ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជន​កាលពី​៥០​ឆ្នាំមុន គ្មាន​ទូរ​សព្ទ​ហៅ​គ្នា​ផឹក​ឡើយ តែ​ចូលចិត្ត​ណាត់គ្នា​ទៅលេង​ល្បែង​ប្រជាប្រិយ​នៅ​វត្ត​
14, Apr 2018 , 2:26 pm        
រូបភាព
អ្នក​ស្រី អ៊ុំ សុផានី និងលោក ប្រាក់ ប៉ូ ដែលសុទ្ធតែឈាន​ចូល​វ័យ​ជាង​៧០​ឆ្នាំ រំលឹកពីយុវភាព​របស់ខ្លួន​កាលពីប្រមាណ​៥០​ឆ្នាំមុន
អ្នក​ស្រី អ៊ុំ សុផានី និងលោក ប្រាក់ ប៉ូ ដែលសុទ្ធតែឈាន​ចូល​វ័យ​ជាង​៧០​ឆ្នាំ រំលឹកពីយុវភាព​របស់ខ្លួន​កាលពីប្រមាណ​៥០​ឆ្នាំមុន
មានទឹក មាន​សាច់​ហើយ​ឬ​នៅ​? តោះ​ដាក់​មួយ​កេស​មក​! ហើយ​ទិញ​ទឹកកក​ផង​!​។ នេះ​ជាការ​ជួបជុំគ្នា​ដ៏​ពេញនិយម​របស់​យុវជន​មួយចំនួនធំ​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ពិធីបុណ្យ​ផ្សេងៗ​ទៀត​។ សម្រាប់​យុវជន​សម័យថ្មី ទូរ​សព្ទ​ទាក់ទង​គ្នា​ចុះឡើង គម្រោង​ផឹកស៊ី តែងតែ​ប្រព្រឹត្ត​ទៅដោយ​រលូន ពោលគឺ​ផ្ទុយ​ពី​យុវជន​សម័យមុន ដោយ​ការជួប​ជុំគ្នា តែងតែ​ធ្វើ​ទៅតាម​លំ​អាន​ពី​បុរាណ​។



​នា​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ កំលោះ​ក្រមុំ កាលពី​ជំនាន់​មុន សប្បាយ​នឹង​ការជួប​ជុំគ្នា​នៅតាម​វត្ត​អារាម ឬ​តាម​ផ្ទះ ដើម្បី​រាំ​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​។  ឯការ​ទទួលទាន​ស្រា​នា​វេលា​ចូលឆ្នាំ មិនមែនជា​ប្រពៃណី ឬ​ការនិយម​របស់​ពួកគាត់​នោះឡើយ​។

​អ្នកស្រី អ៊ុំ សុ​ផានី អាយុ​៧២​ឆ្នាំ បាន​រម្លឹក​ប្រាប់​សារព័ត៌មាន​ថ្មីៗ ពី​បរិយាកាស​នា​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​ថា យុវជន​ជំនាន់​មុន សប្បាយ​ត្រេកអ​រណាស់ ព្រោះ​បាន​ជួបជុំ​សាច់ញាតិ​បងប្អូន ហូប​អាហារ​ជុំគ្នា​។ ជា​អ្នករស់នៅ​ភ្នំពេញ អ្នកស្រី សុ​ផានី រៀបរាប់​ទៀតថា ទាំងចាស់ទាំងក្មេង នាំគ្នា​យក​ចង្ហាន់​ទៅ​វត្ត និង​លេងល្បែង​ប្រជាប្រិយ​កម្សាន្ត​។

​អ្នកស្រី អ៊ុំ សុ​ផានី ថ្លែងបន្ត​ដូច្នេះ​៖«​ឱ្យតែ​ជិត​ដល់ពេល​ចូលឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​មិនដឹងថា​ចេញ​មកពីណា នឹកថា​នឹង​បាន​ជួបជុំ​បងប្អូន ចម្អិន​អាហារ​ហូប​ជុំគ្នា យក​ចង្ហាន់​ទៅ​វត្ត បាន​លេងល្បែង​ប្រជាប្រិយ​នៅផ្ទះ​។ ផ្ទះ​ខ្ញុំ​កាលនោះ​មាន​ទីធ្លា​ធំ អ្នកភូមិ អ្នកធ្វើដំណើរ​តាមផ្លូវ គេ​មកលេង​ល្បែង​ប្រជាប្រិយ​ច្រើនណាស់ សប្បាយ​ណាស់​។ ដល់​ចប់​ចូលឆ្នាំ ខ្ញុំ​នឹក​វេលា​ចូលឆ្នាំ​ណាស់ នឹកឃើញ​ពេល​ជុំគ្នា​សប្បាយ​»​។​

