អាសាដ សរសើរ​អាវុធ​សូ​វៀត​ដែល​ជួយ​ឲ្យ​ខ្លួន​ទម្លាក់​មី​ស៊ី​ល​អាមេរិក​បាន​ក្រាស់ក្រែល​

អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាសាដ សរសើរ​អាវុធ​សូ​វៀត​ដែល​ជួយ​ឲ្យ​ខ្លួន​ទម្លាក់​មី​ស៊ី​ល​អាមេរិក​បាន​ក្រាស់ក្រែល​
16, Apr 2018 , 2:03 pm         16880
រូបភាព
ប្រព័ន្ធការពារអាកាស Buk ផលិតសម័យសូវៀត (Times of Israel)
ប្រព័ន្ធការពារអាកាស Buk ផលិតសម័យសូវៀត (Times of Israel)
ដោយ: ថ្មីៗ
​ក្រោយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស បាញ់​ផ្លោង​មី​ស៊ី​ល​ស្រោច​លើទឹក​ដី​ស៊ី​រី វា​មានការ​អះអាង​ខុសគ្នា​ជុំវិញ​ចំនួន​មី​ស៊ី​ល​ដែល​បាញ់​ចំ​គោលដៅ​។ រុស្ស៊ី​អះអាងថា ស៊ី​រី​ចាប់បាន​មី​ស៊ី​ល​អាមេរិក​និង​សម្ព័ន្ធមិត្ត ៧១ គ្រាប់ ហើយ​លោក បា​សា អាល់​អាសាដ ចេញមុខ​សរសើរ​អាវុធ​សល់​ពី​ជំនាន់​សូ​វៀត​ថែមទៀត​នៅ​ចុង​សប្តាហ៍​នេះ​។​

​សមាជិកសភា​រុស្ស៊ី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ នៅ​ក្រុង​ដា​ម៉ាស​នៅ​ថ្ងៃអាទិត្យ​ទី ១៥ ខែមេសា ពោលគឺ​មួយថ្ងៃ​ក្រោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ទីតាំង​សំខាន់​ចំនួន​បី​ដែល​គេ​ចោទថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​អាវុធ​គីមី​។​
 
​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT ក្នុងជំនួប​នោះ​លោក អាសាដ បាន​ថ្លែង​សរសើរ​គុណភាព​រប​ស់​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ផលិត​តាំងពី​ជំនាន់​សូ​វៀត​ផងដែរ ព្រោះ​វា​ជួយ​ឲ្យ​ស៊ី​រី​អាច​តបត​នឹង​ការវាយប្រហារ​របស់លោក​ខាងលិច​បាន​។   
 
​បើតាម​សមាជិកសភា​រុស្ស៊ី​លោក Dmitry Sablin លោក អាសាដ បាន​ថ្លែង​ដូច្នេះ​៖« ម្សិលមិញ យើង​ប្រឈមមុខ​នឹង​ការឈ្លានពាន​របស់​អាមេរិក ហើយ​យើង​អាច​តបត​នឹង​ការឈ្លានពាន​នេះ​បាន​ដោយ​ប្រើប្រាស់​មី​ស៊ី​ល​សូ​វៀត​ពី​ជំនាន់​ឆ្នាំ ១៩៧០ មក​នោះ​។ ចាប់ពី​ឆ្នាំ ១៩៩០ មក ភាពយន្ត​អាមេរិក​តែងតែ​បង្ហាញថា អាវុធ​រុស្ស៊ី​ហួស​សម័យ ប៉ុន្តែ​ឥឡូវនេះ​យើង​ឃើញ​ហើយ​ថា អាវុធ​អ្នកណា​ដែល​ហួស​សម័យ​នោះ​»​។ 
 
​នៅ​ថ្ងៃ​សៅរ៍ ក្រោយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​វាយប្រហារ​ស៊ី​រី ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាសថា កងទ័ពអាកាស​ស៊ី​រី​មានលទ្ធភាព​បាញ់​ស្ទាក់​មី​ស៊ី​ល ៧១ ក្នុងចំណោម​មី​ស៊ី​ល​ទាំង ១០៣ ដើម​។ ក្រសួង​នេះ​ថែមទាំង​បញ្ជាក់​ផងដែរ​ថា   ស៊ី​រី​ប្រើប្រាស់​អាវុធ​ដែល​សល់​ពី​សម័យ​សូ​វៀត​មាន​ដូច S-125 , S-200, ប្រព័ន្ធ Buk , Kvadrat និង Osa ផងដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ​ពាក់ព័ន្ធ​មី​ស៊ី​ល​នេះ វា​មានការ​អះអាង​ខុសគ្នា​ទាំងស្រុង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ជាមួយ​រុស្ស៊ី និង​ស៊ី​រី​។ ខណៈដែល​ស៊ី​រី និង​រុស្ស៊ី​អួតអាង​ថា មី​ស៊ី​ល ៧១ គ្រាប់​ត្រូវគេ​ស្ទាក់ចាប់​ជាប់​នោះ អាមេរិក និង​បារាំង បានប្រកាស​ដូចគ្នា​ថា មី​ស៊ី​ល​ខ្លួន​ទាំង ១០៣ គ្រាប់​មិនត្រូវ​បាន​បាញ់​ទម្លាក់​សូម្បី​តែមួយ​៕ 
 
 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next