ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សិល្បះ
សិរីមន្ត, នីសា និងកូនប្រុសទាំង៣របស់ ព្រាប សុវត្ថិ នឹងអង្រួនឆាកតន្ត្រីនៅសួនច្បារសម្តេច ហ៊ុន សែន
× ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើក ដែលមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងជូរមុខកម្ពុជារួមមាន ខេមរៈ សិរីមន្ត, សុគន្ធ នីសា, កញ្ញា យូរី និងកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ បង្ហាញវត្តមាននៅសួនច្បារសម្តេច ហ៊ុន សែន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងកម្មវិធីកម្សាន្តនានាជាច្រើនទៀត ពិសេសមានការតាំងពោងខ្យល់ជារូបរាងសត្វលំអរដោយភ្លើងចម្រុះពណ៌នៅទីនោះផងដែរ។
តារាចម្រៀងជូរមុខកម្ពុជារួមមានលោក ខេមរៈ សិរីមន្ត, អ្នកនាង សុគន្ធ នីសា, កញ្ញា យូរី, កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ, សុវត្ថិ សិរីវុឌ្ឍ) និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងឡើងអង្រួនឆាកតន្ត្រីនៃ«ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី»ចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០១៨ នៅសួនច្បារសម្តេច ហ៊ុន សែន។
ដើម្បីផ្តល់ជាទស្សនីយភាពឲ្យកាន់តែប្លែក ក៏ដូចជាបង្កើនភាពសប្បាយរីករាយជូនប្រជាពលរដ្ឋកម្ពុជាពិសេសអ្នកនៅរាជធានីភ្នំពេញ ក្រៅពីព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យខាងលើ ក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ របាំអប្សរា ការសម្តែងរបស់ក្រុមតន្ត្រីជាតិ និងអន្តរជាតិ និងការសម្តែងសៀករហ័សសកម្មជាដើម។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ដឹកនាំណាហ្គាវើល បានចាត់ទុកព្រឹត្តិការណ៍ដែលជាការសហការរវាងសាលារាជធានីភ្នំពេញជាមួយណាហ្គាវើលថា ជាព្រឹត្តិការណ៍ដ៏ធំ និងប្លែកទីមួយក្នុងរាជធានីភ្នំពេញ ដែលបានផ្តល់ភាពសប្បាយរីករាយមិនអាចបំភ្លេចបានសម្រាប់សាធារណជន។
ដើម្បីបង្កើនការទាក់ទាញ ក៏ដូចជាឲ្យសាធារណជនអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី មានការតាំងបង្ហាញរូបតុក្កតាពោងខ្យល់ធំៗ លំអរដោយភ្លើងចម្រុះពណ៌ជាច្រើននៅសួនច្បារសម្តេច ហ៊ុន សែន ថែមទៀតផង។ រូបពោងខ្យល់ដ៏ស្រស់ស្អាតទាំងនោះរួមមាន រូបសុនខតំណាងឲ្យឆ្នាំច រូបបង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំជាច្រើនទៀត។
«ព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរបុណ្យចូលឆ្នាំថ្មី»ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំណាហ្គាវើល។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃបើកផ្លូវការរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅសួនច្បារសម្តេច ហ៊ុន សែន៕
Tag:
ខេមរៈ សិរីមន្ត
សុគន្ធ នីសា
កូនព្រាប សុវត្ថិ
© រក្សាសិទ្ធិដោយ thmeythmey.com