​អ្នក​ភ្នំពេញ​ម្នាក់ទៀត គឺ​អ្នកស្រី កែវ ណា​រុំ ។ បច្ចុប្បន្ន គាត់​មាន​អាយុ​៧៤​ឆ្នាំ​។ គាត់ បាន​រម្លឹក​គ្រា​ចូលឆ្នាំ នៅ​ជំនាន់​គាត់​ដូច្នេះ​ថា កំលោះ​ក្រមុំ​តែង​ប្រជុំគ្នា លេងល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​មាន​ចង្វាក់ រាំ​រង់ រាំក្បាច់ សារា​វ៉ាន់ ជាដើម នៅ​ប្រមាណ​ជា​១​ខែ​មុន ដល់​ថ្ងៃ​ចូលឆ្នាំថ្មី​។  អ្នកស្រី​កែវ ណា​រុំ បញ្ជាក់​ដូច្នេះ​៖«​នៅ​សម័យ​នោះ គេ​កាន់​ប្រពៃណី​បានល្អ​ណាស់​។ ដ្បិតតែ​គេ​រាំ​ជាមួយគ្នា​មែន តែ​គេ​មិន​ប៉ះ​ដៃ​ប៉ះ​ជើង​គ្នា​ទេ​។ គេ​គោរព​គ្នា​ណាស់​»​។​

​ចំណែក អ្នកស្រី ស៊ឹម ចាន់​យ៉ា អាយុ​៧៣​ឆ្នាំ អ្នក​ខេត្តបាត់ដំបង​វិញ បានឱ្យដឹងថា កាលពី​អ្នកស្រី​នៅ​ក្មេង មុនពេល​ចូលឆ្នាំ​ដូច្នេះ នៅតាម​ភូមិ​នីមួយៗ​អ៊ូអរ​ណាស់ ពោលគឺ​គេ​លេងល្បែង​ប្រជាប្រិយ​ពេញ ស្ទើរ​គ្រប់​មុខផ្ទះ​។

​បើតាម អ្នកស្រី ចាន់​យ៉ា ក្មេងៗ​ក៏​តែងតែ​ណាត់​គ្នីគ្នា ទៅ​ជួបជុំ​នៅឯ​វត្ត ដើម្បី​រាំ​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ដែរ​។ «​បើ​និយាយ​កាល​នៅ​តូច ជិត​ចូលឆ្នាំ​អ៊ីចេះ មិន​ស្ងាត់​ទេ​។ គេ​លេងល្បែង​ប្រជាប្រិយ ស្រែក​លេង​អ៊ូអរ​សប្បាយ​ណាស់ រហូត​ប្រហែល​១០​ឆ្នាំមុន​នៅតែ​អ៊ូអរ តែ​ដល់​ឥឡូវ​ស្ងាត់​ប្លែក​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នក​បាត់ដំបង​រូបនេះ​។

​ងាក​មក លោក ប្រាក់ ប៉ូ អ្នក​ខេត្តកណ្ដាល​វិញ រម្លឹកថា នៅ​ជំនាន់​គាត់ នៅ​រដូវចូលឆ្នាំ ក្មេងៗ​កំលោះ​ក្រមុំ​នៅ​ភូមិ មិន​ត្រឹមតែ​នាំគ្នា​លេង​ប្រជាប្រិយ​កម្សាន្ត ដូចជា​បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ ប៉ុណ្ណោះ​ទេ​។

​លោកតា​វ័យ​៧៣​ឆ្នាំ​រូបនេះ ក៏​បញ្ជាក់ដែរថា នៅ​វត្ត​អារាម​វិញ ក៏មាន​ការសម្តែង​ល្ខោន​ផងដែរ​។ «​ពី​ក្មេង​មិនមាន​ល្បែង​អី​លេង​ច្រើន​ទេ មានតែ​លេង​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ អី​អស់ហ្នឹង​។ នៅ​វត្ត គេ​មាន​លេងល្ខោន​រាល់​ឆ្នាំ​។ ក្មេងប្រុសៗ​រៀបចំ​ស្មៅ​គោ​ហើយ នាំគ្នា​ទៅ​វត្ត​ជួបគ្នា​។ ដូច្នេះ​នៅ​វត្ត​អ៊ូអរ​រហូត​មិន​ស្ងាត់​ទេ​»​។ លោក ប្រាក់ ប៉ូ ក៏បាន​បញ្ជាក់​បន្ត​ដែរ​ថា សម័យ​នោះ មានតែ​ចាស់ៗ​ដែល​ពិសា​ស្រា រីឯ​ក្មេងៗ​វិញ​មិន​នឹកនា​ស្រា​ដូច​បច្ចុប្បន្ន​ទេ​៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com