អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការ​ចេញពី​តុលាការ ICC បន្តបន្ទាប់ បង្ហាញថា​តុលាការ​មិន​អ​ព្យា​ក្រឹត្យ ឬ​មេដឹកនាំ​ពិភពលោក​គ្មាន​ទំនួល​ខុសត្រូវ​?
17, Apr 2018 , 4:32 pm        
រូបភាព
ដោយ:
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជា​តុលាការ​កម្រិត​កំពូល​មួយ​ដែលមាន​យុត្តាធិការ​ជំនុំជម្រះ​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ តុលាការ​ហាក់​ជួប​វិបត្តិ​មួយ នៃ​ការធ្លាក់​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង​សមាជិក​របស់ខ្លួន និង​នាំ​ឧក្រិដ្ឋជន​មក​ទទួលទោស​ចំពោះមុខ​ច្បាប់ ។ តុលាការ ថែមទាំង​គ្មាន​លទ្ធភាព​ទប់ស្កាត់​សមាជិក​មិន​ឲ្យ​ចាក​ចេញពី​ស្ថាប័ន​ខ្លួន ខណៈ​ពួកគេ កំពុងតែ​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ទៀត​។ 


​គ្រាន់តែ​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ តុលារ​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បាត់បង់​សមាជិក​ប្រចាំ​តំបន់​ពីរ​ក្នុងនោះ​មាន ប៊ូ​រ៉ុ​ន​ឌី និង ហ្វីលីពីន ។ ការចាកចេញ​របស់​ប្រទេស​ទាំងពីរ ធ្វើឡើង​ដោយមាន​ការចោទប្រកាន់​ថា តុលាការ​នេះ​ធ្វើការ​មិនមាន​ឯករាជ្យ និង​ដាក់​គោលដៅ​តែ​លើ​ប្រទេស​តូចតាច ខណៈ​ប្រទេស​មហាអំណាច​មួយចំនួន ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន តុលា​ការមិន​ព្រម​ចាត់ការ​សោះ ។ 
១. រដ្ឋ​អាហ្វ្រិក បើកឆាក​មុនគេ​ក្នុង​ការដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ 

​តំបន់​អាហ្វ្រិក ដែល​សំបូរ​ទៅដោយ​បញ្ហា​នៃ​ការបំពាន​សិទ្ធិមនុស្ស ប៊ូ​រ៉ុ​ន​ឌី នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ បានសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​របស់ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ពេលនោះ ធ្វើ​ឲ្យ​ប៊ូ​រ៉ុ​ន​ឌី ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់ ដែល​បាន​ដើរ​ចេញពី​តុលាការ គិត​ចាប់តាំងពី​ការ​បង្កើតជា​ផ្លូវ​នៅ​ឆ្នាំ​២០០២ មក ។ 

​ការចាកចេញ​របស់​ប៊ូ​រ៉ុ​ន​ឌី​ជាមួយនឹង​ការចោទប្រកាន់ថា​តុលាការ​បំពេញការងារ​មិន​តម្លាភាព និង​ស្ថិតក្រោម​ឥទ្ធិពល​របស់លោក​ខាងលិច​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោកស្រី Fatou Bensouda បានប្រកាស​ស៊ើបអង្កេត​ពេញលេញ និង​អាចឈាន​ទៅដល់​ការកាត់ទោស​ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ប៊ូ​រ៉ុ​ន​ឌី ។ 

​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះដែរ គេ​ចាំ​ថា​នៅពេលនោះ មាន​ការតវ៉ា​ប្រឆាំង​លោក​ប្រធានាធិបតី​ប៊ូ​រ៉ុ​ន​ឌី Pierre Nkurunziza ដែល​បាន​ឡើងកាន់​អំណាច​ក្នុង​អាណត្តិ​ទី​បី ដែល​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​។ ពេលនោះ​ដែរ វា​មាន​របាយការណ៍​សិទ្ធិមនុស្ស​ជាច្រើន បាន​អះអាងថា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ហិង្សា​បង្ក្រាប​ប្រជាជន និង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​រាប់រយ​នាក់​ទៀតផង ។ មកទល់ពេលនេះ ប៊ូ​រ៉ុ​ន​ឌី នៅតែ​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​តុលាការ បើទោះបីជា​សមាជិកភាព​របស់ខ្លួន​បានបញ្ចប់​ហើយក៏​ដោយ ។ 

២. ការចាកចេញ​របស់​ប្រទេស​អាស៊ាន 

​រយៈពេល​ក្រោយ​មួយឆ្នាំ​នៃ​ការចាកចេញ​របស់​រដ្ឋ​អាហ្វ្រិក ហ្វីលីពីន ដែលជា​រដ្ឋ​មួយ​ប្រចាំ​តំបន់​អាស៊ាន ក៏បាន​ប្រកាស​ជូនដំណឹង​ផ្លូវការ​នៃ​ការចាកចេញ​របស់ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មួយទៀត ។ ការចាកចេញ​របស់​ហ្វីលីពីន ត្រូវបាន​បកស្រាយ​ដោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ យ៉ាង​ដូច្នេះ​ថា​៖« ICC ឃោរឃៅ​ណាស់ ។ តុលាការ​នេះ មិនមែន​បង្កើតឡើង​តាមរយៈ​សន្ធិសញ្ញា ដែល​ធ្វើ​ដោយ​គ្រប់គ្នា​ឡើយ វា (ICC) មាន​សហភាព​អឺរ៉ុប​នៅ​ពីក្រោយ​» ។ 

