឈ្នះ កែវ វ​ឌ្ឍ​នា ក្នុងជំនួប​ទី​២ និង​ឈ្នះ ជា ស៊ី​ដេ​ត នៅ​ជំនួប​ចុងក្រោយ​។

​បន្ទាប់មក​នៅ​វគ្គ​១២​នាក់​ចុងក្រោយ​ដែលជា​វគ្គ​ចាញ់​ធ្លាក់ សុខ លឹម​ហេង បាន​ទម្លាក់​កីឡាករ ឃឹម ឃឹម ដើម្បី​ទទួលបាន​កៅអី​វគ្គ​៨​នាក់​ចុងក្រោយ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​។ ជ័យជម្នះ​ជា​បន្តបន្ទាប់​របស់​កីឡាករ សុខ លឹម​ហេង ធ្វើ​ឲ្យ​មហាជន​ប្រៀបធៀប​រូបគេ​ថា «​តារា​រះ​ថ្មី​លើ​វិថី​ស្តេច​អុកចត្រង្គ​»​។​

​នេះ​ជា​លើក​ទី​១ សម្រាប់​កីឡាករ សុខ លឹម​ហេង ដែល​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត តែ​វា​ជា​លើក​ទី​៣​សម្រាប់​ការចូលរួម​ប្រកួត ខណៈ​ពីរលើក​ដំបូង​កីឡាករ​រូបនេះ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​។ លឹម​ហេង ចេះ​លេងអុក​ចត្រង្គ​តាំងពី​អាយុ​៦​ឆ្នាំ​។ ប៉ុន្តែ​រូបគេ​បាន​បោះបង់ចោល​អស់​រយៈ​ជាច្រើន​ឆ្នាំ ដោយសារ​ជាប់រវល់​ជាមួយ​ការសិក្សា​។ ទើបតែ​៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយនេះ លឹម​ហេង បាន​ចូលប្រឡូក​ក្នុង​វិស័យនេះ​សារជាថ្មី និង​បាន​ចូលរួម​ប្រកួតប្រជែង​ជើងឯក​ជា​បន្តបន្ទាប់រ​ហូត​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​៕ 

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អុកចត្រង្គ​
  សុខ លឹម​ហេង​
  ឈាវ បូរ៉ា​
  សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com