ជាតិ
សេដ្ឋកិច្ច
World Bank ថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៦,៩ភាគរយឆ្នាំនេះ តែអាចប្រឈមហានិភ័យខ្លះ
× ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងមានកំណើន ៦,៩ភាគរយក្នុងឆ្នាំ២០១៨ កើនឡើងបន្តិចពីឆ្នាំ២០១៧ដែលមានកម្រិត ៦,៨ភាគរយ។ នេះបើតាមរបាយការណ៍ចុះផ្សាយនៅថ្ងៃទី១២ខែមេសា របស់ស្ថាប័នអន្តរជាតិមួយនេះ ដែលបានព្យាករសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
World Bank អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំក្នុងឆ្នាំ២០១៨នេះ ដែលគាំទ្រដោយការបង្កើនចំណាយរបស់រដ្ឋាភិបាល និងស្ថានភាពពិភពលោកដែលមានភាពអំណោយផល រួមទាំងតម្រូវការខ្ពស់ក្នុងប្រទេសជឿនលឿន។
តែកំណើននេះអាចប្រឈមហានិភ័យ ដែលធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យខាងលើនេះ។ ហានិភ័យទាំងនោះរួមមាន ការគំរាមកំហែងពីការអូសបន្លាយនៃភាពរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យសំណង់ និងភាពមិនប្រាកដប្រជាក្នុងរដូវកាលបោះឆ្នោត ព្រមទាំងការធ្លាក់ចុះភាពប្រកួតប្រជែងនៅបរទេស ខណៈប្រាក់ឈ្នួលគោលកើនឡើងយ៉ាងឆាប់រហ័ស។
ដោយឡែកកំណើនសេដ្ឋកិច្ចកម្ពុជាតទៅមុខក្នុងរយៈពេលខ្លី និងមធ្យម អាចនឹងថយចុះបន្តិច ទាបជាងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ខាងលើ។
គួរបញ្ជាក់ថា World Bank នឹងចេញផ្សាយរបាយការណ៍លម្អិតពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងខែឧសាភាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com