ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​ប្តេជ្ញា ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​
19, Apr 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម)
រូបឯកសារ៖ កសិករ​ប្រើ​សំណាញ់​អូស​យក​ដង្កូវហ្វូង ឬ ដង្កូវទ័ព​ចេញពី​ស្រែ​របស់​ខ្លួន។ (រូបភាព​ផ្តល់​ឲ្យ​ដោយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម)
ដោយ:
​ភ្នំពេញ ៖ បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មិនអាច​ឈានទៅ​សម្រេចបាន ឬ​បំពេញ​ឲ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន​។ ការណ៍​នេះ ទាមទារ​ឲ្យ​មានការ​ធ្វើ​ទំនើបកម្ម​កាន់តែខ្លាំង​ឡើង​ថែម ក្នុង​វិស័យ​សំខាន់​មួយ​នេះ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ អ្នកជំនាញ​កសិកម្ម​ថ្លែងថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាពយឺតយ៉ាវ​នៅឡើយ​។



​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ថ្លែងថា វិស័យ​កសិកម្ម​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​បានធ្វើ​ឲ្យ​វិស័យនេះ មិនអាច​អភិវឌ្ឍន៍​ទៅមុខ​បាន​លឿន​។ នេះ​បើ​យោងតាម​ព័ត៌មាន​សង្ខេប​ដែល​បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​វេ​ង សាខុន នៅ​ថ្ងៃ​ពុធ​។​

​យោងតាម​ព័ត៌មាន​សង្ខេប​ដែល​បាន​សរសេរ​លើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​វេ​ង សាខុន បានបញ្ជាក់​ឲ្យ​ដឹងថា​វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការរាំងស្ទះ​នានា ដូចជា​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី ដែល​ធ្វើ​ឲ្យ​វិស័យនេះ​មិនអាច​ឈានទៅ​សម្រេចបាន ឬ​បំពេញ​ឲ្យ​អស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន​។​

​លោក​វេ​ង សាខុន បាន​ថ្លែងថា ដើម្បី​ដោះស្រាយ​ផលវិបាក​ទាំងនេះ ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម ជា​តម្រូវ​ការចាំបាច់​។​

​លោក ត្រូវបាន​ស្រង់​ប្រសាសន៍​តាមន័យ​ដើម​ថា​៖

«​ដូច្នេះ ការអភិវឌ្ឍ​គ្រឿងយន្ត​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម គឺជា​ដំណោះស្រាយ​មួយ​ដ៏​សមស្រប​ក្នុងការ​បង្កើន​សមត្ថភាព​ដល់​មនុស្ស​ដែល​នាំទៅរក​ការពង្រឹង​និង​បង្កើន​ផលិតភាព​កសិកម្ម កាត់បន្ថយ​កំលាំង​មនុស្ស ប្រើប្រាស់​ដី​ឲ្យ​អស់​លទ្ធភាព​និង​ទទួលបាន​ប្រសិទ្ធភាព សំដៅ​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​»​។​

​លោក បាន​ថ្លែងបន្ត​តាមន័យ​ដើម​ថា​៖

«​សម្រាប់​ប្រទេស​កម្ពុជា តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល នា​ឆ្នាំ​២០៣០ វិស័យ​កសិកម្ម​នឹង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម មាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ និង​មាន​និរន្តរភាព ដើម្បី​រួមចំណែក​ក្នុងការ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង សុវត្ថិភាព​អាហារូបត្ថម្ភ​សម្រាប់​សុខុមាលភាព​នៃ​ប្រជាជន​កម្ពុជា​»​។​

​លោក​បាន​ថ្លែងបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានកំណត់​ទិសដៅ​ពីរ​សំខាន់ៗ ដោយ​ទី​១ លើកកម្ពស់​កំណើន​កសិក​ម្ម ដែលមាន​លក្ខណៈ​ជារួម តាមរយៈ​ការបង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម ឬ​ការធ្វើ​ឲ្យ​មាន​សម្បូរបែប ការធ្វើការ​ប្រកួតប្រជែង និង​ការធ្វើ​ជំនួញ​កសិកម្ម និង​ទី​២ កា​រលើ​កម្ពស់​ការប្រើប្រាស់​ដី​កសិកម្ម ការអភិវឌ្ឍ​និង​គ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ជលផល​ឲ្យ​មាន​និរន្តរភាព​។​



