ជាតិ
សង្គមជាតិ
ចិន គាំទ្រ​ឲ្យ​ចាត់​វិធាន​កា​រលើ​ជនជាតិ​ខ្លួន ដែល​ធ្វើ​ខុសច្បាប់​នៅ​កម្ពុជា​
19, Apr 2018 , 4:17 pm        
រូបភាព
ជំនួបរវាងលោកនេត សាវឿន និងលោក លាង ជីងរ៉ុង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២0១៨។ រូបពីអគ្គស្នងការនគរបាលជាតិ
ជំនួបរវាងលោកនេត សាវឿន និងលោក លាង ជីងរ៉ុង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២0១៨។ រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ចិន មិន​ត្រឹមតែ​មិន​ជំទាស់​នោះទេ តែ​ថែមទាំង​ជំរុញ​បន្ថែម​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​វិធា​នា​ការ​លើ​ជន​ជាតិចិន រួមទាំង​អ្នកវិនិយោគ​ចិន ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ និង​ធ្វើ​ខុស​ប្រពៃណី​ខ្មែរ​។ នេះ​បើតាម​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។



​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ចិន ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាប់បញ្ជូន​ជនជាតិ​ចិន ដែល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ចិន​វិញ​ផងដែរ​។ គោលជំហរ​ខាងលើ ត្រូវបាន​លោក លាង ជី​ង​រ៉ុង (LIAO JINGRONG) អគ្គនាយក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សន្តិសុខ​សារ​ធារ​ណៈ​ចិន លើកឡើង​ក្នុងជំនួប​ជាមួយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរ​បា នៅ​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អះអាងថា កាលពី​ឆ្នាំ​កន្លងទៅ ជនជាតិ​ចិន​ប្រមាណ​ជាង​៥០០​នាក់ ត្រូវបាន​ចាប់​បញ្ជូនទៅ​ប្រទេស​ចិន​វិញ​។ គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់​មេ​នគរបាល​ជាន់ខ្ពស់​រូបនេះ ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​ចិន​នៅតែ​បន្ត​សហការ​ជាមួយ​កម្ពុជា​ផ្នែក​សន្តិសុខ ហើយ​អរគុណ​កម្ពុជា ចំពោះ​ចំណាត់ការ​លើ​ជនជាតិ​ចិន​នាពេល​កន្លងមក ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា​»​។

​យ៉ាងណាក៏ដោយ លោក លាង ជី​ង​រ៉ុង បានស្នើ​ឲ្យ​លោក នេ​ត សាវឿន ជួយ​ការពារ និង​បង្កើន​សន្តិសុខ​ដល់​ជនជាតិ​ចិន និង​អ្នកវិនិយោគ​ចិន ដែល​កំពុង​រស់នៅ និង​រកស៊ី​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​៕


Tag:
 ចិន​
  កម្ពុជា​
  បរទេស​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com