ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ៖ សេវាកម្ម​រថយន្តក្រុង​សាធារណៈ​ទទួលបាន​ការ​សរសើរ និង​គោរព​
18, Apr 2018 , 10:51 am        
រូបភាព
ដោយ: រួបរួម
​មិន​អស់​លុយ ហើយ​ទទួលបាន​សេវាកម្ម​ល្អ ពិតជា​ពិបាក​រក​ខ្លាំងណាស់ ប៉ុន្តែ​នា​អំឡុង​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ពលរដ្ឋ​ជាច្រើន​រីករាយ​យ៉ាងខ្លាំង​ក្នុង​ដំណើរ​ទៅកាន់​ស្រុកកំណើត តាមរយៈ​រថយន្តក្រុង​សាធារណៈ City Bus ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​។​



​លោក ប៉ាន់ បូ​នី អ្នកយកព័ត៌មាន ThmeyThmey បានសម្រេច​ចិត្ត​យ៉ាង​ត្រឹមត្រូវ​ក្នុងការ​ធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ​លើផ្លូវ​ជាតិ​លេខ​១ ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្តព្រៃវែង​។ ក្នុង​ដំណើរ​ជាង​២​ម៉ោង លោក​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​រីករាយ​។​

«​ពិតជា​ភ្ញាក់ផ្អើល​មែន​ទែ​ន ទាំង​អ្នកបើករថយន្ត និង​ព្រូ [​ជំនួយការ​អ្នកបើក​] រថយន្ត សុទ្ធតែ​រួសរាយ​រាក់ទាក់ មិន​គំរោះគំរើយ​នោះឡើយ​»​។ លោក បូ​នី បាន​វាយតម្លៃ​យ៉ាង​ដូច្នេះ ដោយ​លោក​បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​នៅ​ថ្ងៃទី​បី​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​។​

​ចំណុច​មួយទៀត​ដែល​អ្នកយក​សារព័ត៌មាន ThmeyThmey រូបនេះ បាន​រំភើប និង​ចងចាំ​មិន​ភ្លេច​នោះ គឺ​អ្នកបើករថយន្ត សុខចិត្ត​បើក​ហួស​ស្ថានីយ​ចំណត ដើម្បី​បន្ត​ដឹក​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ទៅដល់​ផ្ទះ​ដែល​ស្ថិតនៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​



​មិន​ត្រឹមតែ​លោក បូ​នី ម្នាក់​ឡើយ ដែល​វាយតម្លៃ​វិជ្ជមាន​ចំពោះ​សេវាកម្ម​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង - City Bus លោក ម៉ៅ ផល្លី អតីត​មេឃុំ​ពន្លៃ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង និង​ជា​អាជីវករ​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក៏បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ ចំពោះ​កាយវិការ​របស់​អ្នកបើកបរ​រថយន្ត​។​

​លោក ផល្លី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​អាណិត​តៃកុង​ឡាន​រដ្ឋ ដឹក​រហូត​ប៉ុន្មាន​ថ្ងៃ​មកនេះ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​ពលរដ្ឋ​អោយ​លុយ​អត់​យក​ទេ រាក់ទាក់​ដាក់​ពលរដ្ឋ​ល្អ​ណាស់ ! គួរ​ឲ្យ​គោរព សូម​បន្តរ​វប្បធម៌​ល្អ​បែបនេះ​តទៅទៀត​»៕


Tag:
 City Bus
© រក្សាសិទ្ធិដោយ thmeythmey.com