សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​វាយប្រហារ​លើ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​សិង្ហ​បុរី​ពាក់ព័ន្ធ​នឹង​ករណី​ពាណិជ្ជកម្ម​កៅស៊ូ​
20, Apr 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​ចិន​បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ចាត់វិធានការ​ជា​បណ្ដោះអាសន្ន​ប្រឆាំងនឹង​ការលក់ទំនិញ​បង្ខូច​ថ្លៃ​ចំពោះ​កៅស៊ូ​សំយោគ​ដែល​នាំចូល​មកពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សិង្ហ​បុរី​។​



​ករណីនេះ​អាច​បង្ក​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​កាន់តែ​តានតឹង​បន្ថែមទៀត ដោយ​ភាគី​នីមួយៗ​បាន​គំរាម​គ្នា​ទៅវិញទៅមក​ក្នុង​ការយក​ពន្ធគយ​បន្ថែមទៀត​លើ​ទំនិញ​ផ្សេងៗ​ដែលមាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​ឡើងវិញ​ថា ភាគី​ទាំងពីរ​មិនបាន​ចរចា​គ្នា​លើ​បញ្ហា​នេះ​នោះទេ ដែល​នេះ​ជា​អ្វី​ផ្ទុយ​ពី​ការអះអាង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​សប្ដាហ៍​មុន​ដែលថា ភាគី​ទាំង​ពីរបាន «​ពិភាក្សាគ្នា​យ៉ាង​ប្រសើរ​» អំពី​បញ្ហា​ពាណិជ្ជកម្ម​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោក Gao Feng បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​ភាគី​ទាំងពីរ​មិនបាន​ធ្វើការ​ពិភាក្សា​ទ្វេភាគី​ណាមួយ​អំពី​ការស៊ើបអង្កេត​ផ្អែកលើ​មាត្រា​ទី ៣០១ នៃ​ច្បាប់ពាណិជ្ជកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក ឬក៏​អំពី​បញ្ជី​ទំនិញ​ចិន​ដែល​ត្រូវយក​ពន្ធ​ដែល​បានស្នើ​ឡើង​របស់​សហរ​ដ្ឋ​អាមេរិក​នោះទេ​»​។​

​ការស៊ើបអង្កេត​ផ្អែកលើ​មាត្រា​ទី ៣០១ នៃ​ច្បាប់ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ផ្ដោតលើ​អ្វីដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅថា ការរំលោភ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​លើ​កម្មសិទ្ធិបញ្ញា ដែល​ក្នុងនោះ​មាន​ទាំង​ការមិន​គោរព​ចំពោះ​ម្ចាស់​ប៉ាតង់​បរទេស​ផងដែរ​។​

​សហរដ្ឋអាមេរិក និង​ប្រទេស​សិង្ហ​បុរី​គឺជា​ប្រភពធនធាន​កៅស៊ូ​សំយោគ​បរទេស​ដ៏​ចម្បង​បំផុត​របស់​ប្រទេស​ចិន ដោយ​ចិន​នាំចូល​កៅស៊ូ​សំយោគ​នេះ​ពី​សហរដ្ឋអាមេរិក​សរុប​ចំនួន ១៥៣ លាន​ដុល្លារ​អាមេរិក និង​ពី​សិង្ហ​បុរី​សរុប​ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com