ជាតិ
សេដ្ឋកិច្ច
លោក ច័ន្ទ សុផល៖ សង្គ្រាមសេដ្ឋកិច្ចទំនងមិនផ្ទុះឡើងទេ ប៉ុន្តែកម្ពុជាត្រូវត្រៀមខ្លួនប្រកួតប្រជែង រូបពីហ្វេសប៊ុកលោក ច័ន្ទ សុផល
× ភ្នំពេញ៖ ជម្លោះសេដ្ឋកិច្ចរវាងអាមេរិក និងចិន កំពុងបន្តកើតឡើង ដែលធ្វើឲ្យបណ្ដាប្រទេសនៅជុំវិញពិភពលោក មានការព្រួយបារម្ភ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ច បាននិយាយថា ទោះជាប្រទេសមហាអំណាច កំពុងបង្កជម្លោះសេដ្ឋកិច្ចក្តី ប៉ុន្តែវាទំនងមិនឈានទៅបង្កជាសង្គ្រាមសេដ្ឋកិច្ចឡើយ។ នោះក៏ព្រោះតែប្រទេសមហាអំណាច នឹងពិចារណាច្រើនពីបញ្ហាប្រឈមថា តើខាត ឬចំណេញសិន មុននឹងបង្កឲ្យមានសង្គ្រាមសេដ្ឋកិច្ចកើតឡើង។
បើតាមលោក ច័ន្ទ សុផល ជម្លោះសេដ្ឋកិច្ចនេះ មិនបង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាធ្ងន់ធ្ងរនោះទេ ។ ប៉ុន្តែកម្ពុជា ក៏ត្រូវត្រៀមខ្លួន ប្រកួតប្រជែងលើទីផ្សារសេដ្ឋកិច្ចខាងមុខដែរ។
សូមលោក-អ្នកនាងស្តាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានអេឡិចត្រូនិចថ្មីៗ ជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដូចតទៅ៖
បន្ថែមពីនេះលោក ច័ន្ទ សុផល មើលឃើញថា ជម្លោះសេដ្ឋកិច្ចរវាងប្រទេសអាមេរិក និងចិននេះ វាអាចបង្កប៉ះពាល់ដល់ប្រទេសមួយចំនួន ដែលមានសេដ្ឋកិច្ចរីកចម្រើន។ ប៉ុន្តែវាក៏ផ្ដល់ឱកាសសម្រាប់ប្រទេសមួយចំនួន ទទួលយកផលប្រយោជន៍សេដ្ឋកិច្ចពីបញ្ហាជម្លោះនេះដែរ។
ក្នុងន័យនេះលោក ច័ន្ទ សុផល ពន្យល់ដូច្នេះថា៖«វាមិនប៉ះពាល់អ្វីធ្ងន់ដល់ប្រទេសកម្ពុជាយើងទេ បើសិនជាមានសង្គ្រាមពាណិជ្ជកម្មមែនរវាងប្រទេសចិន និងអាមេរិក។ គឺដោយសារសេដ្ឋកិច្ចយើង មិនទាន់ផលិតអ្វីដែលពាក់ព័ន្ធខ្លាំងទៅដល់ប្រទេសទាំងពីរនេះ។ ឧទាហរណ៍ថា សំលៀកបំពាក់ ស្បែកជើង យើងនាំចេញលេខ១ ជាង៦០ភាគរយនៅលើទីផ្សារអាមេរិកមូយឆ្នាំជាង៣ពាន់លានដុល្លារ។ ដូច្នេះបើសិនជាប្រជាពលរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិករងផលប៉ះពាល់អវិជ្ជមាន ដោយសារចំណូលថយចុះ ព្រោះមិនបាននាំចូលទំនិញទៅចិន ដូច្នេះសួរថាតើពួកគេ នឹងកាត់បន្ថយចំណាយសំលៀកបំពាក់ពីប្រទេសកម្ពុជាឬទេ? ខ្ញុំយល់ថា មិនដូច្នោះទេ ព្រោះភាគច្រើនសំលៀកបំពាក់យើង ជាផលិតផលមិនមានតម្លៃខ្ពស់ទេ គឺជាផលិតផលមានតម្លៃទាបៗទេ…។
ងាកមកចរន្តសេដ្ឋកិច្ចកម្ពុជា និងចិនវិញ លោក ច័ន្ទ សុផល អត្ថាធិប្បាយដូច្នេះថា៖«ឧទាហរណ៍បើមានសង្គ្រាមកើតឡើងមែន ចិនឈប់ទិញសណ្ដែកសៀង ទិញពោតពីអាមេរិក ដោយសារតែយកពន្ធពីចិនខ្ពស់ពេក ធ្វើឲ្យទំនិញអាមេរិកថ្លៃខ្ពស់នៅលើទីផ្សារចិន។ ដូច្នេះចិន និងពាណិជ្ជករចិន គេនឹងមករំពៃរកមើលប្រភពណាផ្សេង ដែលធ្វើឲ្យគេនាំចូលទីផ្សារចិនបាន ដោយមានតម្លៃទាបជាង។ គេអាចរកមើលពីទីផ្សារប្រេស៊ីល អាហ្វ្រិក អាស៊ី ហើយកម្ពុជាយើង អាចផលិតបានថែមទៀត ដូចជាពោត សណ្ដែកសៀង សាច់ជ្រូក សាច់គោ ទំនិញផលិតផលមួយចំនួន យើងអាចបង្កើនបានទៅទីផ្សារចិន ទោះកម្រិតតូចក៏ដោយ ក៏យើងអាចលទ្ធភាព ដែលអាចបង្កើន ។ នេះជាផលប៉ះពាល់អវិជ្ជមាន»៕
Tag:
ច័ន្ទ សុផល
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com