កំណាព្យ
ជាតិ
ជ្រុង​មួយ​នៃ​ស្រុក​យើង​៖ ១៧​មេសា​១៩៧៥ Vs. ១៧​មេសា ២០១៩
17, Apr 2019 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ គោ​ព័ទ្ធ​ស្នឹង​
 
-​គ្រោះ​គ្រា​ច្បាស់​ជា​គ្រប់គ្នា​ដឹង​ ​ដឹង​ច្បា​ស់រឿង​ហ្នឹង​ទើប​ស្មេ​រថា​
​ថា​ថ្ងៃ​ដប់​ប្រាំពីរ​មេសា​ ​សារសព្ទ​ថ្លែងការណ៍​ថា​តាម​កាល​។​
 
-​កាល​ឆ្នាំ​៧៥​ខ្មែរ​ចាក​ក្រុង​ ​ក្រុង​ប្រែ​ទាំងស្រុង​ភាព​ខ្មៅ​ក្រាល​
​ក្រាល​គ្រប​ឆ្អឹង​ឈាមក្រហម​ច្រាល​ ​ច្រាល​ជ្រួល​ដួល​ក្រាល​ខ្លះ​ត្រូវ​ក្ស័យ​។​
 
-​ក្ស័យ​ខ្សោះ​អស់សាច់​ដាច់ពោះ​ស្លាប់​ ​ស្លាប់​ខ្លះ​គេ​កាប់​ចងជើង​ដៃ​
​ដៃ​សាង​អង្គរ​ដ៏​ថ្លាថ្លៃ​ ​ថ្លៃ​ធ្លាក់​ត្រឹម​ថ្ងៃ​សម្លាប់​គ្នា​។​
 
-​គ្នា​ធ្លាប់​រួមរស់​រក្សា​ជាតិ​ ​ជាតិខ្មែរ​ខ្មីឃ្មាត​តែង​ឈ្នះ​មារ​
​មារ​ពី​ជិត​ឆ្ងាយ​ឈ្នះ​គ្រប់​គ្រា​ ​គ្រាមួយ​ឈ្លោះ​គ្នា​ខ្មែរ​ចងចាំ​។​
 
-​ចាំ​ច្បាស់​ចង់​រស់ក្នុង​ស្ងប់​សុខ សុខ​ឆ្ងាយ​ស្មាញស្មុគ​ទុក្ខ​ប្រេះស្រាំ​
​ស្រាំ​បែក​ពីមុន​ចាត់​ថា​កម្ម​ ​កម្ម​៤០​ឆ្នាំមុន​កុំ​ក្បែរ​។​
 
-​ក្បែរ​ប្រាណ​បានតែ​សន្តិភាព ភាព​ភិយ្យោភាព​រស់​ល្ហើយ​ល្ហែ​
​ល្ហែ​បាត់​ទុក្ខសោក​ជោគជ័យ​ខ្មែរ​ ​ខ្មែរ​ខ្លាំង​ខ្មែរ​ថែ​ខ្លួនឯងបាន​៕
 
 
 
 
 
 
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com