ជាតិ
សង្រ្កាន្តឆ្នាំថ្មី
នយោបាយជាតិ
មេបក្សកាន់អំណាច និងអតីតមេបក្សប្រឆាំង ជូនពរពលរដ្ឋពេលចូលឆ្នាំ ដោយបង្កប់សារនយោបាយ
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន លោក កឹម សុខា និងលោក សម រង្ស៊ី បានជូនពលរដ្ឋខ្មែរឲ្យមានសេចក្តីសុខ ហើយចង់ឲ្យប្រទេស ជួបតែសុខសន្តិភាព និងការរីកចម្រើន។ ក្រៅពីជូនពរនិងបួងសួងបែបនេះ សាររបស់អ្នកទាំងបី ក៏លាយឡំនឹងរឿងនយោបាយដែរ ដែលមើលទៅហាក់ចង់ទាញសមានចិត្តពីប្រជាពលរដ្ឋរៀងៗខ្លួន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានចេញសារលិខិតរហូតដល់ទៅ៥ទំព័រកន្លះឯណោះ ដើម្បីជូនពរក្នុងពិធីចូលឆ្នាំថ្មី។ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃគ្រប់ឋានានុក្រម ប្រជាពលរដ្ឋគ្រប់ស្រទាប់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សុទ្ធតែទទួលបានការជូនពរពីប្រមុខរដ្ឋាភិបាលកម្ពុជា។
ក្រៅពីការជូនពរ សារលិខិតនោះ ក៏បានរៀបរាប់យ៉ាងក្បោះក្បាយពីការរីកចម្រើនរបស់ប្រទេសជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការប្រឹងប្រែងរបស់រដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាល ក៏មិនភ្លេចលើកឡើងពីតម្លៃនៃសន្តិភាពដែរ។
សម្តេច ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋថា កម្ពុជា នឹងអភិវឌ្ឍអ្វីថ្មីថែមទៀត ហើយនៅតែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសន្តិភាពពេញលេញនៅទូទាំងប្រទេស។ សម្តេច ក៏ឆ្លៀតរំលេចពីជោគជ័យក្នុងការទប់ស្កាត់បក្សប្រឆាំង ដែលចង់ផ្តួលរំលំរដ្ឋាភិបាល តាមរយៈការលួចទៅពឹងពាក់កម្លាំងពីបរទេស។
នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«រដ្ឋាភិបាល នឹងពុះពារគ្រប់បែបយ៉ាង ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ ឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ប្រជាពលរដ្ឋទាំងមូល និងការពារសមិទ្ធផល ដែលសម្រេចបានកន្លទៅ»។
ចំណែក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ក៏មានសារលិខិតជូនពរដែរ។ ក្នុងសារលិខិត២ទំព័រ ដែលផ្ញើចេញពីពន្ធនាគារ លោក កឹម សុខា បានចាប់ផ្តើមប្រើពាក្យដំបូងថា «លោក នឹករឭកបំផុត ដល់ប្រជាពលរដ្ឋខ្មែរ»។
បន្ទាប់ពីជូនពរនិងផ្ញើក្តីនឹករឭកដល់ប្រជាពលរដ្ឋ អតីតប្រធានបក្សប្រឆាំង ដែលកំពុងស្ថិតក្រោមការសង្ស័យរបស់តុលាការថាចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញមតិ ជុំវិញស្ថានការណ៍នយោបាយ ដោយអមជាមួយនឹងការបង្ហាញឥរិយាបថទន់ភ្លន់ តាមរយៈការបញ្ចូលព្រះពុទ្ធឱវាទ និងទស្សនៈទាក់ទងនឹងគុណធម៌ ទៅក្នុងសារលិខិតនោះ។
លោក លើកឡើងថា ព្រឹត្តិការណ៍នយោបាយក្នុងឆ្នាំចាស់ បានកន្លងផុតទៅដោយភាពតានតឹង។ លោក វាយតម្លៃថា ឆ្នាំចាស់នេះ គុណធម៌ បានធ្លាក់ចុះយ៉ាងខ្លាំង ដែលជាហេតុបង្កឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយ មានការឈឺចាប់ ហើយក៏បណ្តាលឲ្យលែងទុកចិត្តគ្នា និងអាចធ្វើឲ្យជាតិបែកបាក់។ លោក ចង់ឲ្យប្រជាពលរដ្ឋ លើកកម្ពស់គុណធម៌ និងការគោរពសិទ្ធិមនុស្ស ទើបអាចកាត់បន្ថយការឈឺចាប់ និងវិនាសកម្មនានា។
លើសពីនេះ លោក កឹម សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយាយគ្រប់និន្នាការ ជាពិសេសអ្នកដឹកនាំប្រទេស កុំយកខ្មែរគ្នាឯងធ្វើជាសត្រូវ។ លោក យល់ឃើញយ៉ាងដូច្នេះថា៖«ការយកមិត្រធ្វើជាសត្រូវ យកសត្រូវធ្វើជាមិត្ត ឬយកខ្មែរគ្នាឯង ធ្វើជាសត្រូវ គឺជាអវិជ្ជា ដែលនាំឲ្យកម្ពុជាមានទុក្ខ ជាដរាបរៀងមក»។
ក្នុងសារលិខិត លោក កឹម សុខា ក៏បានប្រាប់អ្នកស្រឡាញ់ប្រជាធិបតេយ្យផងដែរថា កុំឲ្យបោះបង់ចោលការតស៊ូ និងការទាមទារឲ្យមានការផ្លាស់ប្តូរ។ ប៉ុន្តែ លោក ផ្តាំថា ការផ្លាស់ប្តូរ ចាំបាច់ត្រូវតែកើតឡើងដោយអហិង្សា តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ។ លោក បានលើកពីព្រះពុទឱវាទថា អ្វីៗតែងតែមានការផ្លាស់ប្តូរ មិនអាចប្រកែកបានឡើយ។
រីឯ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេស បានជូនពរប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយលោក មិនបានសរសេរសារលិខិតនោះទេ។
តាមរយៈសារនោះ លោក សម រង្ស៊ី បានបួងសួង ឲ្យកម្ពុជា មានប្រជាធិបតេយ្យ និងការបោះឆ្នោតដោយត្រឹមត្រូវ ដោយអះអាងថា លោក ក៏ត្រូវតែបន្តការតស៊ូផងដែរ ដើម្បីឲ្យក្តីប្រាថ្នានេះ បានសម្រេច។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំ និងអ្នកតស៊ូផ្សេងទៀត ក្នុងជួរគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នឹងធ្វើយ៉ាងណា ឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មីនេះ។ ជាពិសេស សូមឲ្យដំណើរការបោះឆ្នោត ក្លាយទៅជាដំណើរការបោះឆ្នោតត្រឹមត្រូវ ក្នុងពេលមួយសមស្រប ដើម្បីឲ្យប្រជារាស្ត្រខ្មែរ មានឱកាសបង្ហាញឆន្ទៈយ៉ាងពិតប្រាកដ ដែលអ្នកនយោបាយទាំងអស់ ត្រូវតែគោរពដាច់ខាត»៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ចូលឆ្នាំ
ហ៊ុន សែន
កឹម សុខា
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com