ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កាត់បន្ថយចំណាយក្រៅផ្លូវការលើប្រតិបត្តិការហិរញ្ញវត្ថុ
× ភ្នំពេញ៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានជួយដល់រដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយក្រៅផ្លូវការ និងដោះស្រាយបញ្ហាមន្ត្រីរាជការទាន់ពេលវេលា ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់រដ្ឋ។ នេះជាការមើលឃើញរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២០ មេសានេះ សម្ដេច ហ៊ុន សែន បាននិយាយថា ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ បានជំរុញឲ្យរដ្ឋាភិបាល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែល្អប្រសើរ ក្នុងការទប់ស្កាត់បញ្ហារ៉ាំរ៉ៃនៃការចំណាយក្រៅផ្លូវការ ដែលធ្វើឲ្យខាតបង់ថវិកាជាតិកន្លងមក។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ការសម្រេចចិត្តជាគន្លឹះមួយ នៃការបើកប្រាក់បៀវត្ស និងប្រាក់សោធនតាមធនាគារ អាចឲ្យយើងបញ្ចប់បានទាំងស្រុង នូវបញ្ហារ៉ាំរ៉ៃនៃការចំណាយក្រៅផ្លូវការ និងភាពយឺតយ៉ាវ ពាក់ព័ន្ធទៅនឹងការបើកប្រាក់បៀវត្ស សម្រាប់មន្ត្រីរាជការសាធារណៈ និងប្រាក់សោធនសម្រាប់និវត្តជន។ ជារួមខ្ញុំរំពឹងថា នៅពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណើរការពេញលេញ ការគ្រប់គ្រងចំណាយថវិការដ្ឋ នឹងកាន់តែមានប្រសិទ្ធិភាព សក្តសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពល្អប្រសើរថែមទៀត។ ហើយប្រព័ន្ធនេះនឹងជួយផ្ដល់ព័ត៌មានយ៉ាងពេញលេញ និងទាន់ពេលវេលា អំពីស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ…។
ក្រៅពីដោះស្រាយបញ្ហាមន្ត្រីរាជការ និងកាត់បន្ថយការចំណាយក្រៅផ្លូវការនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏បានជួយលុបបំបាត់មន្ត្រីរាជការអសកម្មការងារ ឬមន្ត្រីមានតែឈ្មោះ (មន្ត្រីខ្មោច) ផងដែរ។
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ស្ថិតនៅក្នុងចំណោមគោលនយោបាយចំនួន៥របស់រដ្ឋាភិបាល ដើម្បីជំរុញដល់ការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ ឲ្យមានប្រសិទ្ធិភាព ក្នុងទិសដៅអភិវឌ្ឍន៍ប្រទេស។នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
ហ៊ុន សែន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com