អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រជាជនមីយ៉ាន់ម៉ា ជឿថា ការបាចទឹកដាក់គ្នាពេលចូលឆ្នាំ អាចលាងជម្រះរឿងរ៉ាវមិនល្អក្នុងឆ្នាំចាស់
× ជារៀងរាល់ឆ្នាំ ប្រជាជនមីយ៉ាន់ តែងតែប្រារព្ធពិធីបុណ្យទឹក នៅពាក់កណ្តាលខែមេសា ដែលជាពិធីបុណ្យប្រពៃណី ជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេស ។ សម្រាប់ឆ្នាំនេះ ប្រជាជនមីយ៉ាន់ម៉ា ប្រារព្ធពិធីបុណ្យនេះចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៦ ខែ មេសា ដែលស្របពេលជាមួយនឹងការប្រារព្ធពិធីបុណ្យឆ្នាំរបស់បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ានរួមមាន ថៃ ឡាវ និង កម្ពុជាផងដែរ ។
ក្នុងជំនឿរបស់ប្រជាជនមីយ៉ាន់ម៉ា ពិធីបុណ្យទឹក ឬ Thingyan គឺជាពិធីដ៏សំខាន់បំផុតរបស់មីយ៉ាន់ម៉ា ដែលមានប្រភពដើមចេញសាសនាព្រះពុទ្ធ និង ហិណ្ឌូ ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង ស្របពេល នៃរដូវក្តៅបំផុតរបស់ប្រទេស ដោយភ្ជាប់ជាមួយនឹងអត្ថន័យ នៃការយកទឹកមកជម្រះនូវរឿងរ៉ាវអាក្រក់ ដែលបានកើតឡើងកន្លងមក និង ទទួលយកនូវសំណាងល្អនៅក្នុងឆ្នាំថ្មីផង ។
សម្រាប់របៀបវីរៈ និងសកម្មភាព ដែលប្រជាជនមីយ៉ាន់ម៉ា ទម្លាប់ធ្វើ និងជឿក្នុងរយៈពេលនៃការប្រារព្ធបួនថ្ងៃនោះរួមមាន នៅថ្ងៃទីមួយ នៃរយៈពេលបួនថ្ងៃនៃការប្រារព្ធពិធីបុណ្យប្រពៃណី ប្រជាជននៅក្នុងតំបន់ចាប់ផ្តើមមានសកម្មភាពកម្សាន្ត ដូចជាការចាក់ភ្លេងរាំ និង ច្រៀងទាំងគ្នា ដើម្បីទទួលស្វាគមន៍នូវអាទិទេព ។ ចូលដល់ថ្ងៃបន្ទាប់ គឺថ្ងៃទីពីរ ពួកគេ ជឿថា ជាថ្ងៃ ដែលអាទិទេព Thagyamin ចុះមកកាន់ភពផែនដី ។
ដោយឡែកសម្រាប់ថ្ងៃទីបីវិញ ពួកគេ ទម្លាប់ចំណាំថា ជាថ្ងៃដែលអាទិទេព Thagyamin វិលត្រលប់ទៅកាន់ឋានសួគ៌វិញ ខណៈថ្ងៃទីបួន ពួកគេ ប្រជាជននៅក្នុងតំបន់ភាគច្រើន ចុះសួរសុខទុកមនុស្សចាស់ និង សាច់ញាតិរបស់គេ ។ ជាមួយគ្នានេះផងដែរ ពួកគេ ក៏មានពិធីងូតទឹកជម្រះសក់មនុស្សចាស់ៗជាមួយនឹងសាប៊ូ ដែលត្រូវបានគេស្គាល់ថាពិធីស្រង់ព្រះ ដើម្បីសុំសេចក្តីសុខផងដែរ ៕
Tag:
មីយ៉ាន់ម៉ា
បុណ្យទឹក
Thingyan
© រក្សាសិទ្ធិដោយ thmeythmey.com