អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ៖ អាមេរិក, អង់គ្លេស បារាំង នឹងវាយប្រហារតាមផ្លូវអាកាសប្រឆាំងរបបស៊ីរី
14, Apr 2018 , 8:18 am        
រូបភាព
រូបភាពតំណាង (AFP)
រូបភាពតំណាង (AFP)
ដោយ: ថ្មីៗ
 ចុងក្រោយ​ អាមេរិក បារាំង និងអង់គ្លេស ​បានឯកភាព​គ្នាប្រើប្រាស់ការវាយប្រហារដោយ​ប្រើ​ប្រាស់​មីស៊ីលប្រឆាំងរបបស៊ីរី​ដើម្បី​ឆ្លើយ​តប​នឹងការ​ប្រើប្រាស់អាវុធគីមីនៅក្រុង ឌូម៉ា កន្លងមក។ ការអន្តរាគមន៍​ផ្លូវអាកាស​​​នេះ​អាចនឹង​ធ្វើឲ្យ​អាមេរិក ប្រឈម​មុខកាន់តែខ្លាំងជាមួយរុស្ស៊ី​  និង​លង់​ខ្លួន​កាន់​តែជ្រៅ​ក្នុងសង្គ្រាម​ដ៏រ៉ាំរ៉ៃដែល​មាន​អាយុ​កាលជាង ប្រាំពីរឆ្នាំមក​ហើយនោះ។ 


ប្រធានាធិបតីអាមរិកលោក​ ដូណាល់ បាន​ប្រកាស​នៅ​យប់​ថ្ងៃសុក្រទី ១៣ ខែមេសា​ថា អាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​បារាំង និងអង់គ្លេស កំពុងចាប់​ផ្តើម​ការវាយប្រហារដោយ​ប្រើ​ប្រាស់​មីស៊ីលប្រឆាំង​ស៊ីរីហើយ ដើម្បី​ដាក់ទណ្ឌកម្ម​ប្រធានាធិបតីបាសា​ អាល់អាសាដ ជុំវិញការចោទប្រកាន់​ថា របប​នេះ​បានប្រើប្រាស់អាវុធគីមីដែលសម្លាប់មនុស្សប្រហែល ​៤០​នាក់ កាលពី​សប្តាហ៍មុន។ 

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានថ្លែងដូច្នេះ៖ « មុន​នេះបន្តិច​ ខ្ញុំបានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារលើគោលដៅដែល​ពាក់ព័ន្ធនឹងការរក្សាទុក​អាវុធ​គីមី​របស់មេដឹកនាំ​ផ្តាច់​ការ​ស៊ីរី បាសា​អាល់​ អាសាដ​។ អន្តរាគមន៍រួមគ្នារវាងកងទ័ពអាមេរិកជាមួយ​បារាំង និងអង់គ្លេសចាប់ផ្តើមហើយ»។  លោក ត្រាំ បាន​សង្ក់តធ្ងន់​ថា ការវាយប្រហារ​នេះ​នឹងបន្ត​រហូតដល់របបស៊ីរីឈប់​ប្រើអាវុធគីមី។ 

នេះជា​លើកដំបូងហើយដែលអង់គ្លេស និងបារាំងចេញមុខចូលរួមជាមួយ​អាមេរិកក្នុងការវាយប្រហារ​ប្រឆាំងរបបស៊ីរី ឆ្លើយ​តប​​នឹង​​ការ​ប្រើ​ប្រាស់អាវុធគីមីនេះ ខណៈដែល​អាល្លឺម៉ង់ប្រកាសថា ខ្លួន​​មិនចូល​រួ​ម​​ក្នុង​សកម្មភាព​យោធា​ណាមួយប្រឆាំងស៊ីរីឡើយ។ មុនមានការសម្រេចចិត្តវាយប្រហារស៊ីរី​នេះ ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​អះអាងពេញមាត់ថា បារាំងមាន​ភស្តុតាងដែល​បញ្ជាក់​ថា រដ្ឋាភិបាលស៊ីរីពិតជាប្រើប្រាស់​អាវុធគីមីមែន។ ចំណែកតំណាងអាមេរិកប្រចាំអង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ថា ស៊ីរីប្រើ​ប្រាស់​អាវុធគីមីយ៉ាងហោចណាស់ ៣០ ដងដែររាប់ចាប់ពីពេលដែលសង្គ្រាម​ស៊ីរីលផ្ទុះឡើងកាលពីឆ្នាំ ២០១១នោះ។ 

តាមពិតទៅ អាមេរិកវាយប្រហារ​ស៊ីរីចំនួនពីរលើកមកហើយ។ កាលពីខែមេសា​ឆ្នាំមុន លោក ត្រាំ ក៏បានប​ញ្ជាឲ្យ​កងទ័ព​អាមេរិក​បាញ់ស្រោច​មីស៊ីល ៥៩ គ្រាប់​លើ​មូលដ្ឋានទ័ពស៊ីរីផងដែរ ដោយកាលនោះ​អាមេរិក​ក៏បានចោទប្រកាន់​ថា ស៊ីរី​បានប្រើប្រាស់អាវុធ គីមី​ដូចគ្នា។ ប៉ិន្តែ​កាលនោះ​ វាមិនមានខូចខាតធ្ងន់​ធ្ងរ​ដល់ទ័ពអាកាសស៊ីរីឡើយ។

យ៉ាងណាក៏ដោយចុះ ការ​ប្រើប្រាស់អន្តរាគមន៍ប្រឆាំងរបបស៊ីរីនៅពេលនេះកំពុងទាញអាមេរិកឲ្យធ្លាក់ចូលជ្រៅជាថ្មីក្នុងសង្គ្រាម​ស៊ីរីដែលមាន​អាយុកាលជាងប្រាំពីរឆ្នាំនេះ ក្រោយពេល​ដែល​លោក ត្រាំ បានប្រកាស​ថា កងទ័ពអាមេរិកនឹងត្រូវដក​ចេញ​ពីស៊ីរី​ឆាប់ៗនោះ។ ម្យ៉ាងវិញ​ទៀត​ អន្តរាគមន៍នេះទៀតសោតក៏​រុញ​ច្រាន​ឲ្យ​អាមេរិកប្រឈម​​មុខ​គ្នាកាន់​តែខ្លាំង​ជាមួយ​កងទ័ព​រុស្ស៊ីដែលកំពុង​ឈរជើង​គាំទ្រ​របបដឹកនាំស៊ីរី​នៅទីនោះស្រាប់ផង។
 

ដោយឡែក ការវាយប្រហារ​តាមផ្លូវអាកាស​របស់លោកខាងលិចនេះធ្វើឡើងស្រប​​ពេលដែល​ក្រុម​ស៊ើបអង្កេត​ស្វែងរក​ការពិតនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ត្រៀមចាប់ផ្តើមប្រតិ​បត្តិការរបស់ខ្លួនតាមការស្នើសុំរបស់រដ្ឋាភិបាល​ស៊ីរីនោះ។  នៅថ្ងៃសុក្រទី ១៣ ខែមេសានេះដែរ​ តំណាង​រដ្ឋាភិបាលក្រុងដាម៉ាស បាន​​ព្រមានរាល់ការ​អន្តរាគមន៍​របស់លោកខាងលិច​ ដោយលើកឡើង​ពីសិទ្ធិស្វ័យ​ការពារ​របស់រដ្ឋនីមួយៗ​ដែលមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការ​សហប្រជាជាតិផងដែរ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com