​ការចាកចេញ​របស់​ហ្វីលីពីន​នេះដែរ ធ្វើឡើង​ក្រោយ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រកាស​បើក​ការពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព នៃ​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ដែល​ត្រូវបាន​រាយការណ៍​ថា បានសម្លាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រៅ​ប្រព័ន្ធតុលាការ​រាប់ពាន់នាក់​ឯណោះ ខណៈ​ហ្វីលីពីន តែង​តែះ​អា​អាង​ថា ចំណាត់​នេះ ធ្វើឡើង​ដើម្បី​អនាគត​យុវជន​ហ្វីលីពីន​ប៉ុណ្ណោះ ។ 

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ហ្វីលីពីន មិន​ព្រម​ដើរចេញ​ដោយ​ស្ងប់ស្ងាត់​ឡើយ ។ មិន​ស្ងាត់​នោះ​គឺ លោក​ប្រធានាធិបតី ឌូ​ទើ​តេ ប្រកាសថា លោក​នឹង​បបួល​ប្រទេស​ហត្ថលេខី​ផ្សេងទៀត នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ឲ្យ​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែមទៀត​។​

៣. ការចាកចេញ​អាច​បញ្ចប់​នីតិវិធី​របស់​តុលាការ ? 

« រដ្ឋ​ភាគី​មួយ នឹងមិន​អាច​រួច​បន្ទុក​ដោយសារ​មូលហេតុ នៃ​ការដកខ្លួន ចំពោះ​កាតព្វកិច្ច​ដែល​កើតចេញពី​លក្ខន្តិកៈ នៅក្នុង​កំឡុង​ពេលដែល​ខ្លួន​ជា​ភាគី​នៃ​លក្ខន្តិកៈ​នោះទេ រួមទាំង​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុ​ដែល​អាចមាន​ជំពាក់​ផង ។ 

​ការដកខ្លួន​របស់រ​ដ្ឋ​នោះ​គ្មាន​ឥទ្ធិពល​លើ​សហប្រតិបត្តិការ​នានា​ជាមួយនឹង​តុលាការ​ក្នុង​ទំនាក់ទំនង​រឿង​ស៊ើបអង្កេត​ព្រហ្មទណ្ឌ និង ដំណើរការ​ជម្រះ​រឿងក្តី​នានា​ទាក់ទង​នឹង​រដ្ឋ​ដែល​ដកខ្លួន​មាន​កាតព្វកិច្ច​ត្រូវ​សហប្រតិបត្តិការ និង ដែល​បាន​ចាប់​ធ្វើឡើង​នៅមុន​កាលបរិច្ឆេទ​នៃ​ការដកខ្លួន​នោះ​មាន​ប្រសិទ្ធភាព​ឬ វា​មិនមាន​អគតិ​ធម៌​តាមបែប​ណាមួយ​ចំពោះ​ការពិចារណា​ជា​បន្ត​លើ​បញ្ហា​ណាមួយ ដែល​ឋិត​ក្រោម​ការពិចារណា​ដោយ​តុលាការ​រួចជាស្រេច​នៅមុន​កាលបរិច្ឆេទ​នៃ​ការដកខ្លួន​មាន​ប្រសិទ្ធភាព » ។ នេះ​គឺ​ខ្លឹមសារ​នៃ​បទបញ្ញត្តិ​ពាក់ព័ន្ធ​ការដកខ្លួន​មាត្រា​១២៧​ស្តីពី​តុលាការ​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ។ 

​តាមពិតទៅ តាម​របាយការណ៍​រប​ស់​តុលាការ​ព្រហ្មទណ្ឌ​កំពូល​មួយ​នេះ មកទល់ពេលនេះ មាន​ប្រទេស​សមាជិក​ជាច្រើន​ហើយ កំពុងតែ​ស្ថិតក្រោម ការវិនិច្ឆ័យ​បឋម និង​ការស៊ើបអង្កេត​របស់​តុលាការ ។ ក្នុងនោះ​ស្ថានភាព​ប្រទេស ដែល​កំពុងតែ​ស្ថិតក្រោម​ការវិនិច្ឆ័យ និង​ពិនិត្យ​បឋម​របស់​តុលាការ​រួមមាន អា​ហ្វ​ហ្កា​នី​ស្ថាន , កូ​ឡុំ​ប៊ី​, ហ្កា​បុ​ង​, ហ្គី​ណេ , អ៊ីរ៉ាក់​និង​អង់គ្លេស , នី​ហ្សេ​រី​យ៉ា​, ប៉ា​លី​ស្ទី​ន​, ហ្វីលីពីន​, អ៊ុយ​ក្រែ​ន និង វេ​ណេ​ស៊ុយ​អេ​ឡា ។ 
 
​ដោយឡែក​សម្រាប់​ស្ថានភាព​របស់​ប្រទេស ដែល​តុលាការ​កំពុងបើក​ការស៊ើបអង្កេត​រួមមាន​ដូចជា អ៊ូ​ហ្ក​ង់​ដា​, សាធារណរដ្ឋ​កុង​ហ្គោ​, ស៊ូដង់​, អាហ្វ្រិក​កណ្តាល​, សាធារណៈរដ្ឋ​កេ​ន​យ៉ា​, លី​ប៊ី​, កូត​ឌី​វ័រ , ម៉ាលី​, ហ្ស​ក​ហ្ស៊ី និង​ប៊ូ​រ៉ុ​ន​ឌី ៕ 
 
​ប្រភព​ពិគ្រោះ​៖
-​ ​https://www.icc-cpi.int/Pages/Main.aspx
-​ ​https://thmeythmey.com/?page=detail&id=62858
-​ ​https://economictimes.indiatimes.com/news/international/world-news/philippines-duterte-urges-other-nations-to-quit-icc/articleshow/63353143.cms
 
 
 

Tag:
 ព្រហ្មទណ្ឌ​អន្តរជាតិ
  អាស៊ាន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com