កីឡាជាតិ
ជាតិ
វឌ្ឍនាកា​, សុខ​ផេង ត្រូវ​ជួយ​ក្រុម​រៀងៗ​ខ្លួន ដើម្បី​ដណ្តើម​កៅអី​វគ្គ​១/២ Malaysia FA Cup
20, Apr 2018 , 9:32 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា​រួមមាន ចាន់ វឌ្ឍនាកា និង កែវ សុខ​ផេង ត្រូវ​ជួយ​ក្រុម​រៀងៗ​ខ្លួន ដើម្បី​ដណ្តើម​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Malaysia FA Cup ប្រចាំឆ្នាំ​២០១៨ នៅ​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ​។ ក្នុងនោះ Pahang FA របស់ វឌ្ឍនាកា ប្រជែង​ជាមួយ Johor Darul Ta'zim ខណៈ​ក្រុម PKNP របស់ សុខ​ផេង តទល់​ជាមួយ Felda United​។​



​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវ​ជួយ​ក្រុម Pahang FA តទល់​ជាមួយ​ក្រុម Johor Darul Ta'zim  ក្នុងជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់ Malaysia FA Cup 2018 នា​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Tan Sri Dato' Haji Hassan Yunos Stadium​។ ក្រោយ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​ខ្លួន Pahang FA ត្រូវការ​ឈ្នះ Johor ដាច់ខាត​នៅ​យប់​នេះ ដើម្បី​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​តែ​យ៉ាងណា វា​មិន​ងាយស្រួល​នោះឡើយ​សម្រាប់ Pahang FA ក្នុងការ​យកឈ្នះ​សម្រាប់​ជំនួប​យប់​នេះ ព្រោះ Johor ជា​ក្រុម​ជើង​ខ្លាំង ដែល​ពោរពេញ​ដោយ​កីឡាករ​មាន​សមត្ថភាព​ខ្ពស់​។ ម្យ៉ាងទៀត ជំនួប​ជើង​ទី​២​នេះ​រៀបចំ​នៅលើ​ទឹកដី​របស់ Johor​។ បើ​មើល​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី Johor កំពុង​ឈរ​កំពូល​តារាង​ដោយមាន​១៥​ពិន្ទុ ខណៈ Pahang FA ឈរ​លេខ​រៀង​ទី​២​ដោយមាន​១១​ពិន្ទុ​។​



​នៅ​ម៉ោង​៨​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃ​នេះដែរ ខ្សែប្រយុទ្ធ កែវ សុខ​ផេង ត្រូវ​ជួយ​ក្រុម PKNP F.C ប្រជែង​ជាមួយ Felda United នៅ​កីឡដ្ឋាន Tun Abdul Razak Stadium​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​របស់ខ្លួន​ក្រុម PKNP របស់ សុខ​ផេង បាន​ចាញ់​ក្រុម Felda United ក្នុង​លទ្ធផល ១-០​។ ដូច្នេះ PKNP ត្រូវការ​ឈ្នះ Felda United លើស​ពីមួយ​គ្រាប់ ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត​៕ 


Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Malaysia FA Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com