ជាតិ
សេដ្ឋកិច្ច
លោក ច័ន្ទ សុផល​៖ សង្គ្រាម​សេដ្ឋកិច្ច​ទំនង​មិន​ផ្ទុះឡើង​ទេ ប៉ុន្តែ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ប្រកួតប្រជែង​
12, Apr 2018 , 6:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ច័ន្ទ សុផល
រូបពីហ្វេសប៊ុកលោក ច័ន្ទ សុផល
​ភ្នំពេញ​៖ ជម្លោះ​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន កំពុង​បន្ត​កើតឡើង ដែល​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក មានការ​ព្រួយបារម្ភ​។ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច បាន​និយាយថា ទោះជា​ប្រទេស​មហាអំណាច កំពុង​បង្កជម្លោះ​សេដ្ឋកិច្ច​ក្តី ប៉ុន្តែ​វា​ទំនង​មិន​ឈានទៅ​បង្ក​ជា​សង្គ្រាម​សេដ្ឋកិច្ច​ឡើយ​។ នោះ​ក៏​ព្រោះតែ​ប្រទេស​មហាអំណាច នឹង​ពិចារណា​ច្រើន​ពី​បញ្ហា​ប្រឈម​ថា តើ​ខាត ឬ​ចំណេញ​សិន មុននឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​សេដ្ឋកិច្ច​កើតឡើង​។​



​បើតាម​លោក ច័ន្ទ សុផល ជម្លោះ​សេដ្ឋកិច្ច​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្ងន់ធ្ងរ​នោះទេ ។ ប៉ុន្តែ​កម្ពុជា ក៏ត្រូវ​ត្រៀមខ្លួន ប្រកួតប្រជែង​លើ​ទីផ្សារ​សេដ្ឋកិច្ច​ខាងមុខ​ដែរ​។​

​សូម​លោក​-​អ្នកនាង​ស្តាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ជាមួយ​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ ដូចតទៅ​៖





​បន្ថែម​ពីនេះ​លោក ច័ន្ទ សុផល មើលឃើញថា ជម្លោះ​សេដ្ឋកិច្ច​រវាង​ប្រទេស​អាមេរិក និង​ចិន​នេះ វា​អាច​បង្ក​ប៉ះពាល់​ដល់​ប្រទេស​មួយចំនួន ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​។ ប៉ុន្តែ​វា​ក៏​ផ្ដល់ឱកាស​សម្រាប់​ប្រទេស​មួយចំនួន ទទួលយក​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​បញ្ហា​ជម្លោះ​នេះដែរ​។​

​ក្នុងន័យនេះ​លោក ច័ន្ទ សុផល ពន្យល់​ដូច្នេះ​ថា​៖«​វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់​ដល់​ប្រទេស​កម្ពុជា​យើង​ទេ បើសិន​ជាមាន​សង្គ្រាម​ពាណិជ្ជកម្ម​មែន​រវាង​ប្រទេស​ចិន និង​អាមេរិក​។ គឺ​ដោយសារ​សេដ្ឋកិច្ច​យើង មិនទាន់​ផលិត​អ្វីដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅដល់​ប្រទេស​ទាំងពីរ​នេះ​។ ឧទាហរណ៍​ថា សំលៀកបំពាក់ ស្បែកជើង យើង​នាំចេញ​លេខ​១ ជាង​៦០​ភាគរយ​នៅលើ​ទីផ្សារ​អាមេរិក​មូ​យ​ឆ្នាំ​ជាង​៣​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​បើសិនជា​ប្រជាពលរដ្ឋ​អាមេរិក ក្រុមហ៊ុន​អាមេរិក​រង​ផលប៉ះពាល់​អវិជ្ជមាន ដោយសារ​ចំណូល​ថយចុះ ព្រោះ​មិនបាន​នាំចូល​ទំនិញ​ទៅ​ចិន ដូច្នេះ​សួរថា​តើ​ពួកគេ នឹង​កាត់បន្ថយ​ចំណាយ​សំលៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ឬទេ​? ខ្ញុំ​យល់ថា មិន​ដូច្នោះ​ទេ ព្រោះ​ភាគច្រើន​សំលៀកបំពាក់​យើង ជា​ផលិតផល​មិនមាន​តម្លៃ​ខ្ពស់​ទេ គឺជា​ផលិតផល​មានតម្លៃ​ទាបៗ​ទេ​…​។​

​ងាក​មក​ចរន្ត​សេដ្ឋកិច្ចកម្ពុជា និង​ចិន​វិញ លោក ច័ន្ទ សុផល អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​ឧទាហរណ៍​បើ​មាន​សង្គ្រាម​កើតឡើង​មែន ចិន​ឈប់​ទិញ​សណ្ដែកសៀង ទិញ​ពោត​ពី​អាមេរិក ដោយសារតែ​យកពន្ធ​ពី​ចិន​ខ្ពស់​ពេក ធ្វើ​ឲ្យ​ទំនិញ​អាមេរិក​ថ្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ចិន​។ ដូច្នេះ​ចិន និង​ពាណិជ្ជករ​ចិន គេ​នឹង​មក​រំពៃ​រកមើល​ប្រភព​ណា​ផ្សេង ដែល​ធ្វើ​ឲ្យ​គេ​នាំចូល​ទីផ្សារ​ចិន​បាន ដោយមាន​តម្លៃ​ទាប​ជាង​។ គេ​អាច​រកមើល​ពី​ទីផ្សារ​ប្រេ​ស៊ី​ល អាហ្វ្រិក អាស៊ី ហើយ​កម្ពុជា​យើង អាច​ផលិត​បាន​ថែមទៀត ដូចជា​ពោត សណ្ដែកសៀង សាច់ជ្រូក សាច់គោ ទំនិញ​ផលិតផល​មួយចំនួន យើង​អាច​បង្កើនបាន​ទៅ​ទីផ្សារ​ចិន ទោះ​កម្រិត​តូច​ក៏ដោយ ក៏​យើង​អាច​លទ្ធភាព ដែល​អាច​បង្កើន ។ នេះ​ជា​ផលប៉ះពាល់​អវិជ្ជមាន​»៕


Tag:
 ច័ន្ទ សុផល​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com