កីឡាជាតិ
ជាតិ
រឿង សោ​ភ័​ណ្ឌ តបត​ការ​ឌឺដង​របស់​កីឡាករ​ថៃ Saensatharn P.K.Saenchai
19, Apr 2018 , 7:19 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​មួយចំនួន​រួមមាន​កីឡាករ ធឿន ធារ៉ា​, កែវ រំ​ចង់ និង រឿង សោ​ភ័​ណ្ឌ ជាដើម​បាននាំគ្នា​សរសេរ​សារ ក៏ដូចជា​បង្ហោះ​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆ្លើយ​តមនឹង​កីឡាករ​ថៃ Saensatharn P.K.Saenchai ដែល​បានចេញ​វីដេអូ​ដឺ​ដង​កាលពីពេល​ថ្មីៗ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៨ មេសា កីឡាករ រឿង សោ​ភ័​ណ្ឌ បានចេញ​វីដេអូ​ដោយ​បបួល​ឲ្យ​កីឡាករ​ថៃ Saensatharn មក​វាយ​ជាមួយ​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​។



​ក្រោយ​មានការ​ឌឺដង​ដាក់គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​វាង​អ្នក​ប្រដាល់​ថៃ Saensatharn P.K.Saenchai ជាមួយ​អ្នក​ប្រដាល់​ជួរមុខ​កម្ពុជា កែវ រំ​ចង់ និង​មឿ​ន សុខ​ហ៊ុ​ច​។ កាលពី​ថ្ងៃទី​១៨ មេសា អ្នកលេង​កណ្តាប់ដៃ រឿង សោ​ភ័​ណ្ឌ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង បាន​បង្ហោះ​វីដេអូ​សកម្មភាព​ហ្វឹកហាត់​ជាមួយ​ពាក្យសម្តី ដោយ​បបួល​អ្នក​ប្រដាល់​ថៃ​ខាងលើ​ឲ្យ​មក​ប្រកួត​នៅ​កម្ពុជា​។



​ក្នុង​វីដេអូ​មាន​រយៈពេល​២៤​វិនាទី កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«Saensatharn បើ​ឯង​ចង់​ខ្លាំង ឯង​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​មក អាពៅ​»​។ ការចេញ​វីដេអូ​របស់​កីឡាករ​កម្ពុជា​រូបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​ដឺ​ដង​របស់​អ្នក​ប្រដាល់​ថៃ Saensatharn ដែល​បាន​បង្ហោះ​វីដេអូ​ជា​ភាសា​ថៃ រៀបរាប់​ឈ្មោះ​កីឡាករ​កម្ពុជា​ដែល​រូបគេ​ចង់​ប្រកួត​ជាមួយ​។

​ចំណែក​កីឡាករ កែវ រំ​ចង់ ឯណេះ​វិញ ក្រោយ​បានឃើញ​វីដេអូ​ដែល Saensatharn ចង់​ជួប​ជាមួយ​ខ្លួន​បាន​ឆ្លើយតប​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​៖«​យល់ព្រម Saensatharn! ខ្ញុំ​កំពុង​រង់ចាំ​អ្នក​។ អ្នក​ស្គាល់​ខ្ញុំ​ឲ្យ​ច្បាស់ ខ្ញុំ​មិនដែល​ខ្លាច​នោះទេ​»​។​

​តាមរយៈ​សារ​ឆ្លើយតប​នេះ កែវ រំ​ចង់ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​។ លើសពីនេះ​ពួកគេ​ចង់​ឲ្យ រំ​ចង់ ជួប​អ្នក​ប្រដាល់​ថៃ​ខាងលើ​ឆាប់ៗ​ថែម​ទៀតផង​៕ 


Tag:
 ប្រដាល់​គុន​ខ្មែរ​
  រឿង សោ​ភ័​ណ្ឌ​
  Saensatharn
© រក្សាសិទ្ធិដោយ thmeythmey.com