អន្តរជាតិ
វៀតណាម​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ទូក​នេសាទ​ខុសច្បាប់​បំពាន​ដែនទឹក​ឥណ្ឌូណេស៊ី​
18, Apr 2018 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​វៀត​ណា​ម Pham Binh Minh និង​សម​ភាគី​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi  នា​ថ្ងៃ​អង្គារ​ទី ១៧ ខែមេសា វៀតណាម និង​ឥណ្ឌូណេស៊ី​បាន​ឯកភាពគ្នា​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ជាពិសេស​រឿង​ទូក​នេសាទ​ខុសច្បាប់​ដ៏​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​



​ជំហរ​រឹងត្អឹង និង​ការអនុវត្ត​វិធានការ​កណ្តាប់ដៃ​ដែក​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រឆាំង​ទូក​នេសាទ​បរទេស​ខុសច្បាប់​នោះបាន​ផ្លែផ្កា​ខ្លះៗ​ហើយ​។ ផ្លែផ្កា​នោះ​គឺថា វៀតណាម​ដែលជា​មាន​ជនជាតិ​ខ្លួន​ភាគច្រើន​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​នោះបាន​សន្យា​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ឥណ្ឌូណេស៊ី​ហើយ​។​

​នា​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក Pham Binh Minh ថ្ងៃ​អង្គារ​ទី ១៧ ខែមេសា លោកស្រី Marsudi បាន​ថ្លែងថា វៀតណាម និង​ឥណ្ឌូណេស៊ី​បាន​ឯកភាពគ្នា​កំណត់ព្រំដែន​នៃ​ដែន​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ)  និង​ប្តេជ្ញា​ពង្រឹង​ភាពជា​ដៃគូ​ដើម្បី​ដោះស្រាយ​បញ្ហា​ទូក​នេសាទ​ខុសច្បាប់​រួមគ្នា​ផង​។​

​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន AP លោកស្រី​ប្រមុខ​ការទូត​ខាងលើ​បាន​ថ្លែង​ដូច្នេះ​៖ «​យើង​បាន​ស្រុះស្រួល​គ្នា​ហើយ​ថា​នឹង​បញ្ចប់​ការកំណត់​បន្ទាត់​ព្រំដែន​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ព្រោះ​ការកំណត់​នេះ​នឹង​បង្កើន​ប្រយោជន៍​ដល់​ប្រជាជន​យើង​ទាំងពីរ និង​រក្សា​សន្តិសុខ​ប្រទេស​ទាំងពីរ​ផង​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ ប្រមុខ​ការទូត​វៀតណាម​លោគ Mihn បាន​ថ្លែង​ផងដែរ​ថា ភាគី​ទាំងពីរ​បានសម្រេច​បង្កើត​យន្តការ​មួយ​ដើម្បី​ដោះស្រាយ​រឿង​នេសាទ​ត្រី​ខុសច្បាប់​ដែល​វា​នឹង​ផ្អែកលើ​ច្បាប់​ប្រទេស​ទាំងពីរ​។ លោក​បញ្ជាក់បន្ថែម​ផងដែរ​ថា អាជ្ញាធរ​វៀតណាម​នឹង​បន្ត​ពង្រឹង​ការអប់រំ ចែកចាយ​ព័ត៌មាន ពង្រីក​ចំណេះដឹង​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ​ត្រី​ដើម្បី​ធានាថា វា​គ្មាន​ការបំពាន​ដែនទឹក​គ្នា​ទៅវិញទៅមក​តាម​ការនេសាទ​នេះឡើយ​។​

​ចាប់ពី​ឆ្នាំ ២០១៤​មក ឥណ្ឌូណេស៊ី​ក្រោម​ការដឹកនាំ​របស់លោក ចូ​កូ វី​ដូ​ដូ បាន​អនុវត្ត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​ដើម្បី​ការពារ​ដែន​កោះ និង​ដែនទឹក​របស់ខ្លួន ដោយ​កម្ទេចចោល​រាល់​ទូក​នេសាទ​បរទេស​ខុសច្បាប់​រាប់រយ ហើយ​ក្នុងចំណោម​ទូក​ទាំងនោះ​ភាគច្រើន​មកពី​វៀតណាម ហ្វីលីពីន ថៃ និង​ម៉ាឡេស៊ី​ផងដែរ​៕


Tag:
 វៀតណាម​
  ឥណ្ឌូណេស៊ី​
  Pham Binh Minh
  Retno Marsudi
  នេសាទ​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com