ជាតិ
ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មាននាំចូលអាវុធទៅទឹកដីថៃ រូបពីហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ
× ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បដិសេធព័ត៌មានទាក់ទងនឹងការនាំអាវុធចូលទឹកដីថៃ។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីព័ត៌មានថៃ បានចេញផ្សាយថា អាវុធជាច្រើនប្រភេទ ដែលអាជ្ញាធរថៃរឹបអូសបាននេះ គឺនាំចេញពីប្រទេសជិតខាង ចូលទៅទឹកដីថៃ។
អាវុធដែលខាងអាជ្ញាធរថៃ រឹបអូសបានទាំងនោះ រួមមានកាំភ្លើងប្រភេទ TEPY កាំភ្លើងប្រភេទM16, កាណុងM16, ឈុតឧបករណ៏កៃកាំភ្លើង ៥ ឈុត បន្ទះតួកាំភ្លើង ជាដើម។ អាវុធទាំងនេះ ត្រូវបានសារព័ត៌មានថៃ Bangkok Post ចុះផ្សាយថា នាំចូលពីប្រទេសជិតខាង។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត បានផ្សាយថា អាវុធខាងលើនេះ គឺដឹកតាមទូកនេសាទ ចេញម្តុំស្ទឹងហាវ ខេត្តព្រះសីហនុរបស់កម្ពុជា ចូលទៅក្នុងទឹកដីថៃ ហើយត្រូវអាជ្ញាធរស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ចាប់បាន។
ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានបដិសេធថា អាវុធដែលអាជ្ញាធរថៃរឹបអូសបាននេះ មិនមែននាំចេញពីកម្ពុជាឡើយ ព្រោះកម្ពុជាគ្មានអាវុធប្រភេទនេះ ប្រើប្រាស់នោះទេ។
លោក ឈុំ សុជាតិ បានសរសេរលើ់ហ្វេសប៊ុកយ៉ាងដូច្នេះថា៖«សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយឲ្យបានជ្រាបថា ការផ្សព្វផ្សាយថា អាវុធទាំងនេះដឹកចេញពីទឹកដីកម្ពុជា គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់។ នៅប្រទេសកម្ពុជា មិនមានការប្រើប្រាស់អាវុធប្រភេទនេះទេ»។
កាលពីថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៧ អាជ្ញាធរថៃ បានបើកការស៊ើបអង្កេត និងរឹបអូសបានអាវុធជាច្រើនដើម នៅក្នុងឡានមួយបាំងកន្លះ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវមួយក្នុងខេត្តត្រាច នៃប្រទេសថៃ។ អាជ្ញាធរក៏បានអាវុធមួយចំនួន រួមមាន កាំភ្លើង២៩ដើម,កាំភ្លើងយន្ត៤ដើម,គ្រាប់បែក៥៣ គ្រាប់ និងគ្រាប់កាំភ្លើងជាង៤០០០គ្រាប់។ កាលណោះភាគីថៃក៏បានចោទកម្ពុជា ថា រត់ពន្ធអាវុធខុសច្បាប់ ទៅលក់ឲ្យពួកក្រុមឧទ្ទាម Karen ដែលប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ ហើយក៏បានស្នើឲ្យភាគីថៃសហការជាមួយកម្ពុជា ស៊ើបអង្កេតលើករណីនេះផងដែរ៕
Tag:
ឈុំ សុជាតិ
ក្រសួងការពារជាតិ
អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com