កីឡាជាតិ
ជាតិ
សុខ ចាន់​មាន ប្រឹង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការពារ​ជើងឯក​ពិភពលោក​នៅ​កាណាដា​
15, Apr 2018 , 5:59 pm        
រូបភាព
កីឡាករ សុខ ចាន់មាន (ស្តាំ)លើកមេដាយមាសពិភពលោកដែលឈ្នះពីប្រទេសម៉ាដាហ្គាស្កាកាលពីឆ្នាំ២០១៦
កីឡាករ សុខ ចាន់មាន (ស្តាំ)លើកមេដាយមាសពិភពលោកដែលឈ្នះពីប្រទេសម៉ាដាហ្គាស្កាកាលពីឆ្នាំ២០១៦
ដោយ:
​ម្ចាស់​មេដាយមាស​ប៉េតង់​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា សុខ ចាន់​មាន នឹង​ចេញទៅ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​ប្រទេស​កាណាដា នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ដើម្បី​ត្រៀម​រក្សា​ជើងឯក​របស់ខ្លួន ចាន់​មាន ប្តេជ្ញា​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់​ខ្លាំង តាមរយៈ​ការបង្កើន​ពេលវេលា​ហ្វឹកហាត់​លើ​កាលវិភាគ​ហ្វឹកហាត់​របស់​គ្រូ​បច្ចុប្បន្ន​។ បញ្ហា​អាកាសធាតុ និង​ទីលាន​ប្រកួត​នៅតែ​ជា​ក្តីកង្វល់​សម្រាប់ ចាន់​មាន ក្នុងការ​ចេញទៅ​ការពារ​តំណែង​ជើងឯក​លើក​នេះ​។​



​ម្ចាស់​មេដាយមាស​ពិភពលោក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​កាលពី​ឆ្នាំ​២០១៦ សុខ ចាន់​មាន បាន​ប្តេជ្ញា​ថា រូបគេ​នឹង​បង្កើន​ពេលវេលា​ហ្វឹកហាត់ ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក​ពិភពលោក​នៅ​ឆ្នាំនេះ​។ កីឡាករ សុខ ចាន់​មាន រួមទាំង​កីឡាករ​៣​រូប​ផ្សេងទៀត នឹង​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ប្រទេស​កាណាដា នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។ 

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com នៅ​ទីលាន​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ កីឡាករ សុខ ចាន់​មាន បានបង្ហាញ​ការប្តេជ្ញា​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ការត្រៀម​ជើងឯក​ពិភពលោក​ឆ្នាំនេះ ក្នុងនាម​យើង​ជា​កីឡាករ យើង​ត្រូវ​បង្កើន​ការហ្វឹកហាត់​ដោយ​ខ្លួនឯង តាមរយៈ​ការបង្កើន​ពេលវេលា​ហ្វឹកហាត់​លើ​កាលវិភាគ​ដែល​ថ្នាក់ដឹកនាំ​បានកំណត់​។ លើសពីនេះ ខ្ញុំ​នឹង​យក​ពេលវេលា​ឈប់សម្រាក​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ហ្វឹកហាត់​ហាត់​បង្កើន​សមត្ថភាព​បន្ថែមទៀត​»​។

​ជាមួយ​ការប្តេជ្ញា​បង្កើន​ការហ្វឹកហាត់ ម្ចាស់​មេដាយមាស Asian Beach Game នៅ​វៀតណាម​កាលពី​ឆ្នាំ​២០១៦​រូបនេះ​រំពឹងថា ខ្លួន​នឹង​អាច​ឈានដល់​ដំណាក់កាល​មួយ​ដ៏​ល្អ​សម្រាប់​ការប្រកួត​លើក​នេះ​។ នៅពេល​សួរ​ពី​ក្តី​រំពឹង​ក្នុង​ការពារ​ដំណែង​ជើងឯក​ឆ្នាំនេះ សុខ ចាន់​មាន បាន​និយាយថា រូបគេ​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​នោះទេ ព្រោះ​កីឡាករ​បរទេស​បច្ចុប្បន្ន​មាន​សមត្ថ​ភាពកើនឡើង​ខ្លាំង​។ ម្យ៉ាង​បញ្ហា​អាកាសធាតុ និង​ទីលាន​ប្រកួត ក៏​ជា​ផ្នែក​មួយ​ផងដែរ​។

«​ខ្ញុំ​មិន​ហ៊ាន​រំពឹង​ខ្ពស់​នោះទេ គឺ​ត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឈានទៅ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ព្រោះ​ខ្ញុំ​មើលឃើញថា សមត្ថភាព​កីឡាករ​បរទេស​បច្ចុប្បន្ន​ចេះតែមាន​ការកើនឡើង ខណៈ​កម្ពុជា​យើង​ហាក់​នៅ​ទ្រឹង​។ ហើយ​បញ្ហា​អាកាសធាតុ​ត្រជាក់ និង​ការ​មិនដឹង​ពី​ស្ថានភាព​ទីលាន​ប្រកួត​ជា​បញ្ហា​ប្រឈម​សម្រាប់​យើង ព្រោះ​យើង​មិនដឹងថា គេ​ប្រកួត​ក្នុង​សាល ឬ​ក្រៅ​នោះទេ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់​កីឡាករ សុខ ចាន់​មាន​។

​សម្រាប់​ការប្រកួត​នៅ​កាណាដា​លើក​នេះ វា​ជា​លើក​ទី​៤៨​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​។ ហើយ​វា​ជា​លើក​ទី​៥​សម្រាប់​កីឡាករ សុខ ចាន់​មាន ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ នា​ការប្រកួត​៤​លើក​កន្លងមក​កីឡាករ សុខ ចាន់​មាន ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​ក្រុម និង​ឈ្នះ​មេដាយមាស​១​លើ​វិញ្ញាសា​វាយយក​ពិន្ទុ រីឯ​ពីរលើក​ផ្សេងទៀត​រូបគេ​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។

​ការប្រកួត​នៅ​ប្រទេស​កាណាដា​លើក​នេះ កីឡាករ សុខ ចាន់​មាន នឹង​ប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម និង​វិញ្ញាសា​វាយយក​ពិន្ទុ​ដែល​រូបគេ​បានឈ្នះ​មេដាយមាស​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា កាលពី​អំឡុង​ឆ្នាំ​២០១៦ កន្លងទៅ​៕


Tag:
 ប៉េតង់​
  សុខ ចាន់​មាន​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com