អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​មិន​ដកទ័ព​ចេញពី​ស៊ី​រី​ឡើយ ដរាបណា​ខ្លួន​មិនទាន់​សម្រេច​គោលដៅ​
16, Apr 2018 , 9:27 am        
រូបភាព
​ក្រោយ​ប្រើប្រាស់​មី​ស៊ី​ល​វាយប្រហារ​ស៊ី​រី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ទី ១៤ ខែមេសា តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អះអាងថា អាមេរិក​នឹងមិន​ដកទ័ព​ចេញពី​ស៊ី​រី​ឡើយ ដរាបណា​គោលដៅ​ចម្បង​របស់ខ្លួន​មិនទាន់​សម្រេចបាន​នោះ​។ 

​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ផ្លាស់ប្តូរ​ជំហរ​ជាថ្មី​ក្នុង​បញ្ហា​ស៊ី​រី ក្រោយ​ពេលដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​អង់គ្លេស និង​បារាំង​ប្រើប្រាស់​មី​ស៊ី​ល ១០៣ គ្រាប់ វាយប្រហារ​ទីតាំង​មួយចំនួន​នៅ​ស៊ី​រី​ដើម្បី​ឆ្លើយតប​នឹង​ព័ត៌មាន​ថា ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​។ 
 
​លោកស្រី Nikki Haley បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បង្ហើប​ក្នុង​បទសម្ភាសន៍​ជាមួយ Fox News ថា រដ្ឋបាល​អាមេរិក​នឹងមិន​ដក​កងទ័ព​ពី​ស៊ី​រី​ឡើយ ដរាបណា​គោលដៅ​ខ្លួន​មិនទាន់​សម្រេចបាន​នោះ​។ លោកស្រី​បាន​រៀបរាប់​គោលដៅ​សំខាន់​ដែល​អាមេរិក​ចង់បាន​នោះ​មាន​ចំនួន​បី​ក្នុងនោះ​មាន ការទប់ស្កាត់​ការប្រើ​អាវុធ​គីមី​ជាថ្មី​, ធានាថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ត្រូវ​កម្ចាត់ និង ឃ្លាំមើល​សកម្មភាព​អឺ​រ៉ង់​នៅ​មជ្ឈិមបូព៌ា​។ 
 
​លោកស្រី​បាន​បន្ថែម​បែបនេះ​៖ «​យើង​ចង់ឃើញ​ការ​ត្រឡប់មកវិញ​របស់​ក​ង​ទ័ព​អាមេរិក ប៉ុន្តែ​យើង​មិន​ចាកចេញ​ឡើយ​ដរាបណា​គោលដៅ​ទាំងនេះ​មិនទាន់​សម្រេចបាន​ទេនោះ​»​។​
 
​តាមពិតទៅ កាលពីដើម​ខែមេសា​កន្ល​ង​មកនេះ លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​ចង់​ឲ្យ​កងទ័ព​អាមេរិក​ដែលមាន​ប្រហែល ២០០០​នាក់​នោះ​ចាក​ចេញពី​ស៊ី​រី​ឆាប់ៗ​ដោយ​ទុក​ឲ្យ​ប្រទេស​ដទៃ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ស៊ី​រី​វិញ ព្រោះ​ការងារ​របស់​កងទ័ព​អាមេរិក​ក្នុងការ​កម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជិត​ចប់​ហើយ​។ លោក​បន្ថែមទៀតថា បើសិនជា​ចង់​ឲ្យ​អាមេរិក​នៅ​បន្ត អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​បង់លុយ​ឲ្យ​អាមេរិក​ដូចគ្នា​។​
 
​ក្រោយមក​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែមេសា លោក ត្រាំ បាន​ប្តូរ​សម្តី​របស់ខ្លួន​ដោយ​ប្រកាសថា អាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​រក្សា​ការឆ្លើយតប​ដោយ​ប្រើប្រាស់​កម្លាំង បើសិនជា​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ មិន​ព្រម​បញ្ឈប់​ការប្រើប្រាស់​អាវុធ​គីមី​ទេនោះ​៕ 

Tag:
 ​ស៊ី​រី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អាវុធ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com