កីឡាជាតិ
ជាតិ
សុខ ចាន់មាន ប្រឹងហ្វឹកហាត់ ដើម្បីត្រៀមការពារជើងឯកពិភពលោកនៅកាណាដា កីឡាករ សុខ ចាន់មាន (ស្តាំ)លើកមេដាយមាសពិភពលោកដែលឈ្នះពីប្រទេសម៉ាដាហ្គាស្កាកាលពីឆ្នាំ២០១៦
× ម្ចាស់មេដាយមាសប៉េតង់ជើងឯកពិភពលោកនៅប្រទេសម៉ាដាហ្គាស្កា សុខ ចាន់មាន នឹងចេញទៅការពារតំណែងជើងឯករបស់ខ្លួននៅប្រទេសកាណាដា នាអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ដើម្បីត្រៀមរក្សាជើងឯករបស់ខ្លួន ចាន់មាន ប្តេជ្ញាបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់ខ្លាំង តាមរយៈការបង្កើនពេលវេលាហ្វឹកហាត់លើកាលវិភាគហ្វឹកហាត់របស់គ្រូបច្ចុប្បន្ន។ បញ្ហាអាកាសធាតុ និងទីលានប្រកួតនៅតែជាក្តីកង្វល់សម្រាប់ ចាន់មាន ក្នុងការចេញទៅការពារតំណែងជើងឯកលើកនេះ។
ម្ចាស់មេដាយមាសពិភពលោកពីប្រទេសម៉ាដាហ្គាស្កាកាលពីឆ្នាំ២០១៦ សុខ ចាន់មាន បានប្តេជ្ញាថា រូបគេនឹងបង្កើនពេលវេលាហ្វឹកហាត់ ក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែប្រសើរថែមទៀត ដើម្បីត្រៀមការពារតំណែងជើងឯកពិភពលោកនៅឆ្នាំនេះ។ កីឡាករ សុខ ចាន់មាន រួមទាំងកីឡាករ៣រូបផ្សេងទៀត នឹងចេញទៅចូលរួមប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកនៅប្រទេសកាណាដា នាអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន thmeythmey.com នៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ កីឡាករ សុខ ចាន់មាន បានបង្ហាញការប្តេជ្ញាយ៉ាងដូច្នេះថា៖«សម្រាប់ការត្រៀមជើងឯកពិភពលោកឆ្នាំនេះ ក្នុងនាមយើងជាកីឡាករ យើងត្រូវបង្កើនការហ្វឹកហាត់ដោយខ្លួនឯង តាមរយៈការបង្កើនពេលវេលាហ្វឹកហាត់លើកាលវិភាគដែលថ្នាក់ដឹកនាំបានកំណត់។ លើសពីនេះ ខ្ញុំនឹងយកពេលវេលាឈប់សម្រាកនៅថ្ងៃសៅរ៍ និងអាទិត្យ ហ្វឹកហាត់ហាត់បង្កើនសមត្ថភាពបន្ថែមទៀត»។
ជាមួយការប្តេជ្ញាបង្កើនការហ្វឹកហាត់ ម្ចាស់មេដាយមាស Asian Beach Game នៅវៀតណាមកាលពីឆ្នាំ២០១៦រូបនេះរំពឹងថា ខ្លួននឹងអាចឈានដល់ដំណាក់កាលមួយដ៏ល្អសម្រាប់ការប្រកួតលើកនេះ។ នៅពេលសួរពីក្តីរំពឹងក្នុងការពារដំណែងជើងឯកឆ្នាំនេះ សុខ ចាន់មាន បាននិយាយថា រូបគេមិនហ៊ានដាក់ក្តីរំពឹងខ្ពស់នោះទេ ព្រោះកីឡាករបរទេសបច្ចុប្បន្នមានសមត្ថភាពកើនឡើងខ្លាំង។ ម្យ៉ាងបញ្ហាអាកាសធាតុ និងទីលានប្រកួត ក៏ជាផ្នែកមួយផងដែរ។
«ខ្ញុំមិនហ៊ានរំពឹងខ្ពស់នោះទេ គឺត្រឹមតែ៥០ភាគរយប៉ុណ្ណោះក្នុងឈានទៅដំណាក់កាលផ្តាច់ព្រ័ត្រ ព្រោះខ្ញុំមើលឃើញថា សមត្ថភាពកីឡាករបរទេសបច្ចុប្បន្នចេះតែមានការកើនឡើង ខណៈកម្ពុជាយើងហាក់នៅទ្រឹង។ ហើយបញ្ហាអាកាសធាតុត្រជាក់ និងការមិនដឹងពីស្ថានភាពទីលានប្រកួតជាបញ្ហាប្រឈមសម្រាប់យើង ព្រោះយើងមិនដឹងថា គេប្រកួតក្នុងសាល ឬក្រៅនោះទេ»។ នេះជាការបង្ហាញក្តីកង្វល់របស់កីឡាករ សុខ ចាន់មាន។
សម្រាប់ការប្រកួតនៅកាណាដាលើកនេះ វាជាលើកទី៤៨នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក។ ហើយវាជាលើកទី៥សម្រាប់កីឡាករ សុខ ចាន់មាន ដែលបានចូលរួមព្រឹត្តិការណ៍នេះ។ នាការប្រកួត៤លើកកន្លងមកកីឡាករ សុខ ចាន់មាន ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១លើវិញ្ញាសាក្រុម និងឈ្នះមេដាយមាស១លើវិញ្ញាសាវាយយកពិន្ទុ រីឯពីរលើកផ្សេងទៀតរូបគេធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ការប្រកួតនៅប្រទេសកាណាដាលើកនេះ កីឡាករ សុខ ចាន់មាន នឹងប្រកួតលើវិញ្ញាសាជាក្រុម និងវិញ្ញាសាវាយយកពិន្ទុដែលរូបគេបានឈ្នះមេដាយមាសពីប្រទេសម៉ាដាហ្គាស្កា កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅ៕
Tag:
ប៉េតង់
សុខ ចាន់មាន
កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com