កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត និង Shan United អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត ក្រោយ​ចាញ់​រៀងៗ​ខ្លួន​
12, Apr 2018 , 4:00 pm        
រូបភាព
កីឡាករ សេត រ៉ហ្ស៊ីប ព្យាយាមដណ្តើមបាល់ជាមួយខ្សែប្រយុទ្ធ  Patrick Reichelt របស់ Ceres Negros
កីឡាករ សេត រ៉ហ្ស៊ីប ព្យាយាមដណ្តើមបាល់ជាមួយខ្សែប្រយុទ្ធ Patrick Reichelt របស់ Ceres Negros
ដោយ:
​ក្រុម​បឹងកេត​បាន​បន្ត​ចាញ់​ក្រុម Ceres Negros របស់​ហ្វី​លីន​នៅលើ​ទឹកដី​របស់ខ្លួន​ក្នុង​លទ្ធផល ៤-០ នា​ការប្រកួត​ជើង​ទី​២ វគ្គ​ជម្រុះ​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2018 កាលពី​ល្ងាច​ថ្ងៃទី​១១ មេសា ឆ្នាំ​២០១៨​។ ការបរាជ័យ​នេះ នាំ​ឲ្យ​បឹងកេត​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត ទាំង​ខ្លួន​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​។ ជាមួយគ្នានេះ Shan United របស់​មី​យ៉ាន់​ម៉ា ក៏​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ផងដែរ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ Home United ក្នុង​លទ្ធផល ៣-២​។​



​ក្រុម​បឹងកេត និង Shan United របស់​មី​យ៉ាន់​ម៉ា​បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC Cup 2018 បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​ចាញ់​គូប្រកួត​រៀងៗ​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១២ មេសា ឆ្នាំ​២០១៨​។ ក្នុងនោះ​ក្រុម​បឹងកេត​បាន​បន្ត​ចាញ់  Ceres Negros របស់​ហ្វីលីពីន ៤-០ នា​ជំនួប​ជើង​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ថែម​លើ​ការ​ចាញ់ ៩-០ ក្នុង​ជើង​ទី​១​។ រីឯ​ក្រុម Shan United ក្រោយ​ចាញ់ Home United ១-០ ក្នុង​ជើង​ទី​១ បាន​បន្ត​ចាញ់ ៣-២ ក្នុង​ជើង​ទី​២​នា​ជំនួប​ក្រៅ​ដី​។

​បច្ចុប្បន្ន​បឹងកេត​កំពុង​ឈរ​បាត​តារាង​ដោយមាន​៣​ពិន្ទុ ក្រោយ​៥​ប្រកួត​ចាញ់​៤ ឈ្នះ​១ ខណៈ Shan United ឈរ​លេខ​រៀង​ទី​៣ ដោយមាន​៣​ពិន្ទុ ក្រោយ​៥​ប្រកួត​ចាញ់​៤ ឈ្នះ​១​ដូចគ្នា​។ ចំណែក​ក្រុម Ceres Negros ក្រោយ​បន្ត​យកឈ្នះ​បឹងកេត ៤-០ បាន​ឡើងឈរ​កំពូល​តារាង​ដោយមាន​១៣​ពិន្ទុ ខណៈ Home United ឈរ​លំដាប់​ទី​២​ដោយមាន​១០​ពិន្ទុ​។ Home United និង Ceres Negros ជា​ក្រុម​តំណាង​ឲ្យ​ពូ​ល F ដែល​បាន​កៅអី​រួច​ជាស​ម្រេច​សម្រាប់​វគ្គ​បន្ត AFC Cup 2018 ទោះបី​ក្រុម​ទាំងពីរ​នៅសល់​១​ប្រកួត​ទៀត​ក៏ដោយ​។​

​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១១ មេសា ឆ្នាំ​២០១៨ ខ្សែបម្រើ​អេ​ស្ប៉ា​ញ Bienvenido Maranon បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់ Ceres Negros នៅ​នាទី​ទី​៣៦ ពីរ​នាទី​ក្រោយមក​ខ្សែបម្រើ​រូបនេះ​បានសម្រេច​បាន​១​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ២-០ ក្នុង​វគ្គ​ទី​២​។

​ក្រោយ​បឹងកេត​ផ្លាស់ប្តូរ​ខ្សែការពារ ទូច បញ្ច​រ៉ុង ដែលមាន​បញ្ហា​រមួលក្រពើ​ជំនួស​ដោយ​កីឡាករ ស្លេះ សេន នៅ​នាទី​ទី​៥១ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង ក្រោយ​លើកជើង​ទប់​បាល់​ហើយ​ប៉ះ​មុខ​ខ្សែការពារ Sean Kane របស់ Ceres Negros នៅ​នាទី​ទី​៦១​។​

​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Bienvenido Maranon បាន​គ្រាប់​ទី​៣​របស់ខ្លួន​សម្រាប់ Ceres Negros ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ នៅ​នាទី​៦៩ មុន​បឹងកេត​ប្តូរ​កីឡាករ សេត រ៉​ហ្ស៊ី​ប ចេញ​ជំនួស​ដោយ​កីឡាករ ឃួន ឡា​បូ​រ៉ាវី នៅ​នាទី​ទី​៧០​។

​ក្រោយ​ដូរ​ចូល​ជំនួស​ខ្សែការពារ OJ Porteria នៅ​នាទី​ទី​៧២ ខ្សែប្រយុទ្ធ​ជប៉ុន Takumi Uesato បានសម្រេច​គ្រាប់​ទី​៤​សម្រាប់ Ceres Negros នៅ​នាទី​ទី​៨៤ តាមរយៈ​ការ​ស៊ុត​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​។ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៤-០ លើ​ក្រុម​បឹងកេត​ផងដែរ​។​

​សម្រាប់​ជំនួប​បន្ទាប់​បឹងកេត​ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន Thuwunna Stadium ខណៈ​ក្រុម Ceres Negros បើកទ្វារ​កីឡដ្ឋាន Panaad Park and Stadium ទទួល ស្វាគមន៍ Home United ដើម្បី​ប្រជែង​ឈរ​កំពូល​តារាង​៕


Tag:
 បាល់ទាត់​
  បឹងកេត​
  AFC Cup 2018
  Ceres Negros
© រក្សាសិទ្ធិដោយ thmeythmey.com