អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បង្កើត​បណ្ដាញ​បង្កើត​ទឹកភ្លៀង​នៅ​ទី​បេ ធំ​ជាង​ផ្ទៃដី​អេ​ស្ប៉ា​ញ​បី​ដង​
13, Apr 2018 , 7:39 pm        
រូបភាព
តំបន់ខ្ពង់រាបទីបេរបស់ចិន (រូបភាព South China Morning Post)
តំបន់ខ្ពង់រាបទីបេរបស់ចិន (រូបភាព South China Morning Post)
​ចិន​កំពុង​សាកល្បង​បច្ចេកវិទ្យា​ការពារជាតិ​ទំនើប​ចុងក្រោយ​បំផុត​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​អាកាសធាតុ​មានតម្លៃ​ទាប សំដៅ​បង្កើត​ភ្លៀង​ឲ្យ​ច្រើន​នៅ​តំបន់​ខ្ពង់រាប​ទី​បេ​។ បណ្ដាញ​នៃ​ប្រព័ន្ធ​បង្កើត​ទឹកភ្លៀង​នេះ ដែលមាន​ទំហំ​ធំ​ជាង​ផ្ទៃដី​អេ​ស្ប៉ា​ញ​ដល់​ទៅ​បី​ដង មាន​សមត្ថភាព​បញ្ជូន​ចុណ្ណភាគ​ទៅកាន់​បរិយាកាស​ដើម្បី​បង្កើត​ពពក រួច​កើត​ទៅជា​ទឹកភ្លៀង​នៅ​ខ្ពង់រាប​ដែលជា​តំបន់​ស្តុក​ទឹកធំ​ជាងគេ​របស់​អាស៊ី​។

 
​ក្នុង​គោលដៅ​បង្កើត​បរិមាណ​ទឹកភ្លៀង ចិន​បាន​បង្កើត​ប្រព័ន្ធ​បង្កើត​ទឹកភ្លៀង​ដ៏​ធំ​មួយ​នៅ​តំបន់​ទី​បេ​។ ប្រព័ន្ធ​ដ៏​ធំ ដែលមាន​បណ្ដាញ​ឡក​ម្ដៅ​ដ៏​ច្រើន​អាច​បង្កើន​បរិមាណ​ទឹក​ភ្លៀង​នៅ​ទីនោះ​រហូតដល់​ដប់​ពាន់​លាន​ម៉ែត្រគូប​ក្នុង​មួយឆ្នាំ ឬ​ប្រហែល​៧​ភាគរយ​នៃ​បរិមាណ​ទឹក​ប្រើប្រាស់​សរុប​។ នេះ​បើតាម​អ្នកស្រាវជ្រាវ​ក្នុង​គម្រោង​នេះ​។​
 
​ឡ​កម្ដៅ​ប្រើប្រាស់​ប្រេង​រាប់ពាន់ នឹងត្រូវ​កសាង​នៅ​ទីតាំង​ដែល​ត្រូវបាន​ជ្រើសរើស​នៅ​ខ្ពង់រាប​ទី​បេ​ដើម្បី​បង្កើត​ទឹកភ្លៀង​លើ​ផ្ទៃដី​ចំនួន​១.៦​លាន​គីឡូ​ម៉ែត្រក្រលា ឬ​ស្មើនឹង​បី​ដង​ផ្ទៃដី​របស់​អេ​ស្ប៉ា​ញ​។ ឡ​ទាំងនោះ​ដុត​ប្រេងឥន្ធនៈ​ដើម្បី​ផលិត​ជា​អ៊ីយ៉ូដ​ពណ៌​ប្រាក់ ដែលមាន​នាទី​បង្កើត​ពពក និង​មាន​សណ្ឋាន​ដូចជា​ទឹកកក​។ ឡ​ទាំងនោះ​ត្រូវបាន​ដាក់​លើ​កំពូលភ្នំ​ខ្ពស់ ឈមមុខ​ទិសដៅ​ខ្យល់មូសុង​បក់​ពី​អាស៊ី​ខាងត្បូង​។ ពេល​ខ្យល់​បក់​កាត់​ភ្នំ ខ្យល់​បង្កើតជា​ចរន្ត​ឡើងលើ​និង​នាំ​ចុណ្ណភាគ​ទៅ​បង្កើត​ភ្លៀង​និង​ព្រិល​។​
 
​អ្នកស្រាវជ្រាវ​ក្នុង​គម្រោង​នេះ​បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា ឡ​កម្ដៅ​ចំនួន​៥០០​ហើយ​ត្រូវបាន​ពង្រាយ​នៅតាម​ខ្ពង់រាប​របស់​ទី​បេ ស៊ីន​ជាំ​ង និង​តំបន់​ផ្សេងទៀត​ក្នុង​គោលដៅ​ធ្វើ​ពិសោធ​។ លទ្ធផល​បង្ហាញថា ប្រព័ន្ធ​ថ្មី​នេះ​ផ្ដល់​លទ្ធផល​គួរ​ឲ្យ​ត្រេកអរ​។ គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន China Aerospace Science and Technology Corporation ដែល​កាន់កាប់​គម្រោង​ធំៗ​ជាច្រើន​។​
 
​បើ​ប្រៀបធៀប​នឹង​ការបង្កើត​ទឹកភ្លៀង​ដោយ​បាច​ម្សៅ​ពីលើ​អាកាស វិធីសាស្ត្រ​ដុត​កម្ដៅ​នេះ​ចំណាយ​ប្រាក់​អស់​តិចជាង​។ ឧបករណ៍​ដុត​កម្ដៅ​មួយ​ត្រូវ​ចំណាយ​ចំនួន​៨០០០​ពាន់​ដុល្លារ​ដើម្បី​សាងសង់ និង​ដំឡើង​។ តម្លៃ​នេះ​នឹង​ត្រូវបាន​កាត់បន្ថយ​ថែមទៀត​នៅពេល​មាន​ការផលិត​ទ្រង់ទ្រាយ​ធំ​។ ចំណែកឯ​ការ​បាច​ម្សៅ​តាម​យន្តហោះ​វិញ ត្រូវ​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ និង​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​តូច​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ វិធីសាស្ត្រ​បង្កើត​ភ្លៀង​បែប​ខាងលើ មិនទាន់​ត្រូវបាន​អនុវត្ត​ផ្លូវការ​នៅឡើយ​ទេ និង​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​ចិន​សិន ដ្បិត​ជា​គម្រោង​ធំ​ដែល​ត្រូវការ​ការវាយតម្លៃ​ម៉ត់ចត់ ការសាកល្បង​ជាច្រើន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ជាដើម​។ ជាមួយគ្នានេះ គេ​នៅ​ឃើញ​មាន​ការជជែក​ដេញដោល​រវាង​ជម្រើស​វិធីសាស្ត្រ​ថ្មី​នេះ និង​ការ​បាច​ម្សៅ​តាម​យន្តហោះ​ដែលជា​បង្ក​ផលប៉ះពាល់​ទ្រង់ទ្រាយ​តូច ទោះ​មាន​វិសាលភាព​តូចក្ដី​៕ 
 

Tag:
 ចិន​
  ទី​បេ​
  ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com