ជាតិ
សង្គមជាតិ
ជនល្មើស​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន​
12, Apr 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ក្រាប​ជនល្មើស ៤​រូប ដែល​ពាក់ព័ន្ធ​ការកែច្នៃ​ប្រភេទ​គ្រឿងញៀន មាន​ប្រមាណ​ជិត​២៧​គីឡូក្រាម​។ ជនល្មើស​ទាំង​៤​រូបនេះ គឺជា​ជនជាតិខ្មែរ ២​នាក់ និង​ជនជាតិ​ចិន ២​នាក់​។



​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ជុំវិញ​ករណី​ជួញ​ជួរ និង​ផលិត​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា លោក ឡឹ​ក វណ្ណៈ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ជនល្មើស​ទាំង​៤​នាក់​នេះ ត្រូវបាន​បញ្ជូនមក​អគ្គ​ស្នងការ​នគរបាលជាតិ ជាមួយនឹង​គ្រឿងញៀន​៤​ប្រភេទ ដែលមាន​ទម្ងន់​ជិត​២៧​គីឡូក្រាម​។

​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រភេទ​គ្រឿងញៀន​ជិត​២៧​គីឡូក្រាម​នេះ មានការ​នាំចូល​ពី​ប្រទេស​ឡាវ ដែល​យកមក​ផលិត​នៅ​កម្ពុជា ដើម្បី​បន្ធូរបន្ថយ ឬ​បង្កើន​គុណភាព​ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​បន្តទៀត ហើយ​មួយចំនួនទៀត​សម្រាប់​ជួញដូរ​ប្រើប្រាស់​ក្នុងស្រុក​»​។​



​លោក ឡឹ​ក វណ្ណៈ បាន​បន្ថែមថា សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​៤​គោលដៅ ទើប​ឃាត់ខ្លួន​បាន​ជនល្មើស​៤​នាក់ និង​ប្រមូលបាន​ថ្នាំញៀន ដូចជា ម្សៅ​កេ​តា​មីន ១​ថង់ ស្មើនឹង​៧៨០០​ក្រាម​, កេ​តា​មីន​(Katamine) ៦​កញ្ចប់ ទម្ងន់​៣៨៤,១៦​ក្រាម​, មេ​តំ​ហ្វេ​តា​មីន (ICE)​រាវ កន្លះ​ធុង​ជ័រ ទម្ងន់​៥៦០០​ក្រាម​, ហេ​រ៉ូ​អ៊ី​ន​(Heroine) ទម្ងន់ ២១០,០១​ក្រាម ,​មេ​តំ​ហ្វេ​តា​មីន​(ICE) ១៤​កញ្ចប់ ស្មើ​ទម្ងន់ ៦៥៣៧,៤៣​ក្រាម និង​វត្ថុតាង​ផ្សេងទៀត​។​

​បើតាម​ព្រះរាជអាជ្ញា ជនល្មើស​ទាំងនេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕












Tag:
 ឡឹ​ក វណ្ណៈ​
 ​ គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com