ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា លោកជាអ្នកបញ្ចុះបញ្ចូលឲ្យប្រធានាធិបតីអាមេរិក រក្សាទុកកងទ័ពនៅស៊ីរីបន្តទៀត និងប្រើមីស៊ីលបាញ់ផ្លោងលើទីតាំងសំខាន់ដែលអាចមានអាវុធគីមីផង។ ក្រោយដឹកនាំសម្ព័ន្ធមិត្តបាញ់ផ្លោងមីស៊ីលជាង ១០០គ្រាប់ចូលស៊ីរី អាមេរិកប្រកាសថាខ្លួនសម្រេចរក្សាទុកកងទ័ពនៅស៊ីរីរហូតដល់សម្រេចបានគោលដៅសិន។
«កាលពីដប់ថ្ងៃមុន លោក ត្រាំ បាននិយាយថា អាមេរិកគួរដកទ័ពចេញពីស៊ីរីឲ្យបានឆាប់។ យើងបានបញ្ចុះបញ្ចូលលោកថា វាជារឿងសំខាន់ដែលត្រូវរក្សាទ័ពនៅស៊ីរី។ យើងបញ្ចុះបញ្ចូលលោកថា វាចាំបាច់ណាស់ដែលត្រូវនៅរយៈពេលវែង»។ នេះជាការអះអាងរបស់ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ក្នុងបទសម្ភាសន៍ជាមួយ BFM TV ។
មុនមានការវាយប្រហារដោយមីស៊ីលប្រឆាំងស៊ីរីដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីនៅព្រឹកថ្ងៃសៅរ៍ទី ១៤ មេសា លោក ដូណាល់ ត្រាំ បានប្រកាសថា លោកចង់ឲ្យទ័ពអាមេរិកប្រហែល ២០០០ នាក់ចាកចេញពីស៊ីរីឆាប់ៗ ព្រោះអាមេរិកជិតសម្រេចជោគជ័យក្នុងការបោសសម្អាតក្រុមភេរវជនរដ្ឋឥស្លាមហើយ។ ប៉ុន្តែចុងសប្តាហ៍នេះលោក ស្រាប់តែប្តូរជំហរ និងប្រកាសរក្សាទុកកងទ័ពនៅស៊ីរីដដែលដើម្បីសម្រេចគោលដៅមួយចំនួនផ្សេងទៀតផង។
មេដឹកនាំបារាំងខាងលើ បានបន្ថែមផងដែរ ការឈានដល់ការបាញ់មីស៊ីលនៅស៊ីរីសំដៅលើទីតាំងសំខាន់ៗនេះក៏មិនមែនជាផែនការដំបូងរបស់លោក ត្រាំ ដែរ ប៉ុន្តែលោកក៏បានបញ្ចុះបញ្ចូលឲ្យលោក ត្រាំ ឲ្យធ្វើបែបនេះ។
«យើងក៏បានបញ្ចុះបញ្ចូលលោក ត្រាំ ផងដែរថា យើងត្រូវការកម្រិតការវាយប្រហារលើទីតាំងមានអាវុធគីមី។ យើងមានភស្តុតាងបញ្ជាក់ថា វាមានការប្រើប្រាស់អាវុធគីមី។ យើងដល់ចំណុច
មួយដែលចាំបាច់ត្រូវមានការវាយប្រហារនេះដើម្បីគាំទ្រតម្លៃ និងកិត្តិនាមនៃសហគមន៍អន្តរជាតិ»។ លោក ម៉ាក្រុង បានអះអាងដូច្នេះ។
ប្រមុខរដ្ឋបារាំងនេះក៏បានឆ្លៀតទិតៀនរុស្ស៊ីដែលជាសម្ព័ន្ធមិត្តស៊ីរី និងបានការពារស៊ីរីផ្នែកការទូត និងយោធាផងនោះ។ លោក ម៉ាក្រុង សង្កត់ធ្ងន់ថា ការវាយប្រហារដោយមីស៊ីលនេះជាសារមួយប្រាប់រុស្ស៊ីថាសហគមន៍អន្តរជាតិមិនទន់ខ្សោយដូចរុស្ស៊ីគិតឡើយ ហើយរុស្ស៊ីក៏រត់មិនផុតពីការទទួលខុសត្រូវចំពោះការសមគំនិតជាមួយរដ្ឋាភិបាលស៊ីរីរឿងប្រើប្រាស់អាវុធគីមីដែរ។
យ៉ាងណាក៏ដោយវាហាក់ដូចជាចម្លែកបន្តិចដែរ ដែលប្រធានាធិបតីបារាំងរូបនេះអះអាងថា លោកមានចំណែកសំខាន់ក្នុងការជំរុញគោលនយោបាយអាមេរិកពាក់ព័ន្ធសកម្មភាពយោធានៅមជ្ឈិមបូព៌ា។ ប៉ុន្តែកន្លងមកគេឃើញមេដឹកនាំបារាំងខាងលើ និងលោក ដូណាល់ ត្រាំ ហាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាដែរ។
កាលពីឆ្នាំមុនលោក ម៉ាក្រុង បានអញ្ជើញលោក ត្រាំ ទៅទស្សនកិច្ចនៅបារាំង ហើយលោក ត្រាំ ចាប់ចិត្តនឹងក្បួនព្យុហយាត្រារបស់យោធាបារាំងខ្លាំងផងរហូតដល់បញ្ជាឲ្យកងទ័ពអាមេរិករៀបចំក្បួនយោធានៅអាមេរិកដែរ។ ចំណែកលោក ត្រាំ ក៏បានអញ្ជើញលោក ម៉ាក្រុងឲ្យមកទស្សនកិច្ចនៅអាមេរិកដែរនៅចុងខែមេសានេះថែមទៀត៕