ជាតិ
សង្រ្កាន្តឆ្នាំថ្មី
តើ​ការលេង​ល្បែង​បាយខុំ មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​អ្នកលេង​?
13, Apr 2018 , 4:30 pm        
រូបភាព
 បាយខុំ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ម្យ៉ាង ដែល​គេ​តែងតែ​នាំគ្នា​លេង​កម្សាន្ត នៅពេល​ទំនេរ ឬ​សម្រាក​ពី​ការងារ​។ មិន​ត្រឹមតែ​ជា​ល្បែង​លេង​កម្សាន្ត​ប៉ុណ្ណោះ​ទេ ល្បែង​បាយខុំ អាចជួយ​អ្នកលេង​ប្រសប់​ក្នុង​ការគិត​លេខ និង​វិភាគ​បាន​គ្រប់​ជ្រុងជ្រោយ​។ ជាមួយគ្នានេះដែរ វា​ធ្វើ​ឲ្យ​អ្នកលេង​ផ្ចិតផ្ចង់ ហើយ​មាន​ស្មារតី​វាងវៃ ចំពោះ​របៀប​រក​ផលចំណេញ​ខាងមុខ​។​


​ល្បែង​នេះ​លេង​ដោយ​មនុស្ស​ពីរ​នាក់ រួម​ជាមួយនឹង​បាយខុំ​មាន​១០​រន្ធ សម្រាប់​ដាក់​គ្រាប់​លេង​។  រន្ធ​ទាំងនេះ គេ​ត្រូវ​ធ្វើជា​២​ជួរ ក្នុង​១​ជួរ​មាន ៥​រន្ធ ឲ្យ​មាន​សណ្ឋាន​ដូចជា​ពងក្រពើ ដោយ​គេ​ជីកដី​ជា​រណ្តៅ​តូចៗ ឬ​អាច​យក​ចាន​តូចៗ​លេង​ជំនួស​ក៏បាន​។    
 
​បណ្តា​រន្ធ​ទាំងពីរ​ជួរ នៃ​ល្បែង​បាយខុំ ក្នុង​មួយ​ជួរ មាន​រន្ធ​មួយ​ខាងដើម​គេ​ជា​មេ ហៅថា « រន្ធ​ក្បាល​ជី​មឿង​»​។ រន្ធ​ជី​មឿង ត្រូវដាក់​គ្រាប់​៥ ក្រៅពីនោះ​ដាក់​តែ​៤​ៗ​គ្រាប់​ស្មើគ្នា សរុប​ទាំងអស់​មាន​៥២​គ្រាប់​។ អ្នកលេង​អាច​យក​គ្រាប់​មួយចំនួន​លេង​បាន ប្រសិនជា​មានការ​សន្ម​ត់​គ្នា​ជាមុន​ដូចជា សំបក​ខ្ចៅ គ្រាប់​អម្ពិល ផ្លែ​កន្ទួត ជាដើម​។​ល​។​
 
​ជាមួយគ្នានេះដែរ អ្នកលេង​ទាំងពីរ​នាក់  ត្រូវ​អង្គុយ​ទល់មុខ​គ្នា នៅ​ចំ​កណ្តាល​រន្ធ​បាយខុំ​របស់ខ្លួន រួចហើយ​គេ​នាំគ្នា​ដាក់​គ្រាប់​ក្នុង​រន្ធ​នីមួយៗ​។ បន្ទាប់មក​គេ​ឲ្យ​ម្នាក់​ចាប់ផ្តើម​ដើរ​រាយ​គ្រាប់​មុន ដោយ​អ្នកដើរ​មុន​ត្រូវ​ចាប់យក​គ្រាប់​ដៃ​ខាងស្តាំ អំពី​រន្ធ​ណាមួយ​របស់ខ្លួន ដោយ​ដាក់​ម្តង​មួយ​គ្រាប់ៗ ទៅក្នុង​រន្ធ​ខាងស្តាំ ឬ​ខាងឆ្វេង​បន្ទាប់ពី​រន្ធ​ដែល​បាន​ចាប់​ដំបូង ហើយ​ដាក់ចូល​ទៅក្នុង​រន្ធ​នីមួយៗ ទាល់តែ​អស់​គ្រាប់​ពី​ដៃ​។ 
 
​បន្ទាប់មកទៀត លុះ​ដើរ​អស់​គ្រាប់​ក្នុង​ដៃត្រង់​រន្ធ​ណាមួយ ទើប​គេ​អាច​ចាប់យក​គ្រាប់​ក្នុង​រន្ធ​បន្ទាប់​រាយ​តទៅទៀតបាន​។ ប៉ុន្តែ​បើ​អស់​គ្រាប់​ត្រង់​រន្ធ​ណាមួយ​ហើយ ឃើញ​រន្ធ​បន្ទាប់​នោះ​គ្មាន​គ្រាប់ គេ​លូក​កេះ​រន្ធ​នោះ ហើយ​ចាប់យក​គ្រាប់​ក្នុង​រន្ធ​បន្ទាប់​នោះ ដោយ​យកមក​ទុក​នៅមុខ​គេ​ហៅថា «​ស៊ី​»​។ ប៉ុន្តែ​បើ​ស៊ី​ចំ​រន្ធ​ណា​ដែល​គ្មាន​គ្រាប់ គេ​អាច​កេះ​ស៊ី​បន្តទៀត ទោះជា ២ ឬ​៣ តំណ​ក៏ដោយ​។ ម្យ៉ាងវិញទៀត បើ​ដើរ​រាយ​គ្រាប់​អស់​ត្រង់ណា​ហើយ រន្ធ​បន្ទាប់​នោះ​គ្មាន​គ្រាប់​រហូតដល់ ២​រន្ធ​នោះ គេ​ហៅថា « ឃ្វាង » ឥត​បាន​ស៊ី​ទេ​។ ខណៈដែល​អ្នកលេង​ដើរ​រាយ​គ្រាប់​ទៅ​អស់​ត្រង់​រន្ធ​ណា រន្ធ​បន្ទាប់​នោះ​ឥតមាន​គ្រាប់ ហើយ​រន្ធ​បន្ទាប់​ទៀត​មាន​គ្រាប់​តែ​១ គេ​ហៅថា «​ស៊ីម៉ង់​» គឺ​ស៊ី​បានតែ​មួយ ម៉​ង់ៗ​។​
 
​ប្រសិនបើ​អ្នកលេង​ចាញ់ គឺ​ត្រូវ​ផ្លុំ​បញ្ចេញ​គ្រាប់​ទាំង​២១ នៅក្នុង​រន្ធ ដែល​អ្នកឈ្នះ​បានដាក់ ឬ​ផ្លុំ​បញ្ចូល​គ្រាប់​២១​នោះ នៅលើ​មាត់​រន្ធ​ឲ្យ​អស់ បើ​ផ្លុំ​មិន​ចេញ ឬ​មិន​ចូល​ទេ គឺ​ត្រូវ​អ្នកឈ្នះ​ជោះ​ក្បាលជង្គង់​២១​ដៃ រួចហើយ​ទើប​ចាប់ផ្តើម​លេង​ម្តងទៀត​៕
 
​ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)
 
 ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ល្បែង​ប្រជាប្រិយ​
  ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com