អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី ដាស់តឿន​អង្គភាព​ប្រឆាំង​ពុករលួយ​កុំ​ចាញ់​ច្រាប​បុគ្គល​មាន​ឥទ្ធិពល​
17, Apr 2018 , 10:33 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ទើប​ឡើងកាន់​អំណាច​ថ្មី លោក Win Myint បាន​ដាស់តឿន និង​ណែនាំ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ដោយ​មិនត្រូវ​ស្តាប់ ឬ​ស្ថិត​ក្រោមបង្គាប់​បុគ្គល​មាន​ឥទ្ធិពល​ណាមួយ​ឡើយ ក្នុងពេល​បំពេញ​ទទួល​តួនាទី​របស់ខ្លួន ។ ប្រធានាធិបតី​រូបនេះ បាន​ផ្តាំ​ដល់​មន្ត្រី​អង្គភាព​ដដែល​នោះ​ឲ្យ​រាយការណ៍​ប្រាប់​លោក ប្រសិនបើ​មានការ​មិន​គោរព​បេសកកម្ម​នោះ ។ 


​លោក​ប្រធានាធិបតី Win Myint នៅ​ថ្ងៃ​១១ មេសា បានអនុញ្ញាត​ឲ្យ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ចូល​សម្តែង​ការគួរសម​ដំបូង​គេ​បង្អស់ ក្រោយពី​លោក ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ថ្មី ក្នុង​អាណត្តិ​ដឹកនាំ​របស់​រដ្ឋាភិបាល​ប​ក្ស​ស៊ីវិល​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន មី​យ៉ាន់​ម៉ា The Irrawaddy ។ 

​តាមរយៈ​ជំនួប​នោះ លោក​ប្រធានាធិបតី ដែល​ត្រូវជា​ជំនិត​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​រូបនេះ បាន​លើកឡើងថា អំពើពុករលួយ ពិតជា​ជះឥទ្ធិពល​យ៉ាង​អវិជ្ជមាន​ទៅលើ​ការវិនិយោគ​របស់​បរ​ទេស ការអភិវឌ្ឍ​ជាតិ និង រូបភាព​របស់​ប្រទេស​ទៀតផង ។ លោក បាន​ទទូច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បំពេញការងារ និង​បេសកកម្ម​របស់ខ្លួន​ដោយ​កុំ​មានការ​ភ័យខ្លាច​អ្វី​ឡើយ ។ 

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី បាន​អះអាងថា មាន​មនុ​ស្សមាន​ឥទ្ធិពល​មួយចំនួន​អាច​នឹង​មកជួយ​ការពារ​អ្នក​ដែល​ជាប់ចោទ​បទ​ពុករលួយ ហើយ​ក្រុមមនុស្ស​ទាំងនេះ អាច​នឹង​មក​អង្គភាព និង​ព្យាយាម​ចរចា​ជាមួយនឹង​អង្គភាព​ដើម្បី​បន្ធូរ​បន្ថយទោស ។ លោក ថ្លែង​បែបនេះ រួចហើយ ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖« ប្រសិនបើ​មាន​ករណីបែបនេះ សូមកុំ​លើកលែង​ឲ្យ​ជនជាប់ចោទ​ទាំងនោះ​ឲ្យ​សោះ » ។​

​សូម​ជម្រាប​ផងដែរ​ថា តាមរយៈ​នីតិកាល​ដឹកនាំ​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​តួអង្គ​ស្នូល បាន​សន្យា​ហើយ​ថា រដ្ឋាភិបាល​លោកស្រី ត្រូវតែ​ស្អាតស្អំ ។ សូម្បីតែ​ការទទួល​កញ្ចប់​អំណោយ​ផ្សេងៗ ក៏​លោកស្រី បានចេញ​ក្រឹត្យក្រម​ច្បាស់​ទៅកាន់​មន្ត្រី​ផងដែរ ពោលគឺ លោកស្រី ព្យាយាម​កសាង​រូបភាព​មី​យ៉ាន់​ម៉ា​ជាថ្មី ក្រោយពី​ទទួលរង​ការដឹកនាំ​បែប​យោធា​អស់កាល​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ ។ 

​បើតាម The Irrwaddy គ្រាន់តែ​រយៈពេល​មួយ​ត្រីមាស​នៃ​ឆ្នាំ​២០១៨​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា បានទទួល​បណ្តឹងរ​ហូត​ដល់​ជិត​២​ពាន់​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើ​សូកប៉ាន់ និង​ពុករលួយ ដែល​ក្នុងនោះ មុខសញ្ញា​ដែល​រង​បណ្តឹង​ច្រើនជាងគេ គឺ​ក្រសួងមហាផ្ទៃ​តែម្តង ៕ 
 

Tag:
 មី​យ៉ាន់​ម៉ា
  ពុករលួយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com