ម៉ា​ក្រុង​ថា លោក​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ ត្រាំ រក្សា​កងទ័ព​នៅ​ស៊ី​រី និង​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ស៊ី​រី​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ា​ក្រុង​ថា លោក​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ ត្រាំ រក្សា​កងទ័ព​នៅ​ស៊ី​រី និង​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ស៊ី​រី​
16, Apr 2018 , 7:30 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាសថា លោក​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ប្រធានាធិបតី​អាមេរិក រក្សាទុក​កងទ័ព​នៅ​ស៊ី​រី​បន្តទៀត និង​ប្រើ​មី​ស៊ី​លបាញ់​ផ្លោង​លើ​ទីតាំង​សំខាន់​ដែល​អាចមាន​អាវុធ​គីមី​ផង​។ ក្រោយ​ដឹកនាំ​សម្ព័ន្ធមិត្ត​បាញ់​ផ្លោង​មី​ស៊ី​ល​ជាង ១០០​គ្រាប់​ចូល​ស៊ី​រី អាមេរិក​ប្រកាសថា​ខ្លួន​សម្រេច​រក្សាទុក​កងទ័ព​នៅ​ស៊ី​រី​រហូតដល់​សម្រេចបាន​គោលដៅ​សិន​។ 


«​កាលពី​ដប់​ថ្ងៃមុន លោក ត្រាំ បាន​និយាយថា អាមេរិក​គួរ​ដកទ័ព​ចេញពី​ស៊ី​រី​ឲ្យ​បាន​ឆាប់​។ យើង​បាន​បញ្ចុះបញ្ចូល​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​ទ័ព​នៅ​ស៊ី​រី​។ យើង​បញ្ចុះបញ្ចូល​លោក​ថា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​នៅ​រយៈពេល​វែង​»​។ នេះ​ជាការ​អះអាង​របស់​ប្រធានាធិបតី​បារាំង​លោក ម៉ា​ក្រុង ក្នុង​បទសម្ភាសន៍​ជាមួយ BFM TV ។ 

​មុន​មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​ស៊ី​រី​ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៤ មេសា លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​ចង់​ឲ្យ​ទ័ព​អាមេរិក​ប្រហែល ២០០០ នាក់​ចាក​ចេញពី​ស៊ី​រី​ឆាប់ៗ ព្រោះ​អាមេរិក​ជិត​សម្រេច​ជោគជ័យ​ក្នុងការ​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ហើយ​។  ប៉ុន្តែ​ចុង​សប្តាហ៍​នេះ​លោក ស្រាប់តែ​ប្តូរ​ជំហរ និង​ប្រកាស​រក្សាទុក​កងទ័ព​នៅ​ស៊ី​រី​ដដែល​ដើម្បី​សម្រេច​គោលដៅ​មួយចំនួន​ផ្សេង​ទៀតផង​។​

​មេដឹកនាំ​បារាំង​ខាងលើ បាន​បន្ថែម​ផងដែរ ការ​ឈានដល់​ការបាញ់​មី​ស៊ី​ល​នៅ​ស៊ី​រី​សំដៅលើ​ទីតាំង​សំខាន់ៗ​នេះ​ក៏​មិនមែនជា​ផែនការ​ដំបូង​របស់លោក ត្រាំ ដែរ ប៉ុន្តែ​លោក​ក៏បាន​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ ឲ្យ​ធ្វើបែបនេះ​។​

«​យើង​ក៏បាន​បញ្ចុះបញ្ចូល​លោក ត្រាំ ផងដែរ​ថា យើង​ត្រូវ​ការកម្រិត​ការវាយប្រហារ​លើ​ទីតាំង​មាន​អាវុធ​គីមី​។ យើង​មាន​ភស្តុតាង​បញ្ជាក់ថា វា​មានការ​ប្រើប្រាស់​អាវុធ​គីមី​។ យើង​ដល់​ចំណុច​
មួយ​ដែល​ចាំបាច់​ត្រូវមាន​ការវាយប្រហារ​នេះ​ដើម្បី​គាំទ្រ​តម្លៃ និង​កិត្តិនាម​នៃ​សហគមន៍​អន្តរជាតិ​»​។ លោក ម៉ា​ក្រុង បាន​អះអាង​ដូច្នេះ​។​

​ប្រមុខរដ្ឋ​បារាំង​នេះ​ក៏បាន​ឆ្លៀត​ទិតៀន​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ស៊ី​រី និង​បាន​ការពារ​ស៊ី​រី​ផ្នែក​ការទូត និង​យោធា​ផង​នោះ​។ លោក ម៉ា​ក្រុង សង្កត់ធ្ងន់ថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នេះ​ជា​សារ​មួយ​ប្រាប់​រុស្ស៊ី​ថា​សហគមន៍​អន្តរជាតិ​មិន​ទន់ខ្សោយ​ដូច​រុស្ស៊ី​គិត​ឡើយ ហើយ​រុស្ស៊ី​ក៏​រត់​មិន​ផុតពី​ការទទួលខុសត្រូវ​ចំពោះ​ការ​សមគំនិត​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​រឿង​ប្រើប្រាស់​អាវុធ​គីមី​ដែរ​។ 

​យ៉ាងណាក៏ដោយ​វា​ហាក់ដូចជា​ចម្លែក​បន្តិច​ដែរ ដែល​ប្រធានាធិបតី​បារាំង​រូបនេះ​អះអាងថា លោក​មាន​ចំណែក​សំខាន់​ក្នុង​ការជំរុញ​គោលនយោបាយ​អាមេរិក​ពាក់ព័ន្ធ​សកម្មភាព​យោធា​នៅ​មជ្ឈិមបូព៌ា​។ ប៉ុន្តែ​កន្លងមក​គេ​ឃើញ​មេដឹកនាំ​បារាំង​ខាងលើ និង​លោក ដូ​ណា​ល់ ត្រាំ ហាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​ដែរ​។​
 
​កាលពី​ឆ្នាំមុន​លោក ម៉ា​ក្រុង បាន​អញ្ជើញលោក ត្រាំ ទៅ​ទស្សនកិច្ច​នៅ​បារាំង ហើយ​លោក ត្រាំ ចាប់​ចិត្តនឹង​ក្បួនព្យុហយាត្រា​របស់​យោធា​បារាំង​ខ្លាំង​ផង​រហូតដល់​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​រៀបចំ​ក្បួន​យោធា​នៅ​អាមេរិក​ដែរ​។ ចំណែក​លោក ត្រាំ ក៏បាន​អញ្ជើញលោក ម៉ា​ក្រុង​ឲ្យ​មក​ទស្សនកិច្ច​នៅ​អាមេរិក​ដែរ​នៅ​ចុងខែ​មេសា​នេះ​ថែមទៀត​៕ 
 
 

Tag:
 ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
 ​អាវុធ​គីមី​
  ស៊ី​រី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com