ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែតដែលបានកៅអីទៅរុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ស្ថិតនៅពូល F ត្រូវជួបជាមួយអាល្លឺមង់ មកពីអឺរ៉ុបដូចគ្នា ម៉ិកស៊ិមកពីអាមេរិកកណ្តាល និងកូរ៉េខាងត្បូងពីតំបន់អាស៊ី។
គ្រូបង្វឹក៖ លោក Janne Andersson (ស៊ុយអែត)
លោក Andersson ជាគ្រូបង្វឹកដ៏មានបទពិសាធន៍ម្នាក់ដោយអាចនាំក្លិប IFK Norrkoping ឈ្នះពានរង្វាន់ Allsvenskan នៃលីកកំពូលរបស់ស៊ុយអែតកាលពីឆ្នាំ២០១៥។ បន្ទាប់ពីទទួលបន្ទុកលើក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៦ អ្នកចាត់ការវ័យ៥៥ឆ្នាំរូបនេះ បាននាំស៊ុយអែតទៅ Euro 2016 នៅបារាំង ហើយថែមទាំងធ្វើឲ្យមានភាពភ្ញាក់ផ្អើលបន្ថែមទៀតដោយអាចជួយក្រុមនេះបានកៅអីទៅ World Cup លើកទី២២ នៅរុស្ស៊ី ក្រោយឈ្នះអ៊ីតាលីក្នុងវគ្គ Play-off។
កីឡាករឆ្នើម៖ Marcus Berg
បន្ទាប់ពីការចូលនិវត្តន៍របស់កីឡាករ Zlatan Ibrahimovic នោះ ខ្សែប្រយុទ្ធ Berg អាចចូលមកជំនួសតំណែងនេះជាមួយនឹងការស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់សម្រាប់ ជម្រើសជាតិស៊ុយអែតក្នុងរយៈពេលចុងក្រោយនេះ។
ខ្សែប្រយុទ្ធរបស់ក្លិប Al Ain វ័យ៣១ឆ្នាំ អាចរកគ្រាប់បាល់បាន ៨គ្រាប់ក្នុងយុទ្ធនាការប្រកួតជម្រុះតាមពូលក្នុងតំបន់អឺរ៉ុបដើម្បីបានសំបុត្រទៅរុស្ស៊ីឆ្នាំ ២០១៨។