កីឡាជាតិ
ជាតិ
សម្តេច សាយ ឈុំ ចំណាយ​ថវិកា ៤១០​លាន​រៀល ឧបត្ថម្ភ​អត្ត​ព​លិ​ក​ដែល​ឈ្នះ​មេដាយមាស​
13, Apr 2018 , 1:23 pm        
រូបភាព
ដោយ:
 ប្រធានព្រឹទ្ធសភា​កម្ពុជា​សម្តេច សាយ ឈុំ បាន​ចំណាយ​ថវិកា​ប្រមាណ​៤១០​លាន​រៀល ឧបត្ថម្ភ​ដល់​កីឡាករ​កីឡាការិនី​ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេម អាស៊ី​ហ្គេម និង​ពិភពលោក ដើម្បី​លើកទឹកចិត្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ សម្តេច​បាន​ឧបត្ថម្ភ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចំនួន​១​ម៉ឺន​ដុល្លារ​ផងដែរ ដើម្បី​តបស្នង​ស្នាដៃ​ដឹកនាំ​កីឡា​នាពេល​កន្លងមក​។   

 
​កីឡាករ​កីឡាការិនី​ម្ចាស់​មេដាយមាស​អាស៊ាន​ហ្គេម អាស៊ី​ហ្គេម និង​ពិភពលោក​ចំនួន​៤១​រូប ទទួលបាន​ថវិកា​ឧបត្ថម្ភ​ម្នាក់ៗ​១០​លាន​រៀល​ពីស​ម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ការផ្តល់ជូន​នេះ គឺ​ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​តបស្នង​សងគុណ​ចំពោះ​កីឡាករ​កីឡាការិនី ដែល​បាន​សាង​ភាពល្បីល្បាញ​ជូន​ជាតិ​មាតុភូមិ​លើ​ឆាក​អន្តរជាតិ​។ 
 
 
​ជាមួយគ្នានេះ សម្តេច សាយ ឈុំ បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន​១​ម៉ឺន​ដុល្លារ ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ចំពោះ​ស្នាដៃ ដែល​បាន​ដឹកនាំ​សកម្មភាព​កីឡា​ឲ្យ​ទទួលបាន​លទ្ធផល​នាពេល​កន្លងមក​ផងដែរ​។ អត្ត​ព​លិ​ក​ដែល​ទទួលបាន​ការឧបត្ថម្ភ​ទាំងនោះ​រួមមាន ប៉េតង់ តេ​ក្វាន់​ដូ វ៉ូ​វី​ណា​ម ចំបាប់ កាយ​វប្បកម្ម ល្បុក្កតោ និង​ប្រដាល់​គុន​ខ្មែរ​។​
 
​ថវិកា​ឧបត្ថម្ភ​ទាំងនោះ​ត្រូវបាន​ប្រគល់ជូន​កីឡាករ​កីឡាការិនី និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ មេសា ឆ្នាំ​២០១៨ នៅ​ព្រឹទ្ធសភា​។ ការប្រគល់​និង​ទទួល​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួមជាមួយ​មន្ត្រី​និង​កីឡាករ​ជាច្រើនរូប​ទៀត​៕ 
 

 

Tag:
 ព្រឹទ្ធសភា​
  សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com