​ការ​ថ្លែង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​ឡើង នៅ ពេល​លោក​ធ្វើជា​អធិបតី​ក្នុងឱកាស​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​តួនាទី​គ្រឿងយន្ត​កសិកម្ម​ក្នុង ការ ពង្រឹង​ភាព​បន្សាំ​របស់​កសិករ​ខ្នាតតូច​ដោយ​ប្រើប្រាស់​បច្ចេកទេស​ដើម្បី​អភិរក្ស​កសិកម្ម ក្នុង តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។​

​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ប្រាប់ VOA ថា ប្រជាកសិករ​ស្ទើរតែ​៩០​ភាគរយ​បាន​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ដោយសារ​ការចូលរួម​ពី​ផ្នែក​ឯកជន​។ លោក​បន្តថា កសិករ​ជាច្រើន​មាន​ក្បាលដី​តូចៗ​ធ្វើ​កសិកម្ម ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​គ្រឿងយន្ត​ធំៗ​បានទេ​។​

«​ការចូលរួម​ពី​វិស័យ​ឯកជន​ហ្នឹង​គឺ គាត់​ធ្វើ​ក្នុង​រូបភាព​របៀប​ជា រូបភាព​របៀប​ជា ជាការ​ជួល​សេវា ហើយ​ត្រឹមត្រូវ​ណាស់ កសិករ​យើង​មាន​ផ្ទៃដី​តូចៗ អីចឹង គាត់​មិនអាច​ទៅ​ទិញ ឧទាហរណ៍​ថា ត្រាក់ទ័រ​មួយ ឬ​ម៉ាស៊ីន​ច្រូត​មួយ​ទេ ការប្រើ​សេវា​អស់ហ្នឹង ការចូលរួម​ពី​វិស័យ​ឯកជន ឃើញ​ទេ កំ​បៃ ដែលជា​ម៉ាស៊ីន​ច្រូត​ផ្លាស់​ទី​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាទ នេះ​ជាការ​ចូលរួម​ពី​វិស័យ​ឯកជន​បាទ​»​។​

​លោក​បាន​ថ្លែងថា ខណៈដែល​កម្ពុជា​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម ក៏​វិស័យនេះ​នៅ​ប្រឈម​បញ្ហា មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ លោក​បាន​បន្តទៀតថា កម្ពុជា​មិនអាច​ពឹង​តែ​ពី​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​នោះទេ ព្រោះ​ការលក់​បាន​ថ្លៃ​ឬ​ថោក អាស្រ័យទៅលើ​ទីផ្សារ​អន្តរជាតិ​។​

«​បើ​យើង​ផលិត​បាន​ម្រេច បើ​យើង​មាន​សាច់​ជា​ដំឡូង ម្សៅដំឡូង ប្រទេស​គេ​ក៏​ដាំ​ស្រូវ​អង្ក​រដែរ​។ បើ​និយាយ​អង្ករ​ដូចគ្នា រឿង​ស្រូវ​អង្ករ​ហ្នឹង គឺ​យើង​ជា​អ្នកលក់​អង្ករ​ក្រោយ​គេ​ទេ​។ បើ​យើង​ក្រឡេកមើល គ្រាន់តែ​ជុំវិញ​យើង ថៃ និង​វៀតណាម​គឺជា ប្រទេស​នាំចេញ​អង្ករ​លេខ​មួយ លេខ​ពីរ លេខ​បី ក្នុង​ចន្លោះ​ហ្នឹង រាប់ទាំង​ឥណ្ឌា បើ​បីនាក់​ហ្នឹង គឺ​អា​បីនាក់​ហ្នឹង​គេ​នាំចេញ​យូរហើយ​។ គេ​មានបទពិសោធន៍​យូរហើយ ទាំង​ការគ្រប់គ្រង​ទាំង​វិស័យ​ឯកជន​។ អីចឹង គឺ​ត្រឡប់មកវិញ​ថា តាំងពី​ការស្រោចស្រព ដី​ផលិតកម្ម តាំងពី​ទីផ្សារ ត្រូវតែ​ស្រូប​ផលិតផល​កសិកម្ម​អី​អស់ហ្នឹង តាំងពី​ថាមពល ឧទាហរណ៍​តម្លៃ​អគ្គិសនី​។ កាល​អ​គិ្គ​ស​នី​ហ្នឹង​វា វា​មិន​សមស្រប​អីចឹង ទាំងអស់គ្នា​វា​ត្រូវ​ដើរ​ឲ្យ​ស្មើគ្នា ការកែច្នៃ​ទៅបាន លុះត្រាតែ អគ្គិសនី​វា​សមស្រប​»​។​

​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម យល់ថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម នៅ​មិនទាន់​លឿន​នៅឡើយ​ទេ ដោយសារតែ​បញ្ហា​ក្បាលដី​សម្រាប់ធ្វើ​កសិកម្ម​នៅមាន​ទំហំ​តូច និង​កម្សោយ​វិនិយោគ​លើ​ការកសាង​ប្រព័ន្ធធារាសាស្ត្រ​។​

​លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CDAC) បានផ្តល់​ដំណោះស្រាយ​មួយចំនួន ដែល​អាច​ព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​គ្រឿងយន្ត​ក្នុង​វិស័យនេះ បាន​លឿន​ជាង​មុន និង​ធ្វើ​ឲ្យ​វិស័យនេះ បាន​រីកដុះដាល​បន្ថែមទៀត​។ លោក​លើកឡើងថា ការ​បង្វិល​ក្បាលដី​ជា​កត្តាចាំបាច់​បំផុត​។​

«​ការប្តូរ ដូរ ការដូរ​ប្រព័ន្ធ​ក្បាលដី​ហ្នឹង គឺ​សំខាន់​ណាស់​បង្វិល​ក្បាលដី​ហ្នឹង​ដើម្បី​ឲ្យ​គាត់ ដី​ហ្នឹង​មក បើ​គាត់​មាន​មួយ​ហិកតា កុំ​ឲ្យ​មាន ច្រើន​ស្រែ​ពេក គឺ​មួយ​ហិកតា នៅ​ប្រមូល​ផ្តុំគ្នា មួយ​ហិកតា​ហ្នឹង គឺជា​ការល្អ​ដែល​អាច​ឲ្យ​គាត់ ធ្វើ​អី​បាន​ច្រើន​នៅលើ​ផ្ទៃ​ហ្នឹង ព្រោះ​កុំ​ឲ្យ​គាត់​ដើរ​ចុះ​ដើរ​ឡើង​បាទ​»​។​

​អ្នកជំនាញ​ខាង​កសិកម្ម​រូបនេះ​បាន​បន្ថែមទៀតថា​៖

«​ហើយ​ឲ្យ​មានការ​វិនិយោគ​ទៅលើ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​ឲ្យ​មាន ចង់​និយាយថា មាន​ស្រោចស្រព​ដំណាំ ដើម្បី​ឲ្យ​ពួកគាត់​អាច​ថា ពេលដែល​គាត់​ឃើញថា​មានទឹក​គ្រប់គ្រាន់​សម្រាប់​ដាំ​ដំណាំ ឬ​អីចឹង​គឺ គាត់​ក៏​អាច​វិនិយោគ​ដែរ​»​។​



​លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CDAC) បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា រដ្ឋា ភិ​បាល​ត្រូវ​ផ្តល់​ការបណ្តុះបណ្តាល​ដល់​កសិក​រ ដែល​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច និង​ជួយ​ជំរុញ​ឲ្យ​មានការ​ផ្តល់​ឥណទាន ដែលមាន​កម្រិត​ការប្រាក់​ទាប ដែល​អាច​ផ្តល់ឱកាស​ឲ្យ​កសិករ​មាន​ទន់វិនិយោគ​លើដី​កសិកម្ម​របស់​ពួកគេ​បាន​។​

​យោងតាម​ការប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ឧត្ដមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា (USAID) បាន​ឲ្យ​ដឹងថា ៨០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បានធ្វើការ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​កសិកម្ម​។ ៦៥​ភាគរយ នៃ​មុខរបរ​របស់​ប្រជាជន គឺពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ហើយ​វិស័យនេះ​បាន​ចូលរួមចំណែក​៣២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅក្នុង​ឆ្នាំ​២០១៣​។ ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​ប្រមាណ ៣,៧ លាន​ហិកតា​សម្រាប់​ការងារ​ដាំ​ដុះ​។​

​យ៉ាងណាក៏ដោយ តាម​ការប៉ាន់ស្មាន​រប​ស់លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ដឹងថា​ចំនួន​ប្រជាជន​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​បាន​ធ្លាក់​មក​ប្រមាណ​តែ​៤០​ភាគរយ​នៃ​ប្រជាជន​សរុប ដោយសារតែ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក និង​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដូចជា ប្រទេស​កូរ៉េ​ជាដើម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com