អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មឺ​ហ្គែ​ល​៖ អាល្លឺម៉ង់​មិន​ចូល​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី​ជាមួយ​ប្រទេស​ដទៃ​ឡើយ​
13, Apr 2018 , 10:10 am        
រូបភាព
​អធិការបតី​អាល្លឺម៉ង់​បាន​បញ្ជាក់ថា អាល្លឺម៉ង់​នឹងមិន​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ឡើយ​។ ប៉ុន្តែ​មេដឹកនាំ​សហភាព​អឺរ៉ុប​នេះ​បាន​អះអាងថា អាល្លឺម៉ង់​នៅតែ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​និង​សកម្មភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW)​។​

​ស្រប​ពេលដែល​អាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​អង់គ្លេស និង​បារាំង​ស​ង្គ្រឺ​ត​ធ្មេញ​ចង់វាយ​ប្រហារ​របប​ដឹកនាំ​ស៊ី​រី អធិការបតី​អាល្លឺម៉ង់ លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល នៅ​ថ្ងៃ ១២ ខែមេសា​នេះ បានប្រកាស​ពេញមាត់​ថា ទោះជា​បែបណាក៏ដោយ អាល្លឺម៉ង់​មិន​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ឡើយ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី​បានប្រកាស​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន​៖« អាល្លឺម៉ង់​នឹងមិន​ចូលរួម​ក្នុង​សកម្មភាព​យោធា ហើយ​ខ្ញុំ​ចង់​បញ្ជាក់ថា វា​គ្មាន​ឡើយ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ការអន្តរាគមន៍​យោធា​នេះ​»​។ 

​មកដលពេលនេះ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​ហាក់​បន្ត​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ និង​កាន់តែ​តានតឹង ដោយសារ​អាមេរិក អង់គ្លេស និង​បារាំង ហាក់ដូចជា​កំពុង​ស្វែងរក​វិធានការ​យោធា​ចាំបាច់​ដើម្បី​តបត​នឹង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសា​ផងដែរ​។ ក្រុមប្រឆាំង​រដ្ឋាភិបាល ក្រុម​សកម្មជន និង​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ឌូ​ម៉ា បន្ត​ចោទប្រកាន់ថា អាសាដ ពិតជា​បាន​ប្រើប្រាស់​អាវុធ​ព្រៃផ្សៃ​នេះ ប៉ុន្តែ​ស៊ី​រី​និង​រុស្ស៊ី​បដិសេធ​ដាច់អហង្ការ​តែម្តង​។​
 
​ខណៈដែល​មានតែ​ព័ត៌មាន​ចរចា​អា​រ៉ា​ម ហើយ​ការស៊ើបអង្កេត​ឯករាជ្យ​មិនទាន់មាន​ពិតប្រាកដ​ជុំវិញ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង អះអាងថា លោក​មាន​ភស្តុតាង​រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​ផង​។ ប៉ុន្តែ​គេ​មិនទាន់​អាច​ទាយ​ដឹង​មុន​ថា លោកខាងលិច​ទាំងនេះ​នឹង​ចាត់វិធានការ​បែបណា ឬ​នៅពេលណា​ពិតប្រាកដ​ដើម្បី​ប្រឆាំង​ស៊ី​រី​ឡើយ​។​

​ដោយឡែក ថ្វីបើ​អាល្លឺម៉ង់​គ្មាន​គម្រោង​ចូល​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី​ក្តី លោកស្រី​មឺ​ហ្គែ​ល បាន​អះអាងថា រាល់​ការប្រើប្រាស់​អាវុធ​គីមី​គឺជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ ដូច្នេះហើយ​ក្នុងនាម ជា​មេដឹកនាំ​អាល្លឺម៉ង់ លោកស្រី​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រាល់​សកម្មភាព និង​ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏ដូចជា​អង្គការ​ហាមឃាត់​អាវុធ​គីមី​ដូចគ្នា​ដែរ​។​
 
​គេ​ឃើញ​មានការ​ចុះផ្សាយ​ថា ក្រុមការងារ​ស្វែងរក​ការពិត​របស់​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី​បាន​ទៅដល់​ទឹក​ដៅ​ស៊ី​រី​ហើយ​ដើម្បី​ស្វែងរក​ភស្តុតាង និង​កំណត់​មុខសញ្ញា​អ្នកប្រើប្រាស់​អាវុធ​គីមី តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី​ផង​។ 
 
 

Tag:
 អាល្លឺម៉ង់​
  ស៊ី​រី​
  រុស្ស៊ី​
  អាវុធ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com