ជាតិ
សម្ដេច ហ៊ុន សែន៖ កម្ពុជា កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំនៅអាស៊ី
× ភ្នំពេញ៖ កម្ពុជា កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ី។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរំពឹងលើកំណើនភ្ញៀវទេសចរមកកម្ពុជានាពេលខាងមុខ។
តាមរយៈការរៀបចំសង្ក្រាន្តអង្គរកាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរកម្សាន្តនៅខេត្តសៀមរាប និងនៅតាមតំបន់សមុទ្រនានា យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បាននិយាយថា បច្ចុប្បន្នកម្ពុជាកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំបំផុតមួយនៅអាស៊ីផងដែរ។ ប៉ុន្តែរដ្ឋាភិបាល ក៏មិនភ្លេចរំឭកពីការរក្សាសន្តិភាពឡើយ។
សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានចេញទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលដែលសេវាដឹកជញ្ជូនតាមយន្តហោះកំពុងប្រកួតប្រជែង និងកើនឡើងជាបន្តបន្ទាប់នៅកម្ពុជា។ តម្លៃសំបុត្រយន្តហោះសព្វថ្ងៃបានធ្លាក់ចុះទាប ដែលអាចធ្វើដំណើរទៅទេសចរណ៍នៅក្រៅប្រទេសបានយ៉ាងងាយស្រួល»។
មកដល់ពេលនេះ កំណើនភ្ញៀវទេសចរកើនឡើងជាង៥លាននាក់ហើយ ខណៈរដ្ឋាភិបាលរំពឹងថា កម្ពុជា នឹងទាក់ទាញបានភ្ញៀវទេសចរណ៍បរទេសជាង ៧លាននាក់ នៅក្នុងឆ្នាំ២០២០ ខាងមុខ ដោយក្នុងនោះមានភ្ញៀវទេសចរណ៍ចិន ២លាននាក់។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ ស្ថិតិភ្ញៀវទេសចរបរទេសចំនួន៨៥៨,៥៨០នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនឡើង ១២.៣៦ភាគរយ និងរកចំណូលសរុបចំនួន៣៩,៦៥៦,៨១០ដុល្លារ កើនឡើង ២៨.៥២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ។ ក្នុងចំណូលសរុបត្រីមាសទី១ក្នុងឆ្នាំ២០១៨ នេះ រមណីយដ្ឋានអង្គរដកចំណូលចំនួន ១,៧១៧,១៦០ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕
© រក្សាសិទ្ធិដោយ thmeythmey.com