អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រក​ផ្លូវ​ចាត់ការ​លើ​សំណុំរឿង​«​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​»
13, Apr 2018 , 8:59 am        
រូបភាព
ដោយ:
 ទំនងជា​មិនអាច​ទ្រាំ​មើល​ទុក្ខលំបាក​របស់​ជនជាតិ​ភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​ហើយ បានជា​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានធ្វើ​សំណើ​ដើម្បី​ស្វែងរក​លទ្ធភាព​ស៊ើបអង្កេត​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ទាំង​ដែល​មី​យ៉ាន់​ម៉ា​មិនមែនជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ផង​។ សម្រាប់​រដ្ឋអាជ្ញា​ទង្វើ​ដែល​បានកើត​នោះ ជាការ​បណ្តេញ​ដោយ​ចេតនា ។ 

​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លោកស្រី Fatou Bensouda នៅ​ដើម​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា លោកស្រី​បានស្នើ​ទៅកាន់​ចៅក្រម​ដើម្បី​សម្រេច​ថា​តើ​តុលាការ​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​ការបណ្តេញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​បាន​ឬ​យ៉ាងណា ។ លោកស្រី​បាន​ហៅ​សំណើ​នេះ​គឺជា​រឿង​ដ៏​លំបាក​ផ្នែក​ច្បាប់​មួយ ដ្បិត​មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។ 
 
​យ៉ាងណាក៏ដោយ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី​អគ្គ​រដ្ឋអាជ្ញា​រូបនេះ នៅ​សំឡឹង​ឃើញ​លទ្ធភាព​មួយ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង នាំខ្លួន​អ្នកប្រព្រឹត្ត​មក​ទទួលខុសត្រូវ​តាមច្បាប់​អន្តរជាតិ ។ នោះ គឺជា​តាមរយៈ​បង់​ក្លា​ដែ​ស ដែលជា​ប្រទេស​កំពុង​ទទួល​ការខុសត្រូវ​យ៉ាង​ធ្ងន់​ក្នុងការ​ផ្គត់ផ្គង់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​បណ្តោះអាសន្ន និង​ជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្រាប់ ។ 
 
​លោកស្រី​បាន​ប្រៀប​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​រ​នៅ​មី​យ៉ាន់​ម៉ា​ទៅនឹង​ការបណ្តេញ​ពួកគេ​ពី​ប្រទេស​ដោយ​ចេតនា ហើយ​ទង្វើ​នោះ ក៏​ប្រៀប​ដូច​ការ​រុញច្រាន​ពួកគេ​ឲ្យ​ដល់​ព្រំដែន​ហើយ​បាញ់​សម្លាប់ចោល ដែល​មានន័យថា បទល្មើស​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា ហើយ​វា​មិនទាន់​បញ្ចប់​រហូត​ទាល់តែ​ដល់​បង់​ក្លា​ដែ​ស ។ លោកស្រី ក៏បាន​ស្នើ​ឲ្យ​តុលា​ការបើក​ការជំនុំជម្រះ​ពិសេស​មួយ​ក្នុង​ស្មារតី​មួយ​ឲ្យ​ទាន់​នឹង​សភា​ការ​ផងដែរ ។ 
 
​គួរ​រម្លឹក​ជាថ្មី​ផងដែរ​ថា ដោយសារតែ​ការបាញ់ប្រហារ​គ្នា​នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា រវាង​ក្រុម​ឧទ្ទាម និង​ក្រុម​អាជ្ញាធរ បាន​បណ្តាល​ឲ្យ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​មិន​ជាង​កន្លះ​លាន​នាក់​នោះទេ​បាន​ភៀសខ្លួន​ទៅ​ព្រំដែន​បង់​ក្លា​ដែ​ស ។ ពួកគេ ភាគច្រើន​បាន​អះអាងថា រង​ការគំរាមកំហែង​របស់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ហើយ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស បើសិនជា​ចង់​មានជីវិត​។ នេះ​យោងតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង អង្គការសិទ្ធិមនុស្ស​ពាក់ព័ន្ធ ៕ 
 

Tag:
 ICC
  រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com