ជាតិ
សង្គមជាតិ
ក្រសួង​ការងារ ប្រកាស​ពី​ក្រុមហ៊ុន​មួយ​ដែល​ឆបោក​ជ្រើសរើស​ពលករ​ទៅ​ក្រៅប្រទេស
14, Apr 2018 , 10:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាងថា ក្រុមហ៊ុន ស៊ី​ជេ លេ​ប័​រ សឹ​ប​ផ្លា​យ (CJ Labour Supply Co.,LTD) កំពុង​ឆបោក​សាធារណជន ដោយបាន​ក្លែងបន្លំ​ប្រកាស​អនុញ្ញាត​របស់​ក្រសួង ដើម្បី​ធ្វើជា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង នៅ​ថ្ងៃទី​១២​ខែមេសា ដែល​បាន​អះអាងថា​ក្រុមហ៊ុន​នេះ​បានជ្រើសរើស​ពលករ​ឲ្យ​ទៅធ្វើ​ការ​នៅ​ហុងកុង​។



​ក្រុមហ៊ុន​នេះ មាន​ទីស្នាក់ការ នៅ​អគារ​លេខ​១៣ ផ្លូវ​លេខ​២៧១ ក្រុមទី​៧ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​ការងារ​ឲ្យ​ដឹងថា​ខ្លួន​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច រៀបចំ​សំណុំ​ឯកសារ​ប្ដឹងទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

ក្រសួង​អះអាងថា​មិនបាន​ផ្ដល់​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន CJ Labour Supply ដើម្បី​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ គូ​វ៉េ​ត ហុងកុង ឬ​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន​នោះទេ​។

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រើន​រំ​លឹ​ង​ដល់​សាធារណជន ដែលមាន​បំណង​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។ មុនពេល​សាធារណជន​សម្រេចចិត្ត​ចុះឈ្មោះ​ទៅធ្វើ​ការ​តាមរយៈ​ក្រុមហ៊ុន​ណាមួយ ត្រូវ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់​ដែល​អនុញ្ញាត​ដោយ​ក្រសួង​មួយ​នេះ​។​

ក្រសួង​បញ្ជាក់ថា បើ​សា​ធារ​ជន​ចង់​សាកសួរ​ព័ត៌មាន អាចទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ០២៣ ៨៨០ ៤៧៤ ឬ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​២៥ រាជធានី​-​ខេត្ត ឬក៏​អាច​ពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​គេហទំព័រ​របស់​ក្រសួង WWW.mlvt.gov.kh ៕



Tag:
 ពលករ